សត្តបុគ្គលនៃ ថ្ងៃទី17 ខែមិថុនា

THE HOLY MARTYRS MANUEL, SABEL AND ISHMAEL


សត្តម៉ាញ៉ូអែល, សាបែល និងអ៊ីស្មាអែល គឺជាបងប្អូនដែលកើតនៅប្រទេសពែរ្ស (Persia) ពីឪពុកដែលកាន់សាសនាព្រះក្លែងក្លាយ និងម្តាយដែលជាគ្រីស្ទាន។ ពួកគេត្រូវបានចិញ្ចឹមបីបាច់ក្នុងស្មារតីគ្រីស្ទសាសនា ហើយបានទទួលពិធីជ្រមុជទឹក។ ក្នុងនាមជាគ្រីស្ទាន ពួកគេជាមន្ត្រីជាន់ខ្ពស់នៅព្រះបរមរាជវាំងរបស់ស្តេច អាឡាម៉ូនដារ (Alamundar)។ ពួកគេត្រូវគេបានចាត់ចែងឱ្យទៅជួបអធិរាជ ជូលីយ៉ានអ្នកបោះបង់ជំនឿ (Julian the Apostate) ដើម្បីចរចានិងបញ្ជាក់សន្តិភាពរវាងចក្រភពពែរ្ស និងក្រិក-រ៉ូម។


អធិរាជដែលបោះបង់ជំនឿបានរៀបចំពិធីសាទរ ដ៏ប្រមាថព្រះជាម្ចាស់មួយ នៅក្រុងកាល់សេដូន (Chalcedon) ដើម្បីគោរពព្រះក្លែងក្លាយ។ ក្នុងឱកាសនេះ អធិរាជជាមួយនឹងពួកអភិជនរបស់គាត់បានបូជាដល់ព្រះក្លែងក្លាយ។ តែអ្នកតំណាងពែរ្ស បានគេចខ្លួនមិនចូលរួម។ អធិរាជបានហៅពួកគេមក ហើយបញ្ជាឱ្យពួកគេចូលរួមពិធី និងបូជាដល់ព្រះក្លែងក្លាយដែរ។ ពួកគេបានប្រកាសថា ពួកគេជាប្រជាពលរដ្ឋបរទេស ហើយមកនេះជាអ្នកតំណាងរបស់ព្រះមហាក្សត្រពែរ្ស ដើម្បីបង្កើតសន្តិភាពរវាងចក្រភពទាំងពីរ មិនមែនមកធ្វើអ្វីផ្សេងទេ។ ពួកគេជាគ្រីស្ទាន ហើយពួកគេចាត់ទុកថាមិនសមរម្យក្នុងការថ្វាយបង្គំព្រះក្លែងក្លាយដែលស្លាប់ និងបូជាដល់ពួកវា។


អធិរាជក្រោធជាខ្លាំង ហើយបានចាប់ពួកគេដាក់គុក។ ថ្ងៃបន្ទាប់ អធិរាជបាននាំពួកគេចេញ ហើយព្យាយាមជជែកជាមួយពួកគេអំពីជំនឿ ប៉ុន្តែបងប្អូនដ៏វិសុទ្ធទាំងបីនៅតែមាំមួន និងមិនញាប់ញ័រ។ ពួកគេត្រូវបានចងទាំងខ្លួនអាក្រាតទៅនឹងដើមឈើ ត្រូវបានគេវាយ និងដុះដោយច្រាសដែក។ ក្នុងពេលទទួលទារុណកម្ម ពួកគេបានអធិស្ឋានទៅព្រះដោយការអរគុណ៖ «ឱ ព្រះយេស៊ូដ៏ផ្អែមល្ហែម ទុក្ខវេទនាទាំងនេះគឺផ្អែមល្ហែមដើម្បីសេចក្តីស្រឡាញ់របស់ព្រះអង្គ!»


ពេលនោះ ទេវទូតរបស់ព្រះបានបង្ហាញខ្លួន ហើយកំសាន្តចិត្តពួកគេ និងយកការឈឺចាប់ទាំងអស់ចេញ។ ដោយប្រឆាំងនឹងក្រមអន្តរជាតិ (ការមិនប៉ះពាល់អ្នកការទូត) អធិរាជជូលីអានអាក្រក់បានប្រកាសឱ្យប្រហារជីវិតបងប្អូនទាំងបីនេះ។ ពេលពួកគេកំពុងត្រូវបានគេកាត់កក ស្រាប់តែកើតមានរញ្ជួយដីយ៉ាងខ្លាំង ហើយដីបានបើកចំហទទួលរូបកាយរបស់សត្តមរណសាក្សី ដើម្បីកុំឱ្យពួកអារក្សនិយម អាចដុតពួកគេបានតាមបញ្ជាអធិរាជ។ ក្រោយមក ដីបានលើករូបកាយរបស់ពួកគេឡើងវិញ ដើម្បីឱ្យគ្រីស្ទានអាចរកឃើញ និងបញ្ចុះដោយកិត្តិយស។ នៅលើអដ្ឋិធាតុរបស់ពួកគេ មានអព្ភូតហេតុអស្ចារ្យជាច្រើនកើតឡើង ដែលនាំឱ្យពួកអារក្សនិយម ជាច្រើនបានប្តូរមកកាន់គ្រីស្ទសាសនា។

ពេលព្រះមហាក្សត្រពែរ្សបានដឹងថា ជូលីអានបានប្រព្រឹត្តអំពើឃោរឃៅចំពោះអ្នកតំណាងរបស់ទ្រង់ ទ្រង់បានរៀបចំកងទ័ពវាយប្រហារវិញ។ ជូលីអានដែលជឿថាខ្លួននឹងឈ្នះ បានលើកទ័ពចូលវាយចក្រភពពែរ្ស តែត្រូវបរាជ័យយ៉ាងវេទនា ហើយស្លាប់ក្នុងការអាម៉ាស់ ដែលធ្វើឱ្យពិភពលោកទាំងមូលអបអរហើយសើចចំអក។