ហៀរ៉ូមារធើរ (មរណសាក្សីដែលជាបូជាចារ្យ) អាថេណូហ្សែន ប៊ីស្សបនៃសេបាស្តេ ក្នុងប្រទេសអាមេនី
THE PRIESTLY-MARTYR ATHENOGENES, BISHOP OF SEBASTE IN ARMENIA

សត្តអាថេណូហ្សែន (Athenogenes) បានរស់នៅក្នុងសង្ឃស្ថានមួយនៅជិតទីក្រុងសេបាស្តេ (Sebaste) ជាមួយសិស្សរបស់គាត់ចំនួនដប់នាក់។ ក្នុងរាជ្យអធិរាជឌីអូក្លេស្យាន (Diocletian) មានអ្នកបៀតបៀនគ្រីស្ទានដ៏ឃោរឃៅម្នាក់ឈ្មោះ ហ្វីឡូម៉ាក (Philomarchus) បានមកដល់ទីក្រុងសេបាស្តេ។ គាត់បានចាប់ខ្លួន និងសម្លាប់គ្រីស្ទានជាច្រើននៅក្នុងទីក្រុងនោះ។ ពេលឃើញសត្ត អាថេ ណូហ្សែន និងសិស្សរបស់គាត់ គាត់បានប្រាប់ព្រឹទ្ធាចារ្យនេះ ឲ្យបូជាដល់រូបចំលាក់ព្រះក្លែងក្លាយដើម្បីកុំឲ្យស្លាប់ដូចគ្រីស្ទានដទៃទៀត។ សត្តអាថេណូហ្សែនបានឆ្លើយតបទៅគាត់ថា៖ «ឱអ្នកបៀតបៀនអើយ! ពួកមនុស្សដែលអ្នកនិយាយថាបានស្លាប់ទៅហើយនោះ គឺមិនបានស្លាប់ទេ បុន្តែគឺពួកគាត់ស្ថិតនៅស្ថានសួគ៌ ហើយកំពុងរីករាយជាមួយពួកទេវទូត!»
នៅពេលនោះដែរ សត្វព្រៃមួយក្បាល (ដំរីញី) ដែលសត្តអាថេណូហ្សែនដ៏មានមេត្តាធម៌ធ្លាប់ចិញ្ចឹមដោយដៃរបស់គាត់ បានរត់មករកគាត់ ហើយឃើញគាត់កំពុងជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ ក៏ចាប់ផ្ដើមយំ។ សូម្បីតែសត្វព្រៃនៅលើភ្នំក៏មានចិត្តអាណិតអាសូរចំពោះមរណសាក្សីរបស់ព្រះគ្រីស្ទ ជាងពួកអ្នកកាន់សាសនាព្រះក្លែងក្លាយទៅទៀត!
បន្ទាប់ពីការធ្វើទារុណកម្មយ៉ាងឃោរឃៅ ដែលក្នុងអំឡុងពេលនោះមានទេវទូតមកពីព្រះជាម្ចាស់ បានមកសម្រាលទុក្ខដល់មរណសាក្សីទាំងអស់ ហើយពួកគាត់ត្រូវបានគេកាត់ក្បាល ដោយដំបូងគឺចាប់ផ្ដើមជាមួយពួកបូជាចារ្យ និងសហការីទាំងអស់របស់សត្តអាថេណូហ្សែន ហើយបន្ទាប់មកគឺសត្តអាថេណូហ្សែនផ្ទាល់។ ពួកគាត់ទាំងអស់បានឡើងទៅកាន់ស្ថានសួគ៌ដ៏វិសុទ្ធក្នុងឆ្នាំ៣១១ គ.ស.។
