សត្តបុគ្គលនៃ ថ្ងៃទី6 ខែកក្កដា​

VENERABLE SISOES THE GREAT


សត្តស៊ីសូអេស (Sisoes) ជាជនជាតិអេហ្ស៊ីប ហើយជាសិស្សរបស់សត្តអង់តូនី (Anthony) ដ៏អស្ចារ្យ។ ក្រោយពីសត្តអង់តូនីទទួលមរណភាព សត្តស៊ីសូអេសបានទៅគង់នៅលើភ្នំវាលរហោស្ថានមួយឈ្មោះថា ភ្នំសត្តអង់តូនី (St. Anthony’s Mount) ដែលសត្តអង់តូនីធ្លាប់រស់នៅក្នុងជិវិតជាអ្នកបួសនៅទៅនោះ។ ដោយដាក់ខ្លួនឱ្យទទួលការលំបាកជាច្រើន លោកបានធ្វើឱ្យខ្លួនឯងស្ងប់ស្ងៀម និងស្លូតបូតដូចកូនចៀម។ ហេតុនេះ ព្រះជាម្ចាស់បានប្រទានព្រះគុណដ៏ច្រើនដល់ស៊ីសូអេស ដែលធ្វើឱ្យលោកអាចព្យាបាលអ្នកឈឺ បណ្ដេញវិញ្ញាណអារក្ស និងធ្វើឲ្យមនុស្សរស់ឡើងវិញពីស្លាប់។


ស៊ីសូអេសបានរស់នៅជាអ្នកបួសក្នុងវាលរហោស្ថានអស់រយៈពេល ៦០ ឆ្នាំ ហើយបានក្លាយជាប្រភពនៃប្រាជ្ញារស់ សម្រាប់សង្ឃផ្សេងៗ និងជនសាមញ្ញដែលមកសុំដំបូន្មានពីលោក។ មុនពេលទទួលមរណភាព មុខរបស់លោកភ្លឺដូចព្រះអាទិត្យ។ ពួកសង្ឃដែលឈរព័ទ្ធជុំវិញលោក ក៏ភ្ញាក់ផ្អើលនឹងការឃើញនេះ។ ហើយនៅពេលដែលសត្តនេះបានបញ្ចប់ជីវិត បន្ទប់ទាំងមូលពោរពេញដោយក្លិនក្រអូបដ៏ពិសេស។ ស៊ីសូអេសបានទទួលមរណភាពក្នុងវ័យចាស់ជរាខ្លាំង នៅឆ្នាំ ៤២៩ គ.ស.។


សត្តស៊ីសូអេសបានដាស់តឿនពួកសង្ឃថា៖

«ទោះ​បី​ជា​ការ​ល្បួង​កើតឡើង​ដល់​មនុស្ស​តាម​របៀប​ណា​ក៏​ដោយ មនុស្ស​គួរ​តែ​ប្រគល់​ខ្លួន​ទៅ​តាម​ព្រះហឫទ័យ​របស់​ព្រះ ហើយ​ទទួល​ស្គាល់​ថា ការ​ល្បួង​បាន​មក​ដោយ​សារ​អំពើ​បាប​របស់​ខ្លួន។ បើ​មាន​អ្វី​ល្អ​កើត​ឡើង គួរ​និយាយ​ថា​វា​កើត​ឡើង​តាម​ការ​ប្រោស​ប្រទាន​របស់​ព្រះ»


សង្ឃម្នាក់បានសួរសត្តស៊ីសូអេស៖

«តើខ្ញុំអាចធ្វើដូចម្ដេចដើម្បីបំពេញព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងត្រូវបានសង្គ្រោះ?»

សត្តនេះបានឆ្លើយ៖

«បើអ្នកចង់អោយព្រះជាម្ចាស់សព្វព្រះហឫទ័យ អ្នកត្រូវចាកចេញពីលោកិយ បំបែកខ្លួនពីផែនដី ឈប់ជាប់ជំពាក់នឹងការបង្កើត  ហើយខិតចូលទៅជិតព្រះជាអ្នកបង្កើតវិញ។ រួបរួមជាមួយព្រះអម្ចាស់ដោយការអធិស្ឋាន និងទឹកភ្នែក។ បើធ្វើដូច្នេះ អ្នកនឹងបានសម្រាកទាំងក្នុងលោកិយនេះ និងលោកខាងមុខ។»


សង្ឃម្នាក់ទៀតបានសួរថា៖

«តើខ្ញុំអាចទទួលការដាក់ខ្លួនដោយរបៀបណា?»

សត្តនេះឆ្លើយថា៖

«នៅពេលដែលមនុស្សម្នាក់រៀនទទួលស្គាល់ថាមនុស្សគ្រប់គ្នាល្អជាងខ្លួន នោះគាត់បានរកឃើញការដាក់ខ្លួនហើយ។»

អាម៉ូន (Ammon) បានថ្លែងរអ៊ូរប្រាប់សត្តស៊ីសូអេសថា គាត់មិនអាចទន្ទេញពាក្យពេចន៍ដ៏ឆ្លាតវៃដែលគាត់បានអាន ដើម្បីនិយាយឡើងវិញនៅពេលសន្ទនាជាមួយមនុស្សឡើយ។ សត្តបានឆ្លើយថា៖

«វាមិនចាំបាច់ទេ។ អ្វីដែលចាំបាច់គឺការរក្សាចិត្តបរិសុទ្ធ ហើយនិយាយចេញពីចិត្តបរិសុទ្ធនោះ ដោយដាក់ក្ដីសង្ឃឹមទៅលើព្រះជាម្ចាស់។»