សត្តបុគ្គលនៃ ថ្ងៃទី21 ខែមិថុនា

THE HOLY MARTYR JULIAN OF TARSUS


សត្តយូលីអានមានដើមកំណើតចេញពីគ្រួសារ ខ្ពង់ខ្ពស់ និងជាសមាជិកព្រឹទ្ធសភា។ លោករស់នៅក្រុងតារសុស (Tarsus) ខេត្តស៊ីលីស៊ី (Cilicia) ហើយបានទទួលមរណភាពក្នុងរាជ្យអធិរាជឌីអូក្លេស៊ីយ៉ាន (Diocletian)។ ទោះបីជាមានវ័យទើបតែ១៨ឆ្នាំ សត្តយូលីអានបានទទួលការអប់រំយ៉ាងល្អ និងមានជំនឿគ្រីស្ទសាសនាដ៏មាំមួន។


អ្នករដ្ឋបាលនៃអធិរាជ បានដឹកនាំលោកពីក្រុងមួយទៅក្រុងមួយអស់មួយឆ្នាំ ដោយធ្វើទារុណកម្ម ហើយព្យាយាមឱ្យលោកបដិសេធព្រះគ្រីស្ទ។ ម្តាយរបស់លោកបានដើរតាមកូនពីចម្ងាយ។ កាលណា អ្នករដ្ឋបាលចាប់ម្តាយលោក ហើយបញ្ជូននាងឱ្យណែនាំកូនបដិសេធព្រះគ្រីស្ទ នាងបាននិយាយជាមួយកូនអស់៣ថ្ងៃក្នុងគុក ដោយផ្តល់ដំបូន្មានផ្ទុយទៅវិញ ដោយពន្យល់ និងលើកទឹកចិត្តឱ្យកូនមិនខ្លាចស្លាប់ ហើយទទួលមរណភាពដោយសេចក្តីអរគុណ និងសេចក្តីក្លាហាន។


បន្ទាប់មក អ្នកធ្វើទារុណកម្មបានដេរលោកទៅក្នុងថង់មួយដែលមានខ្សាច់ ខ្យាដំរី និងពស់ពិស ហើយទំលាក់ចោលទៅក្នុងសមុទ្រ។ ម្តាយរបស់លោកក៏បានស្លាប់ក្រោមការធ្វើទារុណកម្មដែរ។ អដ្ឋិធាតុរបស់លោកត្រូវបានរលកសមុទ្របង្ហូរមក ដល់ច្រាំង ហើយពួកអ្នកមានជំនឿបាននាំយកទៅក្រុងអាឡិចសង់ឌ្រី (Alexandria) ហើយបញ្ចុះដោយកិត្តិយសក្នុងឆ្នាំ២៩០នៃគ.ស.។ ក្រោយមក អដ្ឋិធាតុរបស់សត្តយូលីអានត្រូវបានផ្ទេរទៅក្រុងអង់ទីយ៉ុក (Antioch)។


សត្តយ៉ូហាន គ្រីសូស្តូម (John Chrysostom) បានថ្លែងសុន្ទរកថា ថ្វាយសិរីលើសត្តមរណសាក្សីយូលីអាន។ លោកមានប្រសាសន៍ថា៖
«ពីមាត់របស់សត្តមរណសាក្សីនេះ បានបញ្ចេញសម្លេងដ៏វិសុទ្ធ ហើយជាមួយនឹងសម្លេងនោះ ពន្លឺដ៏ភ្លឺថ្លាជាងពន្លឺព្រះអាទិត្យ។»
លោកបន្ថែមទៀតថា៖
«បើអ្នកណាម្នាក់ ទោះជាមនុស្សឆ្កួត ឬអ្នកដែលមានវិញ្ញាណអារក្សចូល បើអ្នកនាំគេមកផ្នូរសត្តមរណសាក្សីនេះ ដែលជាកន្លែងសំរាកនៃអដ្ឋិធាតុរបស់លោក អ្នកនឹងឃើញថា អារក្សនឹងលោតចេញ ហើយរត់គេចដូចជាគេរត់ពីភ្លើងឆេះ។»

ពីពាក្យទាំងនេះ យើងអាចយល់បានថា អព្ភូតហេតុអស្ចារ្យជាច្រើនបានកើតឡើងនៅផ្នូររបស់សត្តយូលីអាន។