សត្តបុគ្គលនៃ ថ្ងៃទី1 ខែមិថុនា

 The Holy Martyr Justin the Philosopher


យ៉ូស្ទីន (Justin) បានកើតក្នុងគ្រួសារជនជាតិក្រិកនៅទីក្រុងស៊ីគេម (Shechem) នៃតំបន់សាម៉ារី​ ដែលក្រោយមកត្រូវបានគេហៅថា ណាប្លូស (Nablus) ១០៥ ឆ្នាំក្រោយពីសម័យកាលព្រះគ្រិស្ត ។
គាត់បានស្វែងរកប្រាជ្ញាយ៉ាងស្វះស្វែងក្នុងចំណោមពួកទស្សនវិទូទាំងឡាយ ដំបូងជាមួយពួកស្តូអ៊ិក
(Stoics) បន្ទាប់មកពួកពេរីផាតិត (Peripatetics) ពួកពីថាហ្គ័រ (Pythagoreans)
ហើយចុងក្រោយពួកផ្លាតុន (Platonists)។

ទោះបីទស្សនៈរបស់ផ្លាតុនមិនអាចធ្វើឱ្យគាត់ពេញចិត្តក៏ដោយ គាត់នៅតែជាប់ជាមួយវាយូរបំផុត
ដោយមិនទាន់ឃើញមានទស្សនវិជ្ជាផ្សេង ដែលទាក់ទាញជាងនេះ។តាមព្រះហឫទ័យនៃព្រះជាម្ចាស់ យ៉ូស្ទីនបានជួបនឹងព្រឹទ្ធាចារ្យម្នាក់ដ៏គួរឱ្យគោរព ដែលបានរង្គើរជំនឿរបស់គាត់លើទស្សនៈផ្លាតុន និងបានអោយគាត់យល់ថា មនុស្សមិនអាចដឹងពីសេចក្តីពិតអំពីព្រះជាម្ចាស់បានឡើយ លុះត្រាតែព្រះអង្គបង្ហាញវាដល់មនុស្ស ហើយព្រះអង្គបានបង្ហាញសេចក្តីពិតនេះតាមរយៈព្រះគម្ពីរវដ៏រិសុទ្ធ។

យ៉ូស្ទីនបានចាប់ផ្តើមអានគម្ពីរដ៏វិសុទ្ធ ហើយក្លាយជាគ្រិស្ទានដ៏មានជំនឿយ៉ាងជ្រៅជ្រះ។ ទោះយ៉ាងណា គាត់មិនទាន់ចង់ទទួលពិធីជ្រមុជទឹក ឬហៅខ្លួនឯងថាជាគ្រិស្ទាននោះទេ រហូតដល់គាត់បានយល់ដឹងច្បាស់ថា ការចោទប្រកាន់របស់ពួកជឿព្រះក្លែងក្លាយ (pagans) លើពួកគ្រិស្ទានគឺខុសឆ្គងទាំងស្រុង។គាត់បានមកកាន់ទីក្រុងរ៉ូម (Rome) ពាក់សំលៀកបំពាក់របស់ទស្សនវិទូ ហើយបានទទួលការគោរព និងមានអ្នកដើរតាមជាច្រើន។ គាត់បានមានវត្តមាន នៅពេលសត្តតូលេមី (Ptolemy) និងសត្តលូសៀន (Lucian) ត្រូវបានសំលាប់ក្នុងនាមជាមរណសាក្សី។ កាលបានឃើញការធ្វើទារុណកម្មលើពួកគ្រិស្ទានដ៏ដ៏វិសុទ្ធ យ៉ូស្ទីនបានសរសេរ «ការពារជំនឿ» (Apologia) ដើម្បីការពារពួកគ្រិស្ទាន និងការបង្រៀនរបស់ពួកគេ ហើយបាននាំយកវាទៅថ្វាយព្រះចៅ អធិរាជអង់តូនីនុស (Antoninus) និងព្រឹទ្ធសភា។

ព្រះចៅអធិរាជបានអានវាដោយយកចិត្តទុកដាក់ ហើយបានបញ្ជាឱ្យឈប់ការបៀតបៀនលើពួកគ្រិស្ទាន។យ៉ូស្ទីនបានយកច្បាប់បញ្ជា របស់ព្រះចៅអធិរាជនេះ ហើយ ធ្វើដំណើរទៅទ្វីបអាស៊ី (Asia) ដោយសារច្បាប់បញ្ជានេះ បានជួយសង្គ្រោះគ្រិស្ទានដែលកំពុងត្រូវបានគេបៀតបៀនជាច្រើន។ បន្ទាប់មក គាត់បានត្រឡប់មករ៉ូមវិញ។ នៅពេលដែលការបៀតបៀនគ្រិស្ទានផ្ទុះឡើងវិញក្រោមរាជ្យព្រះចៅអធិរាជម៉ាកុស អូរ៉េលុស (Marcus Aurelius) យ៉ូស្ទីនបានសរ សេរ «ការពារជំនឿ» មួយផ្សេងទៀត ហើយផ្ញើវាទៅឱ្យព្រះចៅអធិរាជ។ ទស្សនវិទូដែលមិនគួរឱ្យទុកចិត្តម្នាក់ ឈ្មោះគ្រេសេន (Crescens) ដែលជាស៊ីនិក(បុគ្គល​ដែល​ជឿថា​មនុស្ស​ត្រូវ​បាន​ជំរុញ​ដោយ​ផលប្រយោជន៍​ខ្លួន​ឯង​សុទ្ធ សាធ ជាជាង​ការ​ប្រព្រឹត្ត​ដោយ​ហេតុផល​កិត្តិយស ឬការ​មិន​អាត្មានិយម​) បានចោទប្រកាន់ យ៉ូស្ទីន ថាជាគ្រិស្ទាន ដោយសារការច្រណែនរបស់គាត់ ព្រោះយ៉ូស្ទីនតែងឈ្នះគាត់ក្នុងការជជែកវែកញែក។ យ៉ូស្ធីនត្រូវបានគេចាប់ដាក់គុក។

ដោយខ្លាចថាយ៉ូស្ទីននឹងពន្យល់បកស្រាយការពារខ្លួនបាននៅចំពោះមុខតុលាការ គ្រេសេនបានលួចឱ្យគាត់បរិភោគថ្នាំពុលនៅក្នុងគុក។ ដូច្នេះ ជីវិតផែនដីរបស់អ្នកការពារជំនឿគ្រិស្ទាន ដ៏អស្ចារ្យនេះ បានបញ្ចប់ដោយការសុគតជាមរណសាក្សី ហើយគាត់បានចូលទៅកាន់ភាពអមតៈដ៏មានព្រះពនៅឆ្នាំ ១៦៦ នៃគ្រិស្តសករាជ។