សត្ត អគ្គមរណសាក្សី ប្រ៉ូកូពីយុស ដ៏វិសុទ្ធ
THE HOLY GREAT MARTYR SAINT PROCOPIUS

ប្រ៉ូកូពីយុស (Procopius) កើតនៅក្រុងយេរូសាឡិម (Jerusalem) ជាកូនរបស់ឪពុកដែលជាគ្រីស្ទាន និងម្ដាយដែលកាន់សាសនាអារក្សនិយម។ ដំបូងគេហៅគាត់ថា នេអានីយ៉ាស (Neanias)។ បន្ទាប់ពីឪពុកគាត់ស្លាប់ ម្ដាយរបស់គាត់បានចិញ្ចឹមបីបាច់គាត់តាមរបៀបសាសនាបូជាដល់ព្រះក្លែងក្លាយរបស់ពួករ៉ូមាំង។ ពេលនេអានីយ៉ាសចម្រើនវ័យ អធិរាជឌីអូក្លេស្យង់ (Diocletian) បានឃើញគាត់ ហើយស្រឡាញ់ពេញចិត្ត ហើយបាននាំគាត់មកព្រះបរមរាជវាំងដើម្បីធ្វើជាទាហាន។នៅពេលអធិរាជដ៏ទុច្ចរិតនេះបានចាប់ផ្តើមបៀតបៀនពួកគ្រីស្ទាន គាត់បានបញ្ជាឱ្យនេអានីយ៉ាសនាំទាហានមួយក្រុមទៅក្រុង អាឡិច សង់ឌ្រីយ៉ា (Alexandria) ដើម្បីសម្លាប់គ្រីស្ទាន។ ប៉ុន្តែក្នុងដំណើរ អព្ភូតហេតុអស្ចារ្យមួយបានកើតឡើងដូចដែលធ្លាប់កើតចំពោះលោកសូល (សត្តប៉ូល st Paul)។ នៅពេលយប់ជ្រៅ មានរញ្ជួយផែនដីយ៉ាងខ្លាំង ហើយព្រះអម្ចាស់បានបង្ហាញខ្លួន ព្រមជាមួយសំឡេងមួយថា៖
«នេអានីយ៉ាស តើអ្នកកំពុងទៅណា? ហើយតើអ្នកកំពុងបះបោរប្រឆាំងនឹងអ្នកណា?»
នេអានីយ៉ាសភ័យខ្លាចយ៉ាងខ្លាំង ហើយសួរថា៖
«ព្រះអម្ចាស់ តើព្រះអង្គជានរណា? ខ្ញុំមិនអាចមើលស្គាល់ព្រះអង្គទេ។»
ពេលនោះ ឈើឆ្កាងដ៏ភ្លឺថ្លាដូចគ្រឿងពេជ្រ បានបង្ហាញពីលើអាកាស ហើយសំឡេងមួយពីឈើឆ្កាងនោះមានបន្ទូលថា៖
«ខ្ញុំគឺព្រះយេស៊ូ ជាព្រះរាជបុត្ររបស់ព្រះ ហើយដែលត្រូវបានគេឆ្កាង។»
ព្រះអម្ចាស់បានមានបន្ទូលបន្ថែមទៀតថា៖
«ដោយសញ្ញានេះដែលអ្នកបានឃើញ ចូរឈ្នះសត្រូវរបស់អ្នក ហើយសន្តិភាពរបស់ខ្ញុំនឹងស្ថិតនឹងអ្នក។»
ជីវិតរបស់នេអានីយ៉ាសក៏បានប្រែប្រួលយ៉ាងខ្លាំង។ គាត់បានចាត់ឱ្យគេធ្វើឈើឆ្កាងដូចអ្វីដែលគាត់បានឃើញ ហើយជំនួសការវាយប្រហារគ្រីស្ទាន គាត់និងទាហានរបស់គាត់បានទៅប្រយុទ្ធប្រឆាំងនឹងសត្រូវអាហ្គារី (Agarians) ដែលកំពុងវាយប្រហារយេរូសាឡិម។ គាត់ត្រឡប់មកក្រុងយេរូសាឡិមដោយជ័យជំនះ ហើយបានថ្វាយខ្លួនជាគ្រីស្ទានចំពោះម្ដាយរបស់គាត់។ នៅពេលត្រូវបានគេយកទៅកាត់ក្ដី នេអានីយ៉ាសបានដកខ្សែក្រវាត់និងដាវរបស់គាត់ចោល ដើម្បីបង្ហាញថាគាត់គឺជាទាហានរបស់ព្រះគ្រិស្តជាស្តេច តែប៉ុណ្ណោះ។បន្ទាប់ពីត្រូវគេធ្វើទារុណកម្មយ៉ាងឃោរឃៅ គាត់ត្រូវបានគេចាប់ដាក់គុក។ នៅទីនោះ ព្រះគ្រិស្តជាព្រះអម្ចាស់ បានបង្ហាញខ្លួនមកដល់គាត់ម្ដងទៀត ធ្វើពិធីបុណ្យជ្រមុជទឹកឱ្យគាត់ ហើយប្រទានឈ្មោះថា ប្រ៉ូកូពីយុស (Procopius)។ ថ្ងៃមួយ មានស្ត្រី១២នាក់បានមកនៅខាងក្រៅបង្អួចគុករបស់គាត់ ហើយនិយាយថា៖
«យើងក៏ជាអ្នកបំរើព្រះគ្រិស្តដែរ។»
ដោយសារការចោទប្រកាន់លើរឿងនេះ ពួកនាងត្រូវបានគេចាប់ដាក់គុកជាមួយគាត់ដែរ។ សត្តប្រ៉ូកូពីយុសបានបង្រៀនពួកនាងអំពីជំនឿគ្រីស្ទាន ហើយរៀបចំពួកនាងឱ្យទទួល «មកុដនៃមរណសាក្សី» (នេះជាមូលហេតុដែលដែលសត្តប្រ៉ូកូពីយុស រួមជាមួយនឹងព្រះចៅអធិរាជ កុងស្តង់ទីន និងរាជនីហេឡេណា ត្រូវបាននិយាយរំលឹកឡើងក្នុងពិធីបំពាក់ម្កុតក្នុងពិធីរៀបការ )។
ក្រោយមក ស្ត្រីទាំង១២នាក់ត្រូវបានគេធ្វើទារុណកម្មយ៉ាងឃោរឃៅ។ ម្ដាយរបស់ប្រ៉ូកូពីយុស ដោយបានឃើញសេចក្ដីក្លាហានរបស់ពួកនាង ក៏បានជឿលើព្រះយេស៊ូដែរ។ ទីបំផុត ពួកគេទាំង១៣នាក់ត្រូវបានគេសម្លាប់។នៅពេលដែលសត្តប្រ៉ូកូពីយុសត្រូវគេនាំទៅទីប្រហារជិវិត គាត់បានលើកដៃឡើងទៅទិសខាងកើត ហើយអធិស្ឋានសម្រាប់អ្នកក្រីក្រ អ្នកដែលមានតម្រូវការ ក្មេងកំព្រា និងមេម៉ាយ ហើយជាពិសេសដើម្បីព្រះសហគមន៍ដ៏វិសុទ្ធ ឱ្យវាលូតលាស់ និងឱ្យសាសនាអរតូដុក្សភ្លឺរុងរឿងដល់ទីបញ្ចប់នៃកាល។ គាត់បានដឹងថាព្រះបានស្ដាប់ពាក្យអធិស្ឋានរបស់គាត់ ពីស្ថានសួគ៌។ បន្ទាប់មក គាត់បានដាក់ក្បាលដោយអំណរក្រោមដាវ ហើយចូលទៅរកព្រះអម្ចាស់ក្នុងសេចក្ដីអំណរដ៏អស់កល្ប។សត្តប្រ៉ូកូពីយុសបានទទួលមរណភាពដ៏ថ្លៃថ្នូរនៅក្រុងកេសារី (Caesarea) ក្នុងប៉ាឡេស្ទីន (Palestine) ហើយត្រូវបានគ្រងមកុដនៃសិរីរុងរឿងដ៏អមតៈ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ៣០៣ គ.ស.។
