សត្តបុគ្គលនៃ ថ្ងៃទី3 ខែមិថុនា

 THE HOLY MARTYR LUCILLIAN AND THOSE WITH HIM: CLAUDIUS, HYPATIUS, PAUL, DIONYSIUS AND THE VIRGIN PAULA


សត្តលូស៊ីលីយ៉ាន បានចំណាយវ័យជាបូជាចារ្យនៃសាសនាព្រះក្លែងក្លាយ (pagan) ប៉ុន្តែកាលគាត់មានវ័យចំណាស់ស្កូវ គាត់បានយល់ដឹងពីសេចក្តីពិតនៃគ្រីស្ទសាសនា ហើយបានទទួលពិធីជ្រមុជទឹក។ ការប្រែជឿមកគ្រីស្ទសាសនារបស់គាត់ បានធ្វើឱ្យអ្នកកាន់សាសនាព្រះក្លែងក្លាយ នៅនីកូមីឌា (Nicomedia) មានការរំខានចិត្តយ៉ាងខ្លាំង ហើយគាត់ត្រូវបានគេយកមកជំនុំជម្រះ។ ដោយសារគាត់បដិសេធមិនច្រានចោលជំនឿថ្មីរបស់គាត់ សត្តលូស៊ីលីយ៉ានត្រូវបានគេវាយដំយ៉ាងឃោរឃៅ រហូតដល់ស្បែកជាំពេញខ្លួន ហើយត្រូវបានបោះចូលក្នុងគុក ។ នៅក្នុងគុក គាត់បានជួបនឹងយុវជនចំនួនបួននាក់៖
ក្លូឌីយ៉ូស, ហ៊ីប៉ាទ្យ៍, ប៉ូល និងឌីយ៉ូនីស្យ៍ ដែលក៏ត្រូវបានឃុំឃាំងដោយសារជំនឿរបស់ពួកគេលើព្រះយេស៊ូគ្រីស្ទដែរ។

បុរសចំណាស់ម្នាក់នេះមានអំណរយ៉ាងខ្លាំងចំពោះយុវជនទាំងនោះ ហើយពួកគេក៏មានអំណរចំពោះគាត់ដូច្នោះដែរ។ ពួកគេបានចំណាយពេលរួមគ្នាក្នុងការសន្ទនាដ៏ខ្មីឃ្មាតអំពី ការអធិស្ឋាន និងការច្រៀងទំនុកដំកើង។ នៅពេលដែលពួកគេត្រូវបានដឹកចេញពីគុក ពួកគេត្រូវបានគេធ្វើទារុណកម្មតាមវិធីផ្សេងៗ
ហើយទីបំផុតត្រូវបានគេផ្ញើទៅក្រុងប៊ីហ្សង់ទីន (Byzantium)។ នៅទីនោះ ទាហានបានកាត់ក្បាលក្លូឌីយ៉ូស, ហ៊ីប៉ាទ្យ៍, ប៉ូល និងឌីយ៉ូនីស្យ៍ ហើយសត្តលូស៊ីលីយ៉ានត្រូវបានគេឆ្កាងដោយពួកជ្វីហ្វ។

ពួកជ្វីហ្វដ៏អាក្រក់បានដោតដែកគោលពេញរាងកាយរបស់គាត់។ ស្ត្រីព្រហ្មចារីម្នាក់ឈ្មោះប៉ូឡា បានយក សពរបស់មរណសាក្សីទាំងនោះដោយបើកចំហ ហើយបានធ្វើពិធីបុណ្យសពដោយកិរិយាគោរពសម្រាប់ពួកគាត់។ ដោយសារការនេះ នាងត្រូវបានគេថ្កោលទោស ហើយបន្ទាប់ពីត្រូវបានគេធ្វើទារុណកម្ម នាងត្រូវបានគេកាត់ក្បាល ហើយទទួលបានមកុដពីរពីព្រះអម្ចាស់៖ មកុដនៃការរក្សាព្រហ្មចារីភាព និងមកុដនៃមរណសាក្សី។ ការធ្វើមរណកម្មរបស់ពួកគេបានកើតឡើងក្នុងរាជ្យរបស់អធិរាជអូរ៉េលីយ៉ាន់ (Aurelian) ចន្លោះឆ្នាំ២៧០-២៧៥ នៃគ.ស។