សត្តបុគ្គលនៃ ថ្ងៃទី4 ខែកក្កដា​

SAINT ANDREW, ARCHBISHOP OF CRETE


Ο Άγιος Υάκινθος ο Κουβικουλάριος, Agios Iakinthos

សត្ត​អន់ដ្រេ (Andrew) កើតនៅក្នុងទីក្រុងដាម៉ាស់ (Damascus) ជាបុត្រនៃគ្រួសារគ្រីស្ទាន។ លោកមានជំងឺគរមិនអាចនិយាយពីកំណើតរហូតដល់អាយុ ៧ ឆ្នាំ។ កាលឪពុកម្តាយនាំលោកទៅព្រះវិហារ ហើយទទួលសម្ព័ន្ធភាពដ៏វិសុទ្ធ (Holy Communion) លោកក៏ចាប់ផ្តើមនិយាយបាន។ នេះជាអំណាចនៃសម្ព័ន្ធភាពដ៏វិសុទ្ធនិងទេវភាព។ កាលលោកមានអាយុ ១៤ ឆ្នាំ លោកបានធ្វើដំណើរទៅក្រុងយេរូសាឡិម (Jerusalem) ហើយត្រូវបានបំបួសជាសង្ឃនៅសង្ឃស្ថានឡាវរ៉ា (Lavra) របស់សត្តសាបាស (Sabas) ដ៏វិសុទ្ធ។ ដោយសារការយល់ដឹងនិងការប្រតិបត្តិព្យាយាមក្នុងជីវិតជាអ្នកបួស លោកក្លាយជាសង្ឃល្អ ជាងសង្ឃចាស់ៗជាងលោកទៅទៀត ហើយក្លាយជាគំរូដល់ពួកគេ។


បន្ទាប់មក សម្ដេចប៉ាទ្រីអាក្ខ (Patriarch) នៃយេរូសាឡិមបានជ្រើសរើសជាជំនួយការផ្ទាល់របស់គាត់។ នៅពេលដែលសេចក្តីបង្រៀនខុសឆ្គង Monothelite (ដែលបដិសេធថាព្រះយេស៊ូមានតែឆន្ទៈជាព្រះ តែគ្មានឆន្ទៈមនុស្ស) កើតមានឡើង ក្រុមប្រឹក្សាសាកលលើកទី៦ (Sixth Ecumenical Council) ក៏ត្រូវបានរៀបចំនៅក្រុងកុងស្តង់ទីនូប៉ល (Constantinople) ក្នុងឆ្នាំ ៦៨១ នៃគ.ស. ក្នុងរាជ្យនៃអធិរាជកុងស្តង់ទីន (Constantine IV)។ សម្ដេចប៉ាទ្រីអាក្ខថេអូដ័រ (Theodore) មិនអាចចូលរួមបានទេ ប៉ុន្តែបានចាត់​អន់ដ្រេ (ដែលជាអគ្គឌីកងនៅពេលនោះ) ជាតំណាង។ នៅទីនោះ លោកបានបង្ហាញពីអំណោយទាន វោហារ សេចក្តីម៉ឺងម៉ាតក្នុងជំនឿ និងប្រាជ្ញាដ៏កម្ររបស់លោក។ បន្ទាប់ពីជួយនិងពង្រឹងជំនឿអរតូដុក្ស (Orthodox Faith) លោកបានត្រឡប់ទៅតួរនាទីដើមរបស់លោកនៅយេរូសាឡិមវិញ។


ក្រោយមក លោកត្រូវបានជ្រើសរើសជាអគ្គប៊ីស្សប (Archbishop) នៃកោះក្រេត (Crete)។ ក្នុងនាមជាអគ្គប៊ីស្សប លោកត្រូវបានបរិស័ទស្រឡាញ់យ៉ាងខ្លាំង។ សត្ត​អន់ដ្រេជាអ្នកគាំទ្រយ៉ាងមុះមុតនូវជំនឿអរតូដុ្ស ហើយបានតស៊ូយ៉ាងខ្លាំងក្លាក្នុងការប្រឆាំងនឹងសេចក្តីបង្រៀនខុសឆ្គងទាំងអស់។ តាមរយៈការអធិស្ឋាន លោកបានបង្កើតអព្ភូតហេតុអស្ចារ្យជាច្រើន រួមមានការបណ្តេញពួកសារ៉ាសែន (Saracens) ចេញពីកោះក្រេត។ លោកបាននិពន្ធសៀវភៅដឹកនាំ ចម្រៀងសរសើរ និងច្បាប់កាណុង (Canons) ជាច្រើន ដែលល្បីល្បាញជាងគេនោះគឺ ច្បាប់កាណុងដ៏អស្ចារ្យនៃការប្រែចិត្ត(the Great Canon of repentance) ដែលត្រូវបានអាននៅថ្ងៃព្រហស្បតិ៍នៃសប្តាហ៍ទី៥នៃរដូវតម៤០ថ្ងៃ​។


រូបរាងរបស់លោកគឺត្រូវបានរៀបរាប់ថា “ពេលអ្នកណាមើលឃើញមុខនិងស្តាប់ឮសំដីដែលហូរមកដូចទឹកឃ្មុំរបស់លោក គេគ្រប់គ្នានឹងមានចិត្តរីករាយ ហើយកែប្រែជីវិតផ្លូវជីវិតរបស់ពួកគេ”។ ជាចុងក្រោយ កាលលោកត្រឡប់ពីការធ្វើដំណើរតាមសមុទ្រទៅក្រុងកុងស្តង់ទីនូប៉ល លោកបានព្យាករថាលោកនឹងសោយទិវង្គតមុនពេលទៅដល់ក្រេត។ ហើយវាក៏បានកើតឡើងដូច្នោះមែន។ នៅពេលនាវាចូលជិតកោះមីទីលីន (Mitylene) បុគ្គលដែលជាពន្លឺនៃព្រះសហគមន៍នេះបានបញ្ចប់ជីវិតក្នុងលោកិយ ហើយព្រលឹងលោកបានឡើងទៅរស់នៅព្រះរាជាណាចក្ររបស់ព្រះគ្រិស្តនៅឆ្នាំ ៧២១ នៃគ.ស.។