សត្តបុគ្គលនៃ ថ្ងៃទី13 ខែមិថុនា

THE HOLY FEMALE MARTYR AQUILINA


អាគីលីណា កើតនៅក្នុងទីក្រុងប៊ីប្លូស (Byblos) នៃប៉ាឡេស្ទីន ក្នុងគ្រួសារគ្រិស្ទាន ដ៏គួរគោរព។ តាំងពីអាយុ ៧ ឆ្នាំមក នាងតូចអាគីលីណាបានចាប់ផ្ដើមដឹងច្បាស់អំពីជីវិតជាគ្រិស្តសាសនិកដ៏ពិតប្រាកដ ហើយនៅអាយុ ១០ ឆ្នាំ នាងត្រូវបានព្រះវិញ្ញាណដ៏វិសុទ្ធបំពេញដោយប្រាជ្ញាពិសិដ្ឋ និងព្រះគុណ ដែលធ្វើឱ្យនាងអាចបង្រៀនអំពីព្រះគ្រិស្តដល់មិត្តស្រីៗរបស់នាងដោយអំណាច និងសេចក្ដីអង់អាច។នៅពេលដែលការបៀតបៀនពីអធិរាជឌីអូក្លេស្យង់ (Diocletian) បានចាប់ផ្ដើម ក៏មានអ្នកចោទប្រកាន់អាគីលីណានៅចំពោះវ៉ូលូស្យាន់ (Volusian) ដែលជាអ្នកគ្រប់គ្រងតំបន់ ដែលឃោរឃៅជាងសត្វ។ វ៉ូលូស្យាន់បានបញ្ជាឱ្យគេវាយអាគីលីណាដោយរំពាត់ បន្ទាប់មកឱ្យដោត ដែកក្ដៅក្រហមហុយ​ចូលតាមត្រចៀកទៅក្នុងខួរក្បាលនាង។ រហូតដល់ពេលចុងក្រោយ ស្ត្រីព្រហ្មចារីអាគីលីណានៅតែប្រកាសជំនឿចំពោះព្រះគ្រិស្តដោយសេរី និងមុតមាំ​​ ប៉ុន្តែពេលខួរក្បាល និងឈាមរបស់នាងហូរចេញពីក្បាលនាង នាងក៏ដួលសន្លប់ដូចជាស្លាប់។ អ្នកគ្រប់គ្រងគិតថានាងស្លាប់ហើយ ទើបបញ្ជាឱ្យនាំសពនាងទៅក្រៅទីក្រុង ហើយចោលលើពំនូកសំរាមសម្រាប់ឱ្យឆ្កែស៊ី។ប៉ុន្តែ នៅពេលយប់ ទេវទូតរបស់ព្រះជាម្ចាស់បានបង្ហាញខ្លួនមករកនាង ហើយមានបន្ទូលថា៖
«ចូរក្រោកឡើង ហើយជាសះស្បើយ!»
ព្រហ្មចារីអាគីលីណាបានក្រោកឡើងវិញ ហើយគ្មានរបួសអ្វីឡើយ។ នាងបានថ្វាយការថ្លែងអំណរគុណដល់ព្រះជាម្ចាស់យ៉ាងយូរ ដោយសូមឱ្យនាងបានបំពេញសក្ដានុពលនៃការក្លាយជាមរណសាក្សី។ ពេលនោះ មានសំឡេងមកពីស្ថានសួគ៌ថា៖
«ទៅចុះ! វានឹងកើតឡើងដូចដែលអ្នកសំណូមពរ!»អាគីលីណាបានចេញទៅកាន់ទីក្រុង។ ទ្វារទីក្រុងបើកដោយខ្លួនឯង ហើយនាងបានចូលទៅក្នុងរាជវាំងដូចជាវិញ្ញាណ ហើយបង្ហាញខ្លួននៅចំពោះមុខគ្រែរបស់អ្នកគ្រប់គ្រង។ វ៉ូលូស្យាន់ភ័យរន្ធត់យ៉ាងខ្លាំង ព្រោះឃើញស្ត្រីព្រហ្មចារីដែលគាត់គិតថាស្លាប់ហើយ មកឈរនៅចំពោះមុខវិញ។ ថ្ងៃបន្ទាប់ តាមបញ្ជារបស់គាត់ អ្នកប្រហារជីវិតបាននាំអាគីលីណាទៅកាត់ក្បាល។ មុនពេលត្រូវគេប្រហារ នាងបានលុតជង្គង់ចុះ អធិស្ឋានដល់ព្រះជាម្ចាស់ ហើយបានបញ្ចេញព្រលឹងទៅ។ អ្នកប្រហារ ក៏កាត់ក្បាលនាងដែលគ្មានជីវិតរួចទៅហើយ។ សពដ៏វិសុទ្ធរបស់នាងបានធ្វើឱ្យអ្នកជាច្រើនជាសះស្បើយពីជំងឺ។អាគីលីណាមានអាយុត្រឹមតែ ១២ ឆ្នាំ នៅពេលនាងបានក្លាយជាមរណសាក្សីដើម្បីព្រះអម្ចាស់។ នាងបានទទួលនូវមកុដនៃសេចក្ដីក្លាហានក្នុងឆ្នាំ២៩៣ នៃគ្រិស្តសករាជ។