ការរកឃើញ និងការប្ដូរទីតាំងនៃសពដ៏វិសុទ្ធរបស់សត្តស្តេហ្វាន់ (Stephen) អគ្គឌីដង់ (ជំនួយការបូជាចារ្យ) និងជាមរណសាក្សីដំបូង
THE FINDING AND THE TRANSLATION OF THE RELICS OF ST. STEPHEN, THE ARCHDEACON AND PROTO-MARTYR

កាលពួកយូដាដ៏ឃោរឃៅបានសម្លាប់សត្តស្តេហ្វាន់ដោយគប់ដុំថ្ម លើលោក ហើយពួកគេបានទុកសពលោកឲ្យសត្វឆ្កែស៊ី។ ប៉ុន្តែព្រះហឫទ័យរបស់ព្រះជាម្ចាស់បានសម្រេចផ្សេង។ សពរបស់មរណសាក្សីនេះបានដេកនៅកន្លែងវាលក្នុងទីក្រុងអស់រយៈពេលមួយយប់ និងពីរថ្ងៃ។ នៅយប់ទីពីរ ហ្គាម៉ាលីអែល (Gamaliel) ដែលជាគ្រូរបស់លោកប៉ូល (Paul) និងជាសាវ័កដោយសម្ងាត់របស់ព្រះគ្រិស្ត បានមកយកសពនេះទៅកាហ្វាហ្គាម៉ាឡា (Caphargamala) ហើយបញ្ចុះនៅក្នុងគុហាមួយនៅលើដីរបស់គាត់។ ក្រោយមក ហ្គាម៉ាលីអែលក៏បានបញ្ចុះសពមិត្តរបស់គាត់ឈ្មោះនីកូឌីមុស (Nicodemus) ដែលបានស្លាប់ដោយសារយំសោកនៅលើផ្នូររបស់ស្តេហ្វាន់ នៅក្នុងគុហាដដែលនេះ។ ហ្គាម៉ាលីអែលក៏បានបញ្ចុះសពកូនធម៌របស់គាត់ឈ្មោះអាប៊ីបុស (Abibus) នៅទីនោះដែរ ហើយតាមបំណងចុងក្រោយរបស់គាត់ សពរបស់គាត់ក៏ត្រូវបានបញ្ចុះនៅទីនោះដែរ។
រាប់សតវត្សក្រោយមក គ្មាននរណាដឹងថាកន្លែងបញ្ចុះសពរបស់សត្តស្តេហ្វាន់នៅឯណាឡើយ។ បន្ទាប់មក នៅឆ្នាំ៤១៥ នៃគ្រិស្តសករាជ ក្នុងរាជ្យរបស់សម្ដេចប៉ាទ្រីអាក្ខយ៉ូហាន (John) នៃក្រុងយេរូសាឡឹម ហ្គាម៉ាលីអែលបានបង្ហាញខ្លួននៅក្នុងសុបិនរបស់លោកលូសៀន (Lucian) ដែលជាបូជាចារ្យនៅកាហ្វាហ្គាម៉ាឡា ចំនួន៣ដង។ ហ្គាម៉ាលីអែលបានប្រាប់គ្រប់យ៉ាងអំពីការបញ្ចុះសពរបស់គាត់ផ្ទាល់ ព្រមទាំងសពរបស់សត្តស្តេហ្វាន់និងអ្នកដទៃទៀត ហើយក៏បង្ហាញទីតាំងពិតប្រាកដ នៃផ្នូររបស់ពួកលោក ដែលត្រូវបានគេបំភ្លេចចោល។ដោយរំភើបចិត្តដោយសុបិននេះ លោកលូសៀនបានជម្រាបសម្ដេចប៉ាទ្រីអាក្ខ ហើយដោយការអនុញ្ញាត គាត់បាននាំមនុស្សជាច្រើនទៅជីកយកសពទាំង៤។
ហ្គាម៉ាលីអែលបានប្រាប់គាត់តាមសុបិនថាផ្នូរនីមួយៗជារបស់អ្នកណា។ ក្លិនក្រអូបដ៏ពិសេស ដែលចេញពីសពដ៏វិសុទ្ធរបស់ពួកសត្តដ៏វិសុទ្ននេះ បានសាយផាយពេញគុហាទាំងមូល។ សពដ៏វិសុទ្ធរបស់សត្តស្តេហ្វាន់ត្រូវបានយកទៅក្រុងស៊ីយ៉ូន (Zion) ដោយពិធីដង្ហែដ៏ខ្ពង់ខ្ពស់ ហើយត្រូវបានបញ្ចុះយ៉ាងថ្លៃថ្នូរនៅទីនោះ។ ចំណែកសពដ៏វិសុទ្ធទាំង៣អង្គទៀតត្រូវបានដាក់នៅក្នុងព្រះវិហារមួយ ដែលស្ថិតនៅលើភ្នំខាងលើគុហា។ការព្យាបាលជាច្រើនដល់អ្នកជំងឺបានកើតឡើងដោយសារសពដ៏វិសុទ្ធរបស់សត្តស្តេហ្វាន់។ក្រោយមកសពដ៏វិសុទ្ធរបស់លោកត្រូវបានយកទៅក្រុងកុងស្តង់ទីនូប៉ុល(Constantinople)។ដូច្នេះព្រះអម្ចាស់បានប្រទានសិរីល្អយ៉ាងច្រើនដល់អ្នកដែលបានស្រក់ឈាមដើម្បីព្រះនាមរបស់ព្រះអង្គ។
