ព្រះចៅអធិរាជ កុងស្តង់ទីន (Constantine) និង ម្ចាស់ក្សត្រី ហេលេណា (Helena) ដ៏វិសុទ្ធ
THE HOLY EMPEROR CONSTANTINE AND EMPRESS HELENA

ព្រះចៅអធិរាជកុងស្តង់ទីន ជាបុត្ររបស់ព្រះចៅអធិរាជ កុងស្តង់ស៊ីអ៊ូស ក្លូរ៉ូស (Constantius Chlorus) និងម្ចាស់ក្សត្រីហេលេណា។ ក្លូរ៉ូស មានកូនជាមួយប្រពន្ធផ្សេងទៀត ប៉ុន្តែមានកូនតែមួយគត់ជាមួយព្រះនាងហេលេណា គឺកុងស្តង់ទីន។ ក្រោយពេលឡើងសោយរាជ្យ កុងស្តង់ទីនបានប្រយុទ្ធប្រកបដោយជ័យជំនះក្នុងសមរភូមិសំខាន់ៗចំនួនបីដូចជា៖
- សមរភូមិទី១ ប្រឆាំងនឹងម៉ាក់សង់ទ្យុស (Maxentius) អ្នកផ្តាច់ការរ៉ូម៉ាំង
- សមរភូមិទី២ ប្រឆាំងនឹងជនជាតិស៊ីធីយ៉ាន់ (Scythians) នៅតំបន់ដានូប
- សមរភូមិទី៣ ប្រឆាំងនឹងជនជាតិប៊ីហ្សង់ទីន
មុនពេលសមរភូមិជាមួយម៉ាក់សង់ទ្យុស ពេលដែល កុងស្តង់ទីន កំពុងមានការព្រួយបារម្ភ និងសង្ស័យអំពីភាពជោគជ័យរបស់គាត់ ឈើឆ្កាងដ៏អស្ចារ្យមួយបានបង្ហាញខ្លួនដល់គាត់នៅលើមេឃនៅពេលថ្ងៃ ដែលតុបតែងដោយផ្កាយ។នៅលើឈើឆ្កាងមានសរសេរថា៖ «ដោយសញ្ញានេះអ្នកនឹងមានជ័យជំនះ»។ ដោយភ្ញាក់ផ្អើល អធិរាជបានបញ្ជាឱ្យធ្វើឈើឆ្កាងដ៏ធំមួយ ដូចជាឈើឆ្កាងដែលបានលេចចេញលើមេឃមក ហើយលើកវានាំមុខកងទ័ពចូលទៅក្នុងសមរភូមិ។
ដោយអំណាចឈើឆ្កាង អធិរាជបានឈ្នះសង្គ្រាមយ៉ាងផ្តាច់ព្រ័ត្រ ហើយម៉ាក់សង់ទ្យុសស្លាប់ក្នុងទន្លេទីបេរ។ ក្រោយមក ក្នុងឆ្នាំ៣១៣ អធិរាជ បានចេញ ក្រឹត្យដ៏ល្បីល្បាញនៃទីក្រុងមីឡាន ដើម្បីបញ្ឈប់ការបៀតបៀនគ្រីស្ទាន។ បន្ទាប់ពីឈ្នះលើ ចក្រភព ប៊ីហ្សង់ទីន អធិរាជកុងស្តង់ទីន បានសាងសង់រាជធានីដ៏ស្រស់ស្អាតនៅលើច្រកសមុទ្រ បុសហ្វូរុស (Bosphorus) ដែលចាប់ពីពេលនោះមក ត្រូវបានគេហៅថា ក្រុងកុងស្តង់ទីនូប៊ល (Constantinople)។ មុននឹងសាងសង់ក្រុងនេះ កុងស្តង់ទីនបានឈឺដោយជម្ងឺឃ្លួង។ ពួកបូជាចារ្យសាសនាដ៏ទៃបានណែនាំឱ្យអធិរាជងូតទឹកឈាមកុមារដែលគេសម្លាប់ ប៉ុន្តែអធិរាជបដិសេធ។ ពេលនោះ សាវ័កពេត្រុស និងប៉ុល បានបង្ហាញខ្លួនដល់អធិរាជ ហើយប្រាប់ឱ្យលោករក សម្តេចប៊ីស្សបស៊ីលវេស្ទ័រ (Bishop Sylvester)។ សម្តេចប៊ីស្សបបានបង្រៀនអធិរាជ អំពីជំនឿគ្រីស្ទ ហើយបានធ្វើពិធីជ្រមុជទឹកដល់លោក ហើយអធិរាជក៏បានជាសះស្បើយពីជម្ងឺ។
នៅពេលដែលមានការឈ្លោះប្រកែកក្នុងព្រះសហគមន៍ ដោយសារការបង្រៀនខុសឆ្គងរបស់ អារីយុស (Arius) អធិរាជបានកោះប្រជុំក្រុមប្រឹក្សាទីមួយ (First Ecumenical Council) នៅទីក្រុងនីគីអា (Nicaea) ក្នុងឆ្នាំ ៣២៥ គ.ស. ដែលការបង្រៀនខុសឆ្គងរបស់ អារីយុស ត្រូវបានថ្កោលទោសហើយ ជំនឿអរតូដុក្ស(ជំនឿដើម) បានបញ្ជាក់។
ព្រះនាងហេលេណា ដែលជាមាតាដ៏គួរឱ្យគោរពរបស់ព្រះចៅអធិរាជ មានជំនឿលើព្រះគ្រីស្ទ ពេញដោយចិត្តស្រលាញ់ខ្នះខ្នែង។ ព្រះនាងបានទៅទីក្រុងយេរូសាឡិម បានរកឃើញឈើឆ្កាងដ៏ពិសិដ្ឋរបស់ព្រះអម្ចាស់ ហើយបានសាងសង់ព្រះវិហារនៃការរស់ឡើងវិញ (Church of the Resurrection) នៅលើភ្នំ ហ្គលហ្គស់ថា (Golgotha) និង ព្រះវិហារផ្សេងទៀតជាច្រើននៅទូទាំងដែនដីបរិសុទ្ធនេះ។ ព្រះនាងបានទទួលមរណភាពក្នុងព្រះជន្ម៨០វស្សា (ឆ្នាំ៣២៧)។ ចំណែកព្រះចៅអធិរាជកុងស្តង់ទីន បានសោយទិវង្គតក្នុងឆ្នាំ៣៣៧ ហើយសពអធិរាជ ត្រូវបានបញ្ចុះនៅ ព្រះវិហារសាវ័កទាំង១២ (Church of the Twelve Apostles) ក្នុងក្រុងកុងស្តង់ទីនូប៊ល។
