សត្តបុគ្គលនៃ ថ្ងៃទី2 ខែមិថុនា

 Saint Nicephorus, Confessor and Patriarch of Constantinople


សត្តនីកេហ្វ័រ កើតក្នុងគ្រួសារអភិជន នៅទីក្រុងកុងស្តង់ទីនូប៉ុល។ ឪពុករបស់គាត់ ឈ្មោះថេអូដ័រ (Theodore) ជាមន្ត្រីជាន់ខ្ពស់នៃបរមរាជវាំង មានទ្រព្យសម្បត្តិច្រើន និងមានជំនឿមោះមុត។ នីកេហ្វ័របានបម្រើការនៅបរមរាជវាំងអស់រយៈពេលជាច្រើនឆ្នាំ ដូចឪពុករបស់គាត់ដែរ។ ប៉ុន្តែ ដោយឃើញនូវភាពឥតប្រយោជន៍ នៃលោកិយនេះ គាត់បានចាកចេញទៅរស់នៅជាយឆ្នេរសមុទ្របូស្វ័រ
(Bosphorus) ហើយបានបង្កើតសង្ឃស្ថាន មួយ។

សង្ឃស្ថាននេះបានពេញដោយសង្ឃយ៉ាងឆាប់រហ័ស ហើយគាត់បានគ្រប់គ្រងវាប៉ុន្តែគាត់នៅតែមិនព្រមទទួលការបំបួស (tonsure) ដោយលោកបានថាខ្លួនមិនល្អគ្រប់គ្រាន់ ទោះបីគាត់ជាគំរូល្អសម្រាប់អ្នកដទៃក៏ដោយ។ មុនពេលនោះ គាត់បានចូលរួមក្នុង ក្រុមប្រឹក្សាសាកលលោកលើកទី៧ (Seventh Ecumenical Council, Nicea ៧៨៧ គ.ស.) ជាជនសាម័ញ្ញ តាមបំណងរបស់ព្រះចៅអធិរាជ និងសម្ដេចប៉ាទ្រីអាក្ខ ហើយក្រុមប្រឹក្សានោះបានទទួលអត្ថប្រយោជន៍យ៉ាងខ្លាំងពីចំណេះដឹងជ្រៅជ្រះរបស់គាត់អំពីគម្ពីរដ៏វិសុទ្ធ។

នៅពេលសម្ដេចប៉ាទ្រីអាក្ខ តារាស៊ីអ៊ូស (Tarasius) សោយទិវង្គត នីកេហ្វ័រ ត្រូវបានជ្រើសរើសជាសម្ដេចប៉ាទ្រីអាក្ខ ទោះបីគាត់មិនចង់ក៏ដោយ។ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសនៅឆ្នាំ ៨០៦ គ.ស. គាត់បានទទួលការបំបួស ហើយក៏ទទួលតំណែងសាសនាទាំអអស់​ នៅពេលនៅបន្តបន្ទាប់ផងដែរ។

គាត់ត្រូវបានតែងតាំងជាសម្ដេចប៉ាទ្រីអាក្ខនៅព្រះវិហារព្រះប្រាជ្ញាដ៏វិសុទ្ធ (Hagia Sophia)។ ព្រឹត្តិការណ៍នេះកើតឡើងក្នុងរាជ្យព្រះចៅអធិរាជនីកេហ្វ័រ (Nicephorus) ដែលបន្ទាប់ពីពិធីតែងតាំងនេះបានកើតឡើង ទ្រង់បានចេញទៅប្រយុទ្ធនឹងពួកប៊ុលហ្គារី (Bulgarians) ហើយត្រូវបានគេសម្លាប់។ បុត្ររបស់ទ្រង់ ស្តូរ៉ាគីអ៊ូស (Stauracius) បានឡើងសោយរាជ្យតែ ២ ខែប៉ុណ្ណោះ ហើយសោយទិវង្គត។ បន្ទាប់មក ព្រះចៅអធិរាជដ៏ល្អម្នាក់ ឈ្មោះមីខាអែល រ៉ាំងហ្គា (Michael Rangabe) បានសោយរាជ្យ ត្រឹមតែ ២ ឆ្នាំ មុនពេល លីអូ ជនជាតិ អាមេនី (Leo the Armenian) ផ្តួលរំលំបល្ល័ង្កទ្រង់ ហើយនិរទេសទ្រង់ចេញ។

នៅពេលលីអូ ជនជាតិអាមេនី ត្រូវពាក់ម្កុដឡើងគ្រងរាជ្យ សម្ដេចប៉ាទ្រីអាក្ខនីកេហ្វ័របានផ្ញើសៀវភៅ សក្ខីភាពនៃ ជំនឿ អរតូ ដុក្ស  (Orthodox Confession of Faith) ឱ្យទ្រង់ចុះហត្ថលេខា (ដែលយោងតាមច្បាប់ទម្លាប់របស់អធិរាជប៊ីហ្សង់ទីនទាំងអស់ ការសរសេរហត្ថលេខានេះ ត្រូវបានចាត់​ទុក​ថា​ជា​សច្ចាមួយ​ ដែលស្បថថា​ពួកគេ​នឹង​ប្រកាន់ផ្ជាប់ និង​ការពារ​សេចក្ដី​ជំនឿ​ពិត)។ ព្រះចៅអធិរាជមិនបានចុះហត្ថលេខាភ្លាមឡើយ ហើយពន្យាពេលរហូបដល់ទ្រង់បានឡើងគ្រងរាជ្យហើយ។ ប៉ុន្តែ បន្ទាប់ពីពិធីឡើងគ្រងរាជ្យ លីអូ​ជនជាតិអាមេនីបានបដិសេធចុះហត្ថលេខា ហើយបានបង្ហាញខ្លួនជាអ្នកប្រឆាំងរូបអាយខន (iconoclast)។

សម្ដេចប៉ាទ្រីអាក្ខបានព្យាយាមណែនាំ និងដឹកនាំអធិរាជត្រឡប់មកជំនឿពិតវិញ ប៉ុន្តែឥតប្រយោជន៍ឡើយ។ ចៅអធិរាជបានបង្ខំនិរទេសសត្តនីកេហ្វ័រ ទៅកោះព្រូកុនណេសុស (Proconnesus) ដែលគាត់បានរស់នៅទីនោះអស់រយៈពេល ១៣ ឆ្នាំ ដោយអត់ទ្រាំនឹងការលំបាក និងកង្វះខាតគ្រប់បែបយ៉ាង។ គាត់បានចូលទៅកាន់ភាពអមតៈនៅឆ្នាំ ៨២៧ គ.ស.។ គាត់បានគ្រប់គ្រងព្រះសហគមន៍របស់ព្រះគ្រិស្តជាសម្ដេចប៉ាទ្រីអាក្ខអស់រយៈពេល ៩ ឆ្នាំ។