សត្តបុគ្គលនៃ ថ្ងៃទី11 ខែមិថុនា

THE HOLY APOSTLE BARTHOLOMEW


សត្តបារថូ‌ឡូមេ (Bartholomew) គឺជាសាវ័កដ៏វិសុទ្ធមួយរូបក្នុងចំណោមសាវ័កធំទាំងដប់ពីរ។ យ៉ាងណាមិញ វាហាក់ដូចជា បារថូ‌ឡូមេ និងណាថានីអែល (Nathaniel) គឺជាមនុស្សតែមួយ។ រួមគ្នាជាមួយសត្តសាវ័កភីលីព (Philip) និងស្ត្រីព្រហ្មចារី មារីអាមណា (Mariamna) ដែលជាបងស្រីរបស់គាត់ ហើយពេលខ្លះជាមួយសត្តសាវ័ក យ៉ូហាន អ្នក​ទ្រឹស្ដី (John the Theologian) សត្តបារថូ‌ឡូមេបានផ្សាយដំណឹងល្អដំបូងនៅទូទាំងតំបន់អាស៊ី បន្ទាប់មកនៅឥណ្ឌា ហើយចុងក្រោយនៅអាមេនី ដែលគាត់បានសុគតជាមរណសាក្សី។


នៅក្រុងហៀរ៉ាប៉ូលីស (Hierapolis) សាវ័កវិសុទ្ធទាំងនេះបានអធិស្ឋានអោយពស់ធំមួយ ដែលពួកគោរពព្រះក្លែងក្លាយ និយមចិញ្ចឹមនៅក្នុងវិហាររបស់ពួកគេហើយថ្វាយបង្គំវា ស្លាប់។ នៅក្រុងដដែលនេះ ពួកគាត់បានអធិស្ឋានឱ្យស្តាគ្យុស (Stachius) ដែលភ្នែកខ្វាក់អស់រយៈពេលសែសិបឆ្នាំ មានភ្នែកភ្លឺឡើងវិញ។ នៅទីនេះដែរ ហ្វូងមនុស្សបានក្រោកបះបោរប្រឆាំងនឹងពួកគាត់ ហើយឆ្កាងសត្តភីលីព និងសត្តបារថូ‌ឡូមេ (ដោយសត្តបារថូ‌ឡូមេត្រូវបានឆ្កាងដោយដាំក្បាលចុះក្រោម)។ នៅពេលនោះ ក៏មានរញ្ជួយផែនដីដ៏ខ្លាំងក្លាបណ្តាលឱ្យចៅក្រមដ៏ឃោរឃៅ និងមនុស្សជាច្រើនស្លាប់។ ដោយមានអារម្មណ៍ថានេះជាទណ្ឌកម្មពីព្រះជាម្ចាស់ មនុស្សជាច្រើនបានរត់មកដកសាវ័កពីឈើឆ្កាង ប៉ុន្តែសត្តភីលីពបានសុគតហើយ ខណៈសត្តបារថូ‌ឡូមេនៅមានជីវិត។


បន្ទាប់ពីនោះ សត្តបារថូ‌ឡូមេបានធ្វើដំណើរទៅឥណ្ឌា ដែលគាត់បានផ្សាយដំណឹងល្អ និងបកប្រែព្រះគម្ពីរដំណឹងល្អរបស់សត្តម៉ាថាយ (Matthew) ទៅជាភាសាឥណ្ឌា។ បន្ទាប់មក គាត់បានចូលទៅអាមេនី ដែលគាត់បានព្យាបាលរាជបុត្រីដែលមានរោគឆ្កួតរបស់ព្រះរាជា។ ប៉ុន្តែប្អូនប្រុសរបស់ស្តេច អាស្តាយ៉ាហ្ស៊េស (Astyages) ដែលច្រណែននឹងគាត់បានចាប់ខ្លួនសាវ័ករបស់ព្រះនេះ បានឆ្កាងគាត់នៅលើឈើឆ្កាង ហើយបកស្បែកគាត់ និងចុងក្រោយកាត់ក្បាលគាត់នៅក្រុងអាល់បានូប៉ូលីស (Albanopolis) [ដឺបែន (Derbend)] នៃអាមេនី។ ពួកគ្រិស្ទានបានបញ្ចុះសពគាត់ដោយកិត្តិយសក្នុងម្ឈូសដែក។ ដោយសារមានអព្ភូតហេតុជាច្រើនកើតឡើងលើសពគាត់ ពួកគោរពព្រះក្លែងក្លាយ បានលួចម្ឈូសនោះ ហើយចោលចូលទៅក្នុងសមុទ្រ។ ប៉ុន្តែទឹកបានហូរនាំម្ឈូសនោះទៅដល់កោះលីបារ៉ា (Lipara) ដែលប៊ីស្សប អាហ្គាថាន (Agathon) បានឃើញវាតាមរយៈសុបិន្តនិមិត្ត ហើយលោកបានបញ្ចុះវានៅក្នុងព្រះវិហារ។


សត្តបារថូ‌ឡូមេ ដែលស្លៀកសំលៀកបំពាក់ស បានបង្ហាញខ្លួននៅក្នុងព្រះវិហារដល់សត្តយ៉ូសែបអ្នកនិពន្ធចម្រៀង (Joseph the Hymnographer) ហើយបានប្រទានពរដល់គាត់ដោយព្រះគម្ពីរដំណឹងល្អ ដើម្បីឱ្យគាត់អាចច្រៀងចំរៀងខាងវិញ្ញាណ ដោយមានប្រសាសន៍ថា៖ «សូមឱ្យទឹកស្ថានសួគ៍នៃប្រាជ្ញាហូរចេញពី​អណ្តាត​របស់អ្នក!»។ គាត់ក៏បានបង្ហាញខ្លួនដល់ព្រះចៅអធិរាជអាណាស្តាស៊ីផងដែរ (Anastasius) (គ.ស. ៤៩១–៥១៨) ហើយប្រាប់ថាគាត់នឹងការពារទីក្រុងដារ៉ា (Dara) ដែលទើបបង្កើតថ្មី។ ក្រោយមក សពរបស់សត្តសាវ័កដ៏វិសុទ្ធនេះត្រូវបានគេយកទៅប៊ិណេវ៉េនតូ (Benevento) ហើយបន្ទាប់មកយកទៅរ៉ូម។ ហើយអព្ភូតហេតុដ៏អស្ចារ្យជាច្រើនបានកើតឡើងលើសពរបស់គាត់។