សត្តបុគ្គលនៃ ថ្ងៃទី7 ខែកក្កដា​

THE HOLY GREAT FEMALE MARTYR DOMINICA [NEDELJA-KIRIAKI]


ក្នុងសម័យរបស់អធិរាជឌីអូក្លេស្យង់ (Diocletian) និងអធិរាជម៉ាក់ស៊ីមៀន (Maximian) ដែលទាំងពីរនេះជាសត្រូវរបស់ព្រះយេស៊ូ មានអ្នកបរិសុទ្ធចាស់ទុំពីរនាក់គឺ ដូរូតេអ៊ូស (Dorotheus) និង​អេសេប៊ីយ៉ា (Eusebia) រស់នៅក្នុងតំបន់អាណាតូលី (Anatolia)។ ពួកគាត់ជាគ្រីស្ទានដ៏ស្មោះត្រង់ មានទ្រព្យសម្បត្តិ ប៉ុន្តែគ្មានកូន។ ដោយការអធិស្ឋានដ៏មិនដាច់ ពួកគាត់បានទទួលកូនស្រីមួយពីព្រះជាម្ចាស់ គឺ សត្តីដូមីនីកា។ តាំងពីកុមារភាព នាងបានបូជាខ្លួនដល់ព្រះ ហើយវៀរចាកពីអ្វីៗទាំងអស់ដែលកុមារផ្សេងៗធ្វើ។ នៅពេលដែលនាងចម្រើនវ័យ និងស្រស់ស្អាតទាំងរូបរាងនិងព្រលឹង មានអ្នកសមគួរជាច្រើនមកសុំរៀបការនឹងនាង ប៉ុន្តែនាងបដិសេធទាំងអស់ ដោយនិយាយថា នាងបានរៀប​អភិសេក​ជាមួយ​ព្រះ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់ ហើយ​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ស្លាប់​ក្នុង​នាម​ជា​ស្រ្តីព្រហ្មចារី​ឡើយ។ បុរស់ម្នាក់ដែលត្រូវបានបដិសេធ បានប្ដឹងដូមីនីកា និងឪពុកម្ដាយនាងទៅអធិរាជឌីអូក្លេស្យង់ថាជាគ្រីស្ទាន។ អធិរាជបានបញ្ជាឱ្យធ្វើទារុណកម្មដល់ឪពុកម្ដាយនាង ហើយបន្ទាប់មកបណ្ដេញពួកគាត់ទៅក្រុងម៉េលីតេនេ (Melitene) ដែលពួកគាត់បានសោយទិវង្គត ដោយអត់ទ្រាំនឹងរងទុក្ខជាច្រើនដើម្បីព្រះគ្រីស្ទ។

អធិរាជឌីអូក្លេស្យង់បានបញ្ជូនដូមីនីកាទៅអធិរាជម៉ាក់ស៊ីមៀន ដើម្បីជំនុំជម្រះ។ ដោយសារនាងបានប្រកាសជំនឿរបស់នាងចំពោះព្រះគ្រីស្ទយ៉ាងច្បាស់ អធិរាជបានបញ្ជាឱ្យគេដាក់នាងចុះលើដី ហើយវាយនាងដោយរំពាត់សត្វគោ។ បន្ទាប់មក អធិរាជបានបញ្ជូននាងទៅឱ្យមេបញ្ជាការ ដំបូងគឺហ៊ីឡារីអុន (Hilarion) ហើយបន្ទាប់ពីគាត់ស្លាប់ ទៅអាប៉ូឡូនុស (Apollonius)។ ទាំងពីរនាក់នេះបានធ្វើទារុណកម្មដល់នាងយ៉ាងឃោរឃៅ ប៉ុន្តែគ្មានប្រសិទ្ធិភាព។ នៅពេលដែលសត្តីដូមីនីកាដេកនៅក្នុងគុក ពោរពេញដោយរបួស ព្រះគ្រីស្ទដែលជាព្រះអម្ចាស់ បានបង្ហាញខ្លួនមកដល់នាង ព្យាបាលនាង ហើយមានព្រះបន្ទូលថា៖
«ដូមីនីកា កុំខ្លាចការធ្វើទណកម្មអី ព្រះគុណរបស់ខ្ញុំនឹងនៅជាមួយអ្នក។»

ពិតដូច្នេះមែន ព្រះគុណរបស់ព្រះយេស៊ូបានជួយសង្គ្រោះនាងពីអណ្ដាតភ្លើង និងសត្វពាហនៈដែលចៅក្រមគ្មានជំនឿគិតថានឹងសម្លាប់នាងបាន។ ការឃើញដូមីនីកា រួចផុតពីសេចក្ដីស្លាប់ដោយអព្ភូតហេតុអស្ចារ្យ មនុស្សជាច្រើនដែលជាអ្នកកាន់សាសនាអារក្សនិយមបានជឿលើព្រះយេស៊ូ ហើយពួកគេត្រូវបានគេកាត់ក្បាលទាំងអស់។ដូមីនីកាបាននិយាយទៅកាន់អាប៉ូឡូនុសថា៖

«អ្នកមិនអាចបំបែកខ្ញុំចេញពីជំនឿបានឡើយ។ បើអ្នកចាប់ខ្ញុំចោលក្នុងភ្លើង ខ្ញុំមានឧទាហរណ៍គំរូ ពីយុវជនទាំងបី (Shadrach, Meshach, Abed-Nego)។ បើអ្នកចាប់ខ្ញុំទៅឱ្យសត្វពាហនៈ ខ្ញុំមានឧទាហរណ៍គំរូ ពីហោរា ដានីយ៉ែល (Daniel)។ បើអ្នកចាប់ខ្ញុំទម្លាក់ទៅក្នុងសមុទ្រ ខ្ញុំមានឧទាហរណ៍ពីហោរាយ៉ូណាស (Jonah)។ បើអ្នកប្រើដាវសម្លាប់ខ្ញុំ ខ្ញុំនឹងចាំដល់លោកយ៉ូហានអ្នកជ្រមុជទឹក (John the Baptist)។ ជីវិតរបស់ខ្ញុំ គឺការស្លាប់ដើម្បីព្រះគ្រីស្ទ។»


បន្ទាប់មក អាប៉ូឡូនុសបានបញ្ជាឱ្យកាត់ក្បាលនាង។ ដូមីនីកាបានឱនជង្គង់ លើកដៃឡើងលើអាកាស ហើយអធិស្ឋានទៅព្រះ សុំឱ្យព្រះជួយសង្គ្រោះ និងមានព្រះមេត្តាដល់អស់អ្នកដែលនឹងរំលឹកដល់ការចង់ចាំអំពីនាង ហើយសុំឱ្យព្រលឹងនាងនិងឪពុកម្ដាយនាងបានសម្រាកក្នុងសេចក្ដីសុខ។ នៅពេលបញ្ចប់ការអធិស្ឋាន នាងបានបញ្ជូនព្រលឹងទៅព្រះជាម្ចាស់ មុនពេលដាវធ្លាក់លើ កនាង។សត្តីដូមីនីកាបានទទួលមរណភាពដ៏ថ្លៃថ្នូរនៅក្រុងនីកូមេឌីយ៉ា (Nicomedia) ហើយនាងត្រូវបានទទួលចូលក្នុងសេចក្ដីអំណរដ៏អស់កល្ប ក្នុងឆ្នាំ ២៨៩ គ.ស.។