សត្តអាថាណាស៊ី (VENERABLE ATHANASIUS) នៃភ្នំអាថូស (MOUNT ATHOS)
VENERABLE ATHANASIUS OF MOUNT ATHOS

សត្តអាថាណាស៊ី (Athanasius) កើតនៅក្នុងទីក្រុងត្រេបីហ្សុន (Trebizond) ពីឪពុកម្ដាយដ៏វិសុទ្ធដែលគោរពព្រះជាម្ចាស់។ លោកបានក្លាយជាក្មេងកំព្រាតាំងពីវ័យកុមារ ប៉ុន្តែដោយព្រះហឫទ័យរបស់ព្រះជាម្ចាស់ មេបញ្ជាការយោធាម្នាក់បានយកលោកមកថែរក្សា ហើយនាំមកក្រុងកុងស្តង់ទីនូប៉ូល (Constantinople) ដើម្បីអប់រំ។ ដោយសារភាពស្លូតបូតនិងការដាក់ខ្លួនរបស់លោក មិត្តភក្តិជុំវិញខ្លួនរបស់លោក ស្រឡាញ់និងចូលចិត្តលោក។ កាលនៅកុមារពេលលោកលេងជាមួយមិត្តក្មេងៗរបសល់លោក ពួកគេចូលចិត្តលេង ជ្រើសរើសអ្នកណាម្នាក់ជាអធិរាជ និងម្នាក់ទៀតជាមេបញ្ជាការ រីឯអាថាណាស៊ីវិញ ពួកគេជ្រើសជាអាប៉ា (Abbot)(ព្រឹទ្ធាចារ្យក្នុងសង្ឃស្ថាន) ហាក់ដូចជាពួកគេនិយាយព្យាករណ៍អញ្ចឹង!
បន្ទាប់ពីបញ្ចប់ការសិក្សា អាថាណាស៊ី (ដែលមុននឹងបំបួសមានឈ្មោះថា អាប្រាហាំ (Abraham)) បានចេញទៅនៅវាលរហោស្ថានម៉ាឡេអេណូស (Maleinos) ជិតភ្នំអាថូស (Mount Athos) ដ៏វិសុទ្ធ ដែលលោកបានរស់នៅជីវិតជាអ្នកបួស ជាសិស្សរបស់លោកមីខាអែលម៉ាឡេអេណូស (Michael Maleinos) ដែលល្បីល្បាញនាសម័យនោះ។ ដោយមានបំណងចង់រស់នៅកាន់តែលំបាកជាងនេះ អាថាណាស៊ីបានផ្លាស់ទៅភ្នំអាថូសដ៏វិសុទ្ធ ដើម្បីរស់នៅជាជីវិតស្ងប់ស្ងាត់។ ប៉ុន្តែមានមនុស្សជាច្រើនដែលចង់រស់នៅជីវិតជាអ្នកបួសបានមកនៅជុំវិញលោក ហើយលោកត្រូវបង្កើតសង្ឃស្ថាន ឡាវរ៉ា (Lavra)ដ៏ល្បីឈ្មោះថនេះ។ លោកបានទទួលជំនួយពីអធិរាជប៊ីហ្សង់ទីន (Byzantine) ដំបូងគឺពីអធិរាជនីកេហ្វ័រ ហ្វូកាស (Nicephorus Phocas) ដែលអធិរាជក៏គ្រោងនឹងលាឈប់ពីតំណែងហើយក្លាយជាសង្ឃ ហើយបន្ទាប់មកគឺពីអធិរាជចន ធីមីស្កេស (John Tzimiskes)។
ការល្បួងជាច្រើនបានកើតមានដល់អាថាណាស៊ី ទាំងពីអារក្សនិងមនុស្ស ប៉ុន្តែលោក ដែលជាយុទ្ធជនដ៏ក្លាហានរបស់ព្រះយេស៊ូ បានធន់ទ្រាំនឹងវាទាំងអស់ ដោយភាពស្លូតបូតដ៏ជ្រាលជ្រៅ និងការអធិស្ឋានឥតឈប់ឈររបស់លោកទៅកាន់ព្រះដ៏មានព្រះជន្មរស់។ ដោយពេញដោយព្រះគុណពីព្រះអម្ចាស់ អាថាណាស៊ីត្រូវបានាប្រទានពរអោយមើលឃើញព្រះមាតានៃព្រះជាម្ចាស់ (Theotokos) ដែលបានបង្ហាញអព្ភូតហេតុអស្ចារ្យ ដោយនាំឱ្យមានទឹកហូរចេញពីថ្ម ហើយបានសន្យាថានាងនឹងជាអាប៉ាស្ត្រី (Abbess/Ikonomisa) របស់សង្ឃស្ថាននេះជារៀងរហូត។
ក្នុងការងារ និងការអធិស្ឋាន អាថាណាស៊ីបានលើសពីសង្ឈផ្សេងទៀត ហើយលោកបានស្រឡាញ់អ្នកទាំងអស់ដោយសេចក្ដីស្រឡាញ់ជាឪពុកខាងវិញ្ញាណ និងអ្នកគង្វាល។ មរណភាពរបស់លោកបានកើតឡើងដោយមិនបានរំពឹងទុក។ លោក និងសង្ឃចំនួន៦អង្គបានឡើងទៅលើរានថ្មីនៃព្រះវិហារ ដើម្បីពិនិត្យជញ្ជាំងដែលកំពុងសាងសង់ ហើយជញ្ជាំងនោះបានរលំមកលើពួកគេ ហើយបានកប់ពួកគេ។ ដូច្នេះ អ្នកដែលជាពន្លឺដឹកនាំដ៏អស្ចារ្យនៃជីវិតជាសង្ឃនេះបានសោយទិវង្គតនៅឆ្នាំ១០០៣គ.ស.។ ក្រោយមរណភាព អាថាណាស៊ីបានបង្ហាញខ្លួនដល់បងប្អូនសង្ឈលោកជាច្រើនដង ពេលខ្លះដើម្បីលួងលោមចិត្តពួកគ៣ ហើយពេលខ្លះដើម្បីប្រៀនប្រដៅ។
