សត្ត សាវ័ក អគីឡាស ដ៏វិសុទ្ធ
THE HOLY APOSTLE AQUILA

សាវ័កអគីឡាស (Aquila) គឺជាសាវ័កម្នាក់ក្នុងចំណោមសាវ័កទាំង៧០អង្គ។ ជាជនជាតិយូដា គាត់បានរស់នៅអ៊ីតាលីជាមួយភរិយាឈ្មោះព្រីស៊ីឡា (Priscilla)។ កាលអធិរាជក្លូឌីអ៊ូស (Claudius) បានចេញរាជបញ្ជាបណ្ដេញជនជាតិយូដាចេញពីក្រុងរ៉ូម អគីឡាសបានចាកចេញទៅតាំងលំនៅនៅក្រុងកូរិនថូស (Corinth)។ នៅទីនោះ សាវ័កប៉ុល (Paul) បានជួបអគីឡាសជាលើកដំបូង ហើយបានរស់នៅផ្ទះគាត់អស់រយៈពេលមួយឆ្នាំកន្លះ ព្រមទាំងបានធ្វើពិធីជ្រមុជទឹកដល់គាត់និងភរិយា។
ដោយការឆេះឆួលនៃជំនឿដ៏មុតមាំចំពោះព្រះយេស៊ូគ្រីស្ទ អគីឡាសនិងព្រីស៊ីឡាបានជួយសាវ័កប៉ុលក្នុងការងារបម្រើព្រះនៅក្រុងអេភេសុស (Ephesus)។ នៅទីនោះ សាវ័កប៉ុលបានសរសេរសំបុត្រទី១ទៅកាន់ពួកកូរិនថូស ដែលមានពាក្យថា៖
«លោកអគីឡាស និងនាងព្រីស្កា ព្រមទាំងព្រះសហគមន៍នៅផ្ទះគាត់ ក៏សូមជម្រាបសួរមកបងប្អូនក្នុងព្រះនាមព្រះអម្ចាស់ដែរ។ » (១កូរិនថូស ១៦:១៩)។
បន្ទាប់ពីអធិរាជក្លូឌីអ៊ូសសោយទិវង្គត ជនជាតិយូដាត្រូវបានអនុញ្ញាតឱ្យត្រឡប់មកអ៊ីតាលីវិញ។ អគីឡាសនិងព្រីស៊ីឡាបានត្រឡប់ទៅក្រុងរ៉ូមវិញ។ ក្រោយមក នៅពេលសាវ័កប៉ុលសរសេរសំបុត្រទៅកាន់ពួករ៉ូម គាត់បានសរសេរថា៖
«សូមជម្រាបសួរនាងព្រីស្កា និងលោកអគីឡាសឲ្យខ្ញុំផង។ គាត់ទាំងពីរនាក់បានធ្វើការបម្រើព្រះគ្រីស្ដ រួមជាមួយខ្ញុំ គាត់បានស៊ូប្ដូរជីវិត ដើម្បីជួយសង្គ្រោះខ្ញុំ ហើយមិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរគុណគាត់ ព្រះសហគមន៍ទាំងមូលរបស់សាសន៍ដទៃ ក៏អរគុណគាត់ដែរ។» (រ៉ូម ១៦:៣-៤)។
អគីឡាសត្រូវបានគេរកឃើញម្ដងទៀតនៅក្រុងអេភេសុស ដែលគាត់បានធ្វើការជាមួយសាវ័កធីម៉ូថេ (Timothy)។ កាលសាវ័កប៉ុលជាប់គុកនៅរ៉ូម គាត់បានសរសេរទៅកាន់ធីម៉ូថេថា៖
«សូមជំរាបសួរព្រីស្កានិងអគីឡាស» (២ធីម៉ូថេ ៤:១៩)។
ជាអគ្គប៊ីស្សប អគីឡាសបានធ្វើពិធីជ្រមុជទឹកដល់មនុស្សជាច្រើន បំផ្លាញសំណាកព្រះក្លែងក្លាយ សាងសង់ព្រះវិហារ តែងតាំងបូជាចារ្យ និងផ្សព្វផ្សាយសិរីល្អអំពីព្រះរាជបុត្រាដែលបានចាប់កំណើតក្នុងចំណោមមនុស្ស។ ទីបំផុត គាត់ត្រូវបានសម្លាប់ដោយពួកអ្នកកាន់សាសនាព្រះក្លែងក្លាយដ៏អាក្រក់ ហើយបានចូលទៅកាន់ព្រះរាជ្យរបស់ព្រះគ្រីស្ទ។
