សត្តីមរណសាក្សី ម៉ារីណា (Marina) ដ៏វិសុទ្ធ
THE PRIESTLY-MARTYR ATHENOGENES, BISHOP OF SEBASTE IN ARMENIA

សត្តីម៉ារីណា (Marina) កើតនៅក្នុងទីក្រុងពីស៊ីឌីញ៉ា (Pisidia) នៃអង់ទីយ៉ុក (Antioch) ពីឪពុកម្តាយដែលគោរពសាសនាអារក្សនិយម។ ពេលនាងមានអាយុ ១២ ឆ្នាំ នាងបានរៀនដឹងអំពីព្រះអម្ចាស់យេស៊ូគ្រីស្ទ ៖ អំពីការប្រសូតរបស់ទ្រង់ពីស្ត្រីព្រហ្មចារីដ៏បរិសុទ្ធបំផុត អំពីអព្ភូតហេតុអស្ចារ្យជាច្រើនដែលទ្រង់បានធ្វើ ការឈឺចាប់របស់ទ្រង់នៅលើឈើឆ្កាង និងការរស់ឡើងវិញដ៏រុងរឿងរបស់ទ្រង់។ បេះដូងដ៏ក្មេងវ័យរបស់នាងបានឆេះឆួលដោយសេចក្តីស្រឡាញ់ចំពោះព្រះអម្ចាស់ នាងបានសន្យាថានឹងមិនរៀបការ ហើយនៅក្នុងព្រលឹង នាងប្រាថ្នាការទទួលទុក្ខដើម្បីព្រះគ្រីស្ទ និងការទទួលពិធីជ្រមុជទឹកដោយឈាមជាមរណសាក្សី។ ឪពុករបស់នាងស្អប់នាងដោយសារជំនឿ ហើយមិនទទួលស្គាល់នាងជាកូនរបស់គាត់ទេ។
អភិបាលតំបន់ ឈ្មោះ អូលីមប្រ៊ីអូស (Olymbrius) កាលបានដឹងថាម៉ារីណាជាគ្រីស្ទាន ដំបូងចង់ឲ្យនាងក្លាយជាប្រពន្ធរបស់គាត់។ ពេលនាងបដិសេធ គាត់បានបញ្ជាឲ្យនាងថ្វាយបង្គំព្រះក្លែងក្លាយ។ សត្តីម៉ារីណាបានឆ្លើយថា៖
«ខ្ញុំនឹងមិនថ្វាយបង្គំ ឬបូជាដល់ព្រះបដិមាដែលឥតដង្ហើម និងជីវិតទេ ហើយដែលមិនស្គាល់ខ្លួនឯង និងមិនដឹងថាយើងគោរពឬមិនគោរពពួកគេឡើយ។ ខ្ញុំនឹងមិនឲ្យកិត្តិយសដល់ពួកគេ ដែលខ្ញុំផ្ដល់សម្រាប់តែព្រះ ដែលជាអ្នកបង្កើតខ្ញុំតែប៉ុណ្ណោះ។»
បន្ទាប់មក អូលីមប្រ៊ីអូសបានធ្វើទារុណកម្មនាងយ៉ាងឃោរឃៅ ហើយចោលនាងទៅក្នុងគុក ដោយស្បែករបស់នាងពោរពេញដោយរបួស និងឈាម។ នៅក្នុងគុក ម៉ារីណាបានអធិស្ឋានទៅព្រះជាម្ចាស់។ ក្រោយពេលអធិស្ឋាន អារក្សបានបង្ហាញខ្លួនក្នុងរូបជាពស់អាក្រក់ ហើយរុំជុំវិញក្បាលនាង។ ពេលនាងធ្វើសញ្ញាឈើឆ្កាង ពស់នោះបានចាកចេញហើយបាត់អស់។ បន្ទាប់មក ពន្លឺស្ថានសួគ៍បានរុំព័ទ្ធនាង ហើយនាងមើលឃើញថា ជញ្ជាំង និងដំបូលគុកបានរលាយបាត់ ហើយឈើឆ្កាងដ៏ភ្លឺថ្លាមួយបានលេចឡើង។ សត្វព្រាពពណ៌សមួយបានអង្គុយលើឈើឆ្កាង ហើយនិយាយថា៖
«ចូរមានអំណរម៉ារីណាអើយ នាងដែលជាព្រាពដ៏ឆ្លាតវៃរបស់ព្រះគ្រីស្ទ បុត្រីនៃភ្នំស៊ីយ៉ូន(Zion) ក្នុងទីខ្ពស់បំផុត ដ្បិតថ្ងៃនៃអំណររបស់នាងកំពុងខិតជិតមកដល់។»
ពេលនោះ ម៉ារីណាត្រូវបានព្រះអម្ចាស់ប្រោសឲ្យបានជាសះស្បើយពីរបួសទាំងអស់។ ចៅក្រមឆ្កួតវង្វេងបានធ្វើទារុណកម្មនាងម្តងទៀតនៅថ្ងៃបន្ទាប់ ទាំងក្នុងភ្លើង និងទឹក ប៉ុន្តែនាងអត់ទ្រាំបានទាំងអស់ ដូចជានាងស្ថិតនៅក្នុងរូបកាយផ្សេង។ ចុងក្រោយ គាត់បានកាត់ក្បាលនាង។ មុនស្លាប់ ព្រះយេស៊ូ ព្រមជាមួយពួគទេវទូត បានបង្ហាញខ្លួនដល់នាង ។ នាងត្រូវបានគេកាត់ក្បាលនៅសម័យអធិរាជឌីអូក្លេស្យាន (Diocletian) ប៉ុន្តែដោយព្រលឹង និងអំណាច នាងនៅតែរស់នៅស្ថានសួគ៌ និងលើផែនដី។
ដៃរបស់សត្តីម៉ារីណាម្ខាងត្រូវបានរក្សាទុកនៅសង្ឃស្ថានវ៉ាតូបេឌី (Vatopedi) លើភ្នំអាថូស (Athos)។ ក៏មានសង្ឃស្ថានមួយដែលឧទ្ទិសដល់សត្តីម៉ារីណា ដែលអដ្ធិធាតុខ្លះរបស់នាងដែលពេញដោយការអស្ចារ្យ គង់នៅ ។ សង្ឃស្ថាននេះ ស្ថិតនៅលើភ្នំឡាងហ្គា (Langa) ប្រទេសអាល់បានី ដែលមើលឃើញបឹងអូរីដ (Ohrid) បាន។ អព្ភូតហេតុអស្ចារ្យជាច្រើនបានកើតឡើង ហើយនៅតែកើតឡើងនៅកន្លែងនេះ ដែលមិនត្រឹមតែគ្រីស្ទានប៉ុណ្ណោះទេ ថែមទាំងមានអ្នកកាន់សាសនាអ៊ីស្លាមជាច្រើនដែលបានឃើញផងដែរ។ ជនជាតិតួកគី មានការគោរពយ៉ាងខ្លាំងចំពោះទីកន្លែងដ៏វិសុទ្ធនេះ ដែលពួកគេមិនហ៊ានរំខានដល់សង្ឃស្ថាន ឬទ្រព្យសម្បត្តិរបស់វាឡើយ។ កាលពីមុន មានជនជាតិតួក ម្នាក់បានក្លាយជាអ្នកថែរក្សាសង្ឃស្ថាននេះផងដែរ។
