សត្តបុគ្គលនៃ ថ្ងៃទី15 ខែមិថុនា

THE HOLY PROPHET AMOS


សត្តព្យាការី អម៉ូស កើតនៅភូមិថេគួ (Thecua) ជិតក្រុង​បេថ្លេ‌ហិម។ ដោយកើតក្នុងគ្រួសារសាមញ្ញ អម៉ូសធ្លាប់ធ្វើជាអ្នកចិញ្ចឹមជ្រូកឱ្យសេដ្ឋីម្នាក់នៅក្រុងយេរូសាឡិម។ ប៉ុន្តែព្រះជាម្ចាស់ ដែលមិនមើលមនុស្សតាមលក្ខណៈខាងក្រៅ តែពិនិត្យមើលសេចក្តីបរិសុទ្ធនៃចិត្ត ហើយដែលបានយកលោកម៉ូសេនិងស្តេចដាវីឌចេញពីការចិញ្ចឹមចៀម ហើយតែងតាំងពួកគាត់ជាអ្នកដឹកនាំ ក៏បានជ្រើសរើសអម៉ូសនេះជាព្យាការីរបស់ព្រះអង្គដែរ។


អម៉ូសបានរិះគន់ស្តេចអ៊ូស៊ីយ៉ា (Uzziah) និងពួកបូជាចារ្យដែលគោរពសាសនាក្លែងក្លាយ អំពីការគោរពព្រះក្លែងក្លាយ ហើយបានហាមឃាត់ប្រជារាស្ត្រមិនឱ្យថ្វាយបង្គំគោមាសនៅបេតែល (Bethel) ដោយបង្រៀនពួកគេឱ្យថ្វាយបង្គំតែព្រះដ៏មានព្រះជន្មរស់តែមួយគត់វិញ។ នៅពេលដែលបូជាចារ្យអារក្សនៃសាសនាព្រះក្លែងក្លាយ ឈ្មោះអាម៉ាស៊ី (Amaziah) បានបៀតបៀនអម៉ូស គាត់បានព្យាករថា ជនជាតិអាសស៊ើរ (Assyrians) នឹងយកឈ្នះលើអ៊ីស្រាអែល និងសម្លាប់ព្រះមហាក្សត្រនិងពួកបុត្ររបស់អាម៉ាស៊ី ហើយទាហានអាសស៊ើរនឹងបៀតបៀនភរិយារបស់គាត់នៅមុខភ្នែកគាត់ ព្រោះគាត់បាននាំប្រជារាស្ត្រឱ្យធ្វើអំពើអាសអាភាសជាមួយព្រះក្លែងក្លាយ។ ហេតុការណ៍ទាំងអស់នេះក៏បានកើតឡើងយ៉ាងពិតប្រាកដ។


កូនប្រុសរបស់បូជាចារ្យព្រះក្លែងក្លាយ បានវាយសត្តព្យាការីអម៉ូសនៅលើថ្ងាសដោយដំបងយ៉ាងខ្លាំង ធ្វើឱ្យគាត់ដួល។ ក្នុងស្ថានភាពអស់កម្លាំងយ៉ាងខ្លាំង អម៉ូសត្រូវបាននាំត្រឡប់ទៅភូមិថេគួវិញ ហើយបានលះបង់ព្រលឹងដ៏បរិសុទ្ធរបស់គាត់ទៅដល់ព្រះជាម្ចាស់។ សត្តព្យាការីអម៉ូសបានរស់នៅក្នុងសតវត្សទី៨ មុនព្រះគ្រិស្ត។