សត្តដ៏វិសុទ្ធ សាំសុន (Sampson) ជនដ៏សប្បុរសដែលទទួលអ្នកមិនស្គាល់
SAINT SAMPSON, THE HOSPITABLE ONE WHO RECEIVED STRANGERS

សាំសុន (Sampson) បានកើតក្នុងគ្រួសារអ្នកមាននិងមានឥទ្ធិពលនៅក្រុងរ៉ូម (Rome) បុរាណ។ គាត់បានសិក្សាវិទ្យាសាស្ត្រលោកិយទាំងអស់នៅសម័យនោះ ហើយផ្ដោតជាពិសេសលើវិជ្ជាវេជ្ជសាស្ត្រ។ សាំសុន គឺជាវេជ្ជបណ្ដិតដ៏មានមេត្តាធម៌ និងមិនស្វែងរកកម្រៃ ដែលព្យាបាលជំងឺទាំងរាងកាយនិងព្រលឹង ដោយណែនាំអ្នករាល់គ្នាឱ្យបំពេញតាមតម្រូវការនៃជំនឿគ្រិស្តសាសនា។ ក្រោយមក គាត់បានចាកចេញទៅកាន់ទីក្រុងកុងស្តង់ទីនូប៉ូល (Constantinople) ហើយរស់នៅក្នុងផ្ទះតូចមួយ។ ពីទីនោះ ដូចជាព្រះអាទិត្យបញ្ចេញពន្លឺរាលដាល គាត់បានចែកចាយទាន លួងលោមចិត្ត អោយដំបូន្មាន សេចក្តីសង្ឃឹម ថ្នាំព្យាបាល និងជំនួយដល់អ្នកដែលត្រូវការជំនួយ ទាំងផ្លូវចិត្តនិងផ្លូវកាយ។
សម្ដេចប៉ាទ្រីអាក្ខ (Patriarch) បានឮពីសីលធម៌ដ៏អស្ចារ្យរបស់គាត់ ហើយបានតែងតាំងគាត់ជាបូជាចារ្យ (Priest)។ ក្នុងពេលនោះ ព្រះចៅអធិរាជយ៉ូស្ទីនីយ៉ានដ៏មហារុង (Emperor Justinian the Great) កើតជំងឺធ្ងន់ ហើយវេជ្ជបណ្ឌិតទាំងអស់អះអាងថាជំងឺនេះព្យាបាលមិនជា។ អធិរាជបានសូមអង្វរព្រះជាម្ចាស់ដោយភាពឆេះឆួល ហើយព្រះជាម្ចាស់បានប្រាប់គាត់តាមសុបិនថា សាំសុន នឹងព្យាបាលអ្នក។ ដូច្នេះ ព្រះចៅអធិរាជបានជ្រាបអំពីសាំសុន ហើយទូលអញ្ជើញគាត់មករាជវាំង។ នៅពេលដែលព្រឹទ្ធាចារ្យនេះ (Presbyter) ដាក់ដៃលើរបួសអធិរាជ ព្រះចៅអធិរាជបានជាសះស្បើយភ្លាម។
ព្រះចៅអធិរាជបានស្នើឱ្យគាត់ទទួលទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែសាំសុនបានថ្លែងអំណរគុណហើយមិនព្រមទទួល ដោយមានប្រសាសន៍ថា៖
«ឱ អធិរាជអើយ! ខ្ញុំធ្លាប់មានមាសប្រាក់ និងទ្រព្យសម្បត្តិជាច្រើន ប៉ុន្តែខ្ញុំបានលះបង់វាទាំងអស់ដើម្បីព្រះគ្រិស្ត ដើម្បីទទួលបានទ្រព្យសម្បត្តិនៅស្ថានសួគ៌។»
ពេលអធិរាជព្យាយាមអះអាងឱ្យគាត់ទទួលអ្វីមួយ សត្តវិសុទ្ធសាំសុន បានសូមឱ្យអធិរាជសាងសង់ផ្ទះស្នាក់នៅ (Hospice) សម្រាប់អ្នកក្រីក្រ។ នៅទីនោះ សាំសុនបានថែរក្សាជនក្រីក្រដូចឪពុកម្តាយថែកូន។ ការអត់ធ្មត់និងមេត្តាធម៌ចំពោះអ្នកក្រីក្រនិងអ្នកអត់ឃ្លាន គឺជាលក្ខណៈធម្មជាតិរបស់គាត់។
ចុងក្រោយ សត្តដ៏វិសុទ្ធនេះ ដែលពេញដោយឫទ្ធិនិងសេចក្តីល្អពីស្ថានសួគ៌ បានចូលទិវង្គតយ៉ាងស្ងប់នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ៥៣០ នៃគ្រិស្តសករាជ ហើយត្រូវបានគេបញ្ចុះសពនៅព្រះវិហារ នៃសាច់ញាតិគាត់ ដែលហៅថា សត្តមរណសាក្សីម៉ូស៊ីអ៊ូស ដ៏វិសុទ្ធ(Holy Martyr Mocius)។ ក្រោយពេលស្លាប់ សាំសុនបានបង្ហាញខ្លួនជាច្រើនដងដល់អ្នកដែលអធិស្ឋានសុំជំនួយពីគាត់។
