សត្តបុគ្គលនៃ ថ្ងៃទី9 ខែកក្កដា​

THE PRIESTLY-MARTYR PANCRATIUS [PANCRAS], BISHOP OF TAORMINA


សត្តប៉ាន់ក្រាទីយុស (Pancratius) កើតនៅក្រុងអង់ទីយ៉ុក (Antioch) ក្នុងរជ្ជកាលដែលព្រះយេស៊ូគ្រីស្ទទ្រង់យាងមកក្នុងចំណោមមនុស្សលើផែនដី។ ឪពុកម្ដាយរបស់គាត់បានឮអំពីការអស្ចារ្យរបស់ព្រះយេស៊ូ ហើយបានចង់ជួបព្រះអង្គ។ ពួកគេបាននាំប៉ាន់ក្រាទីយុសមកក្រុងយេរូសាឡិម (Jerusalem) ដែលពួកគេបានឃើញព្រះយេស៊ូ ស្ដាប់ព្រះបន្ទូលរបស់ទ្រង់ និងឃើញអព្ភូតហេតុអស្ចារ្យរបស់ទ្រង់។ នៅទីនោះដែរ ប៉ាន់ក្រាទីយុសបានជួបសាវ័កពេត្រុស (Peter)។បន្ទាប់ពីព្រះយេស៊ូយាងឡើងស្ថានសួគ៌ ឪពុកម្ដាយនិងកូននេះបានទទួលពិធីជ្រមុជទឹកនៅក្រុងអង់ទីយ៉ុក។ ប៉ាន់ក្រាទីយុស បានចាកចេញទៅរស់នៅក្នុងគុហានៅតំបន់ពុនទុស (Pontus) ដែលសាវ័កពេត្រុសបានរកឃើញគាត់។ ដោយការព្រមព្រៀងជាមួយសាវ័កប៉ុល (Paul) ពេត្រុសបានតែងតាំងប៉ាន់ក្រាទីយុសជា អគ្គប៊ីស្សបនៃក្រុង តាអ័រ មីណា (Taormina) ក្នុងតំបន់ ស៊ីស៊ីលី (Sicily)។នៅក្រុងតាអ័រមីណាសត្តប៉ាន់ក្រាទីយុសបានធ្វើអព្ភូតហេតុអស្ចារ្យជាច្រើន បំផ្លាញសំណាកព្រះក្លែងក្លាយ ធ្វើពិធីជ្រមុជទឹកអោយអ្នកដែលមិនទាន់បានទទួលស្គាល់ព្រះជាម្ចាស់ ព្រមទាំងពង្រឹងជំនឿអ្នកដែលបានទទួលពិធីនេះរួចហើយ។ គាត់បានដឹកនាំព្រះសហគមន៍ដោយសុចរិត។

មេទ័ពអារក្សនិយមម្នាក់ឈ្មោះ អាគីលីនុស (Aquilinus) បានឮថាទីក្រុងតាអ័រមីណាទាំងមូលបានក្លាយជាទីក្រុងគ្រីស្ទាន ហើយបានលើកទ័ពមកដើម្បីបំផ្លិចបំផ្លាញទីក្រុង។ សត្តប៉ាន់ក្រាទីយុសបានធានាដល់គ្រីស្ទានថា កុំភ័យ ហើយគាត់បានយាងចេញពីទីក្រុងជាមួយនឹងពួកបូជាចារ្យ ដោយកាន់អាវុធដ៏មិនចាញ់ប្រៀប គឺ ឈើឆ្កាងដ៏បរិសុទ្ធ។ នៅពេលដែលទ័ពពួកអារក្សនិយមចូលមកជិតទីក្រុង ភាពងងឹតដ៏គួរឱ្យភ័យខ្លាចបានគ្របដណ្ដប់លើពួកគេ ហើយទាហានទាំងអស់ក៏ភ័យរន្ធត់។ ពួកគេបានវឹកវរដាក់គ្នាទៅវិញទៅមក ហើយចាក់កាប់គ្នាដោយដាវរបស់ពួកគេផ្ទាល់។ ដូច្នេះ សត្តប៉ាន់ក្រាទីយុសបានជួយសង្គ្រោះទីក្រុង និងហ្វូងគ្រីស្ទានដោយអំណាចនៃការអធិស្ឋានរបស់គាត់។ទីបំផុត សត្តប៉ាន់ក្រាទីយុសត្រូវបានគេធ្វើទារុណកម្មដោយការចោលដុំថ្មលើ​គាត់ រហូតដល់ស្លាប់ ដោយសារពួកអារក្សនិយមដ៏ច្រណែននិងអាក្រក់។ គាត់បានសោយសុគតយ៉ាងថ្លៃថ្នូរ ហើយសពដ៏វិសុទ្ធរបស់គាត់បច្ចុប្បន្នស្ថិតនៅក្រុងរ៉ូម (Rome)។