សត្ត ហៀរ៉ូមារធើរ (បូជាចារ្យមរណសាក្សី) អេសេប៊ីយ៉ុស (Eusebius) ប៊ីស្សបនៃសាម៉ូសាតា (Samosata)
THE PRIESTLY-MARTYR EUSEBIUS, BISHOP OF SAMOSATA

សត្តអេសេប៊ីយ៉ុសជាអ្នកតស៊ូដ៏ក្លាហានប្រឆាំងនឹងពួកបង្រៀនខុសឆ្គងអារីយ៉ាន (Arianism)។ កាលបាល័ង្គនៃក្រុងអង់ទីយ៉ុក (Antioch) នៅទំនេរ លោកបានជំរុញឱ្យគេជ្រើសរើសសម្ដេចមេលេទ្យុស (Meletius) ជាសម្ដេច ប៉ាទ្រី អាក្ខ។ សម្ដេចមេលេទ្យុសជាអ្នកដឹកនាំព្រះសហគមន៍ដ៏អស្ចារ្យ ដែលក្រោយស្លាប់ត្រូវបានសត្តយ៉ូហាន គ្រីសូស្តម (John Chrysostom) សរសើរយ៉ាងខ្ពង់ខ្ពស់ពីគាត់។ ប៉ុន្តែពួកអារីយ៉ានបានបណ្ដេញសម្ដេចមេលេទ្យុសចេញពីអង់ទីយ៉ុកយ៉ាងឆាប់រហ័ស។
កាលអធិរាជកុងស្តង់ទីយុស (Constantius) បុត្រដ៏កំណាចរបស់កុងស្តង់ទីន (Constantine) សោយទីវង្គត់ អធិរាជដ៏អាក្រក់ជាងគាត់ទៅទៀតបានឡើងសោយរាជ្យ – គឺជូលីយ៉ានអ្នកបោះបង់ជំនឿ (Julian the Apostate)។ ក្នុងអំឡុងពេលនៃការបៀតបៀនគ្រីស្ទានរបស់ជូលីយ៉ាន សត្តអេសេប៊ីយ៉ុសបានដោះសំលៀកបំពាក់បូជាចារ្យ ស្លៀកពាក់ឯកសណ្ឋានទាហានដើម្បីបន្លំខ្លួន ហើយធ្វើដំណើរនៅគ្រប់ព្រះសហគមន៍ ដែលកំពុងទទួលការបៀតបៀននៅ ស៊ីរី (Syria) ភូនិច (Phoenicia) និងប៉ាឡេស្ទីន (Palestine) ដើម្បីពង្រឹងជំនឿអរតូដុក្ស ហើយបាន តែងតាំងបូជាចារ្យ ឌីកង និងបុព្វជិតផ្សេងៗទៀត និងក្នុងកន្លែងខ្លះទៀតបានតែងតាំងប៊ីស្សបផងដែរ។
បន្ទាប់ពីជូលីយ៉ានបានស្លាប់យ៉ាងវេទនា សត្តអេសេប៊ីយ៉ុសបានណែនាំសម្ដេចមេលេទ្យុសឱ្យរៀបចំក្រុមប្រឹក្សាសន្និបាតមួយនៅអង់ទីយ៉ុកក្នុងឆ្នាំ៣៦១ ដែលមានអធិការី ២៧នាក់ចូលរួម។ ពួកបង្រៀនខុសឆ្គងអារីយ៉ានត្រូវបានគេថ្កោលទោសម្តងទៀត ហើយជំនឿអរតូដុក្សត្រូវបានប្រកាសម្តងទៀត ដូចពេលប្រកាសនៅក្នុងក្រុមប្រឹក្សាសន្និបាតសាកលលើកទី១ (នីកេអា ឆ្នាំ៣២៥)។ ដោយរួមជាមួយសម្ដេចមេលេទ្យុស និងអេសេប៊ីយ៉ុស សត្តពេឡាជីយ៉ុស (Pelagius) ពីឡាវឌីស៊ី (Laodicea) ដែលត្រូវបានល្បីល្បាញជាអ្នកបរិសុទ្ធនិងជាអ្នកបួស បានមានឥទ្ធិពលខ្លាំងក្នុងសន្និបាតនេះ ។
សន្និបាតនេះបានធ្វើឡើងក្នុងរាជ្យអធិរាជយ៉ូវៀន (Jovian) ដ៏មានជំនឿខ្មីឃ្មាត់។ ប៉ុន្តែឆាប់ៗនោះ អធិរាជយ៉ូវៀនបានស្លាប់ ហើយអធិរាជវ៉ាឡង់ (Valens) ដ៏អាក្រក់បានឡើងសោយរាជ្យ ធ្វើឱ្យមានការបៀតបៀនជំនឿរអរតូដុក្សម្តងទៀត។ សម្ដេចមេលេទ្យុសត្រូវបាននិរទេសទៅអាមេនី (Armenia) អេសេប៊ីយ៉ុសទៅថ្រេស (Thrace) និងពេឡាជីយ៉ុសទៅអារ៉ាប៊ី (Arabia)។
ក្រោយពីវ៉ាឡង់ អធិរាជហ្គ្រាទ្យាន (Gratian) បានឡើងសោយរាជ្យ ហើយលោកបានផ្តល់សេរីភាពដល់ព្រះសហគមន៍ ហើយបានកោះហៅអធិការីដែលត្រូវនិរទេសឱ្យត្រឡប់មកកាន់តំណែងដើមវិញ។ ដូច្នេះពួកគេបានត្រឡប់មកវិញ៖ សម្ដេចមេលេទ្យុសទៅអង់ទីយ៉ុក អេសេប៊ីយ៉ុសទៅសាម៉ូសាតា និងពេឡាជីយ៉ុសទៅឡាវឌីស៊ី។
នៅពេលនោះមានព្រះសហគមន៍តំបន់ជាច្រើនមិនទាន់មានអ្នកដឹកនាំ ហើយអេសេប៊ីយ៉ុសបានខំប្រឹងយ៉ាងខ្លាំងដើម្បីរកអ្នកដឹកនាំស្របតាម ច្បាប់កានុង(ការបង្រៀនផ្លូវការ)សម្រាប់ប្រជាជន។ ពេលលោកមកក្រុងដូលីច (Doliche) ដើម្បីអភិសេកប៊ីស្សបថ្មីឈ្មោះម៉ារីនុស (Marinus) និងរិះគន់ការបង្រៀនខុសឆ្គងអារីយ៉ាន (ដែលមានឥទ្ធិពលខ្លាំងនៅទីនោះ) មានអ្នកកាន់សាសនាខុសឆ្គងដ៏អំណាចម្នាក់បានគប់ក្បឿងមួយដុំទៅលើក្បាលអេសេប៊ីយ៉ុស ធ្វើឱ្យលោករបួសធ្ងន់។ ដូច្នេះ អ្នកតស៊ូដ៏អស្ចារ្យ សត្ត និងមរណសាក្សីនៃអរតូដុក្សបានទទួលមរណភាព ដើម្បីរស់នៅអស់កល្បជានិច្ចក្នុងស្ថានសួគ៌។ លោកបានទទួលមរណភាពក្នុងឆ្នាំ៣៧៩នៃគ.ស.។
