សត្តបុគ្គលនៃ ថ្ងៃទី30 ខែឧសភា

 VENERABLE ISAAC, THE CONFESSOR


ក្នុងរាជ្យរបស់ចៅអធិរាជវ៉ាឡង់ (Valens) ពួកអារីអ៊ូស (Arians) ដោយមានជំនួយពីចៅអធិរាជបានបន្តបៀតបៀនយ៉ាងឃោរឃៅលើអ្នករក្សាជំនឿអរតូដុក្ស (Orthodoxy ជំនឿដើម/ជំនឿពិត)។ ពេលសត្តអ៊ីសាក ដែលជាអ្នកបួសរស់នៅកណ្ដោចកណ្ដែងម្នាក់ នៅទិសខាងកើត បានស្ដាប់លឺដំណឹងអំពីការបៀតបៀននេះ ក៏បានចាកចេញពីទីវាលរហោឋាន មកកាន់ទីក្រុងកុងស្តង់ទីនូប៉ុល (Constantinople) ដើម្បីលើកទឹកចិត្តអ្នកមានជំនឿស្មោះស្ម័ក និងរិះគន់ពួកបង្រៀនខុសឆ្គង (heretics)។

នៅពេលនោះដែរ ចៅអធិរាជវ៉ាឡង់បានយាងទៅភាគខាងជើងជាមួយនឹងកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកហ្គោត (Goths) ដែលបានចុះមកពីទន្លេដានូប (Danube) ឆ្ពោះទៅដែនថ្រេស (Thrace)។ សត្តអ៊ីសាកបានឈរប្រឈមមុខជាមួយចៅអធិរាជ
ហើយមានប្រសាសន៍ថា៖
“ឱ ចៅអធិរាជ! សូមបើកព្រះវិហាររបស់ពួកអ្នកមានជំនឿអរតូដុក្សឡើងវិញ ព្រះជាម្ចាស់នឹងប្រទានពរដល់ផ្លូវរបស់អ្នក!”

ចៅអធិរាជមិនអើពើនឹងសត្តជរានោះទេ ហើយបន្តដំណើរទៅមុខ។ ថ្ងៃបន្ទាប់ សត្តអ៊ីសាកបានរត់មកឈរនៅមុខចៅអធិរាជម្ដងទៀត ហើយព្រមានដដែលៗ។ ចៅអធិរាជស្ទើរតែយល់ព្រម ប៉ុន្តែមានមនុស្សម្នាក់ជាអ្នកប្រឹក្សារបស់ទ្រង់ ដែលជាអ្នកគាំទ្រពួកខុសឆ្គងអារីអ៊ូស បានរារាំងទ្រង់។ នៅថ្ងៃទី៣ សត្តអ៊ីសាកបានចាប់ខ្សែបរ សេះរបស់ចៅអធិរាជ ហើយអង្វរសុំឱ្យទ្រង់ផ្ដល់សេរីភាពដល់ព្រះសហគមន៍ និងព្រមានថា បើទ្រង់មិនព្រម ទ្រង់នឹងទទួលទណ្ឌកម្មពីព្រះជាម្ចាស់។ ព្រះចៅអធិរាជខឹងយ៉ាងខ្លាំង ហើយបញ្ជាឱ្យគេចាប់សត្តជរានោះចោលទៅក្នុងរណ្តៅភក់ និងបន្លាស្រួច។ ប៉ុន្តែ ទេវទូត (angels) បីនាក់បានបង្ហាញខ្លួនឡើង ហើយជួយ ដោះសត្តនោះចេញពីរណ្តៅ។ នៅថ្ងៃទី៤ សត្តអ៊ីសាកបានមកឈរនៅមុខចៅអធិរាជម្ដងទៀត ហើយបានព្យាករណ៍អំពីមរណភាពដ៏អាក្រក់ដល់ទ្រង់ ប្រសិនបើទ្រង់មិនព្រមផ្ដល់សេរីភាពដល់ពួកគ្រីស្ទានអរតូដុក្សថា៖
“ខ្ញុំនិយាយទៅកាន់អ្នក ឱ ចៅអធិរាជអើយ! អ្នកនឹងនាំកងទ័ពទៅប្រយុទ្ធនឹងពួកព្រៃផ្សៃ (barbarians) តែអ្នកនឹងមិនអាចទ្រាំនឹងការវាយប្រហាររបស់ពួកគេបានទេ។ អ្នកនឹងរត់គេច តែនឹងត្រូវគេចាប់បាន ហើយដុតសម្លាប់ទាំងរស់!”

ហេតុការណ៍នោះក៏កើតឡើងយ៉ាងដូច្នោះមែន។ ពួកព្រៃផ្សៃបានកាប់សម្លាប់កងទ័ពក្រិកដូចកាត់ស្មៅ ហើយចៅអធិរាជ ព្រមទាំងអ្នកប្រឹក្សារបស់ទ្រង់ដែលេជឿអារីអ៊ូស បានរត់គេច ហើយលាក់ខ្លួនក្នុងធុងមួយ។ ពួកព្រៃផ្សៃបានមកដល់កន្លែងនោះ ហើយដឹងថាចៅអធិរាជលាក់ខ្លួននៅទីនោះ ក៏បានហ៊ុមព័ទ្ធហើយដុតធុងនោះ។ ទាំងចៅអធិរាជ និងអ្នកប្រឹក្សាត្រូវបានដុតសម្លាប់ទាំងរស់។ បន្ទាប់ពីនោះ ព្រះចៅអធិរាជ ថេអូដូស៊ី ដ៏មហារុងរឿង (Theodosius the Great) ត្រូវបានឡើងគ្រងរាជ្យ។ អធិរាជ បានឮអំពីការព្យាករណ៍របស់សត្តអ៊ីសាក និងព្រឹត្តកាការដែលបានកើតឡើងតាមការព្យាករណ៍ ក៏ចាត់ហៅសត្តនោះមក ហើយក្រាបគោរពលោក។ ដោយសារសន្តិភាពត្រូវបានមានឡើងវិញ លើព្រះសហគមន៍ ហើយពួកអារីអ៊ូសត្រូវបាននិរទេសចេញ សត្តអ៊ីសាកចង់ត្រឡប់ទៅវាលរហោឋានវិញ ប៉ុន្តែត្រូវបានគេអង្វរឱ្យនៅក្នុងទីក្រុងកុងស្តង់ទីនូប៉ុល។

មានអ្នកអភិជនម្នាក់ឈ្មោះសាទូរីនុស (Saturninus) បានសាងសង់សង្ឃស្ថាន (monastery) មួយសម្រាប់សត្តអ៊ីសាក ដែលលោកបានរស់នៅដោយការបំពេញតបៈ (asceticism) រហូតដល់ពេលសោយសុគត ហើយបានធ្វើអព្ភូតហេតុជាច្រើន។ សង្ឃស្ថាននេះក៏ពេញទៅដោយសង្ឃ ហើយក្លាយជាសង្ឃស្ថានដ៏ធំមួយ។ មុនពេលសោយសុគត សត្តអ៊ីសាកបានតែងតាំងដាល់ម៉ាទុស (Dalmatus) ដែលជាសាវ័ករបស់លោក ឲ្យជាព្រឹទ្ធាចារ្យធំ ហើយសង្ឃស្ថាននេះក៏ត្រូវបានគេហៅតាមឈ្មោះរបស់គាត់ក្រោយមក។

សត្តអ៊ីសាក ដ៏ពេញព្រះហរទ័យនៃព្រះជាម្ចាស់ បានចូលទៅកាន់ភាពអមតៈនៅឆ្នាំ ៣៨៣ នៃគ្រិស្តសករាជ ដើម្បីមានអំណរនឹងការមើលព្រះភ័ក្ត្រព្រះជាម្ចាស់។