សត្ត ស៊ីមេអូន (Simeon) អ្នកបួសប្រកាសដំណឹងល្អពីសសរខ្ពស់ នៅលើភ្នំអច្ឆរិយៈ
THE VENERABLE SIMEON THE STYLITE OF THE WONDERFUL MOUNTAIN

សត្តដ៏អស្ចារ្យនេះបានកើតនៅក្រុងអង់ទីយ៉ុក (Antioch) ក្នុងឆ្នាំ៥២២ នៃគ.ស.ក្នុងរាជ្យ ព្រះចៅអធិរាជចាស្ទីន ដែលជាពូបង្កើត របស់អធិរាជ ចាស្ទីញាន។ ឪពុករបស់លោកស្លាប់ក្នុងការរញ្ជួយដី ហើយលោកនៅសល់តែម្តាយឈ្មោះម៉ាថា (Martha)។ កាលអាយុ ៦ឆ្នាំ សត្ត ស៊ីមេអូនបានចាកចេញទៅរស់នៅវាលរហោឋានជាមួយព្រឹទ្ធាចារ្យឈ្មោះ យ៉ូហាន (John) ដែលបានណែនាំឲ្យលោករស់នៅក្នុងជីវិតជាអ្នកបួសដ៏តឹងរឹង ដោយការតមនិងការអធិស្ឋាន ដែលធ្វើឲ្យអស់អ្នកដែលឃើញបានស្ញប់ស្ញែង។
លោកបានអត់ទ្រាំនឹងការល្បួងដ៏សាហាវពីអារក្ស ហើយទទួលបានសេចក្តីសង្ឃឹម និងការ មើលថែនិងព្រះគុណយ៉ាងធំពីព្រះអម្ចាស់ និងពីទេវទូត។ ព្រះគ្រីស្តបានបង្ហាញខ្លួនដល់លោកក្នុងរូបរាងជាយុវជនដ៏សង្ហាម្នាក់។ ក្រោយពីកាមើលឃើញនេះ សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះគ្រីស្តបានកាន់តែឆេះឆួលក្នុងដួងហ្ឫទ័យរបស់លោក។ លោកបានចំណាយពេលជាច្រើនឆ្នាំលើសសរខ្ពស់មួយ ដោយអធិស្ឋាននិងសូត្រទំនុកដំកើងដល់ព្រះ។ក្រោមការណែនាំពីព្រះ លោកបានចាកចេញទៅភ្នំមួយដែលហៅថា “អច្ឆរយៈ”។ ដោយសារឈ្មោះភ្នំនេះ លោកត្រូវបានគេហៅថា “ស៊ីមេអូន អ្នកបួសដែលគង់លើសសរខ្ពស់ នៅលើភ្នំអច្ឆរយៈ”។
ដោយសារសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់លោកចំពោះព្រះ លោកបានទទួលព្រះគុណពិសេស ដែលអាចព្យាបាលជំងឺទាំងអស់ បង្ក្រាបសត្វពាហនៈ ឃើញទីឆ្ងាយ និងមើលឃើញអ្វីៗក្នុងដួងចិត្តមនុស្ស។ លោកបានចេញពីរាងកាយដើម្បីទស្សនាឋានសួគ៌ និងសន្ទនាជាមួយទេវទូត។ លោកបានធ្វើឲ្យអារក្សខ្លាច និងបណ្តេញវាចេញ ព្យាករណ៍អនាគត រស់នៅដោយមិនដេកអស់៣០ថ្ងៃ ហើយពេលខ្លះអត់អាហារអស់ពេលយូរ ដោយទទួលជីវជាតិពីព្រះហស្ថទេវទូត។ ព្រះបន្ទូលរបស់ព្រះគ្រីស្តបានសំរេចយ៉ាងពេញលេញនៅក្នុងលោក៖
«ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយនឹងធ្វើកិច្ចការធំជាងនេះទៅទៀត» (យ៉ូហាន ១៤:១២)។ ក្នុងឆ្នាំ៥៩៦ នៃគ.ស. កាលអាយុ៧៥ឆ្នាំ សត្ត ស៊ីមេអូន បានចាកចេញពីលោកនេះ ដើម្បីទៅរីករាយពេលឃើញព្រះភ័ក្ត្រព្រះជាម្ចាស់ ជាមួយពួកទេវទូតអស់កល្បជានិច្ច។
