សត្តម៉ាកាប៊ីទាំង៧ រួមជាមួយមាតារបស់ពួកលោក ឈ្មោះសូឡូម៉ូនីយ៉ា និងបូជាចារ្យអេលេអាហ្សារ
THE SEVEN MACCABEES, THEIR MOTHER SOLOMONIA AND ELEAZAR THE PRIEST

ពួកលោកទាំងអស់បានរងទុក្ខដោយសារសេចក្តីបរិសុទ្ធនៃជំនឿលើសាសនាអ៊ីស្រាអែល ក្រោមរាជ្យព្រះបាទអង់ទីយ៉ូកុស (Antiochus) ដែលមួយចំនួនហៅលោកថា “អេពីផានេស” (Epiphanes) មានន័យថា “អ្នកដែលត្រូវបានបំភ្លឺ” ខណៈអ្នកដទៃហៅលោកថា “អេពីម៉ានេស” (Epimanes) មានន័យថា “មនុស្សឆ្កួត”។ ដោយសារបាបដ៏ធ្ងន់ធ្ងររបស់ក្រុងយេរូសាឡឹម ជាពិសេសការប៉ុនប៉ងរំលំ រំលាយឋានៈក្រុមបូជាចារ្យ និងអំពើឧក្រិដ្ឋកម្មក្នុងអំឡុងពេលនៃការបះបោរនេះ ព្រះជាម្ចាស់បានអនុញ្ញាតឲ្យមានភាពវិនាសធំមកដល់ទីក្រុងដ៏វិសុទ្ធនេះ។ បន្ទាប់មក ព្រះបាទអង់ទីយ៉ូកុសបានព្យាយាមបង្ខំឲ្យជនជាតិយូដាទទួលយកសាសនាព្រះក្លែងក្លាយរបស់ពួកអារក្សនិយមហេលែន (Hellenic paganism) ដោយគ្រប់មធ្យោបាយ ហើយលោកបានធ្វើអ្វីៗទាំងអស់ដើម្បីលុបបំបាត់ជំនឿចំពោះព្រះតែមួយដ៏មានព្រះជន្មរស់។ ពួកបូជាចារ្យដែលគ្មានសីលធម៌ និងព្រឹទ្ធាចារ្យផ្សេងទៀតនៅយេរូសាឡឹម បានជួយព្រះបាទអង់ទីយ៉ូកុសក្នុងគោលបំណងនេះ។
ព្រះបាទអង់ទីយ៉ូកុសផ្ទាល់បានយាងមកក្រុងយេរូសាឡឹម ហើយបានបញ្ជាឲ្យជនជាតិយូដាទាំងអស់បរិភោគសាច់ជ្រូក ដែលផ្ទុយនឹងវិន័យរបស់លោកម៉ូសេ ព្រោះការបរិភោគសាច់ជ្រូកគឺជាការបដិសេធចំពោះជំនឿអ៊ីស្រាអែលយ៉ាងច្បាស់លាស់។ លោកអេលេអាហ្សារ (Eleazar) ដែលជាព្រឹទ្ធាចារ្យនិងជាអ្នកបកប្រែម្នាក់ក្នុងចំណោមអ្នកបកប្រែទាំង៧០នាក់ ដែលបកព្រះគម្ពីរសញ្ញាចាស់ពីភាសាហេព្រើរទៅជាភាសាក្រិក (ពួកសេបទ្យាហ្គីន, Septuagint) បានបដិសេធមិនបរិភោគសាច់ជ្រូក។ ដោយសារហេតុនេះ លោកត្រូវបានគេធ្វើទារុណកម្ម និងដុតសម្លាប់។
ពេលត្រឡប់មកអង់ទីយ៉ុកវិញ ព្រះមហាក្សត្របានយកក្មេងប្រុសចំនួន៧រូបដែលគេស្គាល់ថាជា គ្រួសារត្រកូលម៉ាកាប៊ី (Maccabees) ព្រមទាំងមាតារបស់ពួកគេឈ្មោះ សូឡូម៉ូនីយ៉ា (Solomonia) ទៅជាមួយ។ បងប្អូនម៉ាកាប៊ីទាំង៧នោះមានឈ្មោះថា អាវីម (Avim), អង់តូនីយ៉ុស (Antonius), អេលេអាហ្សារ (Eleazar), ហ្គុរីយ៉ុស (Gurius), អ៊ូសេបុន (Eusebon), អាគីម (Achim), និងម៉ាសេលុស (Marcellus)។ នៅចំពោះមុខមាតារបស់ពួកគេ ព្រះមហាក្សត្រឃោរឃៅបានធ្វើទារុណកម្មដល់កូនៗម្នាក់ៗ ដោយលាតស្បែកមុខពួកគេ ហើយបោះចូលទៅក្នុងភ្លើង។ ពួកគេទាំងអស់បានអត់ទ្រាំនឹងទារុណកម្មនិងសេចក្តីស្លាប់ដោយស្មោះត្រង់ ហើយមិនបានបដិសេធជំនឿរបស់ខ្លួនឡើយ។
ចុងក្រោយ នៅពេលដែលមាតាបានឃើញកូនប្រុសពៅរបស់នាង ដែលមានអាយុតែ៣ឆ្នាំ ត្រូវបានគេបោះចូលទៅក្នុងអណ្តាតភ្លើង នាងបានលោតចូលទៅក្នុងភ្លើងជាមួយ ហើយបានបញ្ជូនព្រលឹងរបស់នាងទៅថ្វាយព្រះជាម្ចាស់។ ពួកគេទាំងអស់បានរងទុក្ខដោយកិត្តិយសដើម្បីជំនឿចំពោះព្រះជាម្ចាស់តែមួយដ៏មានព្រះជន្មរស់ នៅប្រមាណឆ្នាំ ១៦៧ មុនគ្រិស្តសករាជ។
