សត្តសាវ័កដ៏វិសុទ្ធ ស៊ីឡាស (Silas), ស៊ីលវ៉ាន (Silvanus), ក្រេស្កែន (Crescens), អេពែណេតុស (Epaenetus) និងអង់ត្រូនីគូស (Andronicus)
THE HOLY APOSTLES SILAS, SILVANUS, CRESCENS, EPAENETUS AND ANDRONICUS

ពួកលោកជាសវ័ក្នុងចំណោមសាវ័កទាំង៧០នាក់។ សត្តស៊ីឡាសត្រូវបានបញ្ជូនពីក្រុងយេរូសាឡឹមទៅក្រុងអង់ទីយ៉ុកជាមួយសត្តប៉ូល (Paul) និងបារណាបាស (Barnabas) ដើម្បីដោះស្រាយជម្លោះក្នុងចំណោមគ្រីស្ទាន នៅទីនោះអំពីការកាត់ស្បែក៖ គឺថាតើចាំបាច់ឬទេក្នុងការកាត់ស្បែកអ្នកកាន់សាសនាអារក្សនិយមបន្ទាប់ពីពួកគេបានកែប្រែក្លាយមកជាគ្រិស្ទាន។ បន្ទាប់មក ពួកសាវ័ក និងព្រឹទ្ធាចារ្យ ព្រមទាំងព្រះសហគមន៍ទាំងមូល បានសម្រេចចិត្តជ្រើសរើសបុរសពីនាក់ក្នុងចំណោមពួកគេដើម្បីបញ្ជូនទៅក្រុងអង់ទីយ៉ុកជាមួយសត្តប៉ូល និងបារណាបាស គឺយូដាដែលមានត្រកូលបាសាបាស (Barsabas) និងស៊ីឡាស ដែលជាមេដឹកនាំក្នុងចំណោមបងប្អូនព្រះសហគមន៍ (កិច្ចការ ១៥:២២)។ បន្ទាប់ពីនោះ ស៊ីឡាសបានធ្វើដំណើរជាមួយសត្តប៉ូលពេញអាស៊ី និងម៉ាសេដូនី ហើយត្រូវបានតែងតាំងជាប៊ីស្សបនៅក្រុងកូរិនថូស ដែលជាកន្លែងដែលលោកបានសោយទិវង្គតដោយស្ងប់សុខ។
សត្តស៊ីលវ៉ានបានជួយអគ្គសាវ័កទាំងពីរនាក់នេះ។ « ដោយមានលោកស៊ីលវ៉ានជាអ្នកស្មោះត្រង់បានជួយដើម្បីលើកទឹកចិត្តបងប្អូននិងបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនពិតជាស្ថិតនៅជាប់នឹងព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់មែន» (១ ពេត្រុស ៥:១២)។ «ថ្បិតព្រះគ្រីស្តយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលយើងប្រកាសគឺទាំងខ្ញុំទាំងលោកស៊ីលវ៉ាននិងលោកធីម៉ូថេប្រកាសក្នុងចំណោមបងប្អូននោះ» (២ កូរិនថូស ១:១៩)។ ក្នុងនាមជាប៊ីស្សបនៃក្រុងថេស្សាឡូនីច ស៊ីលវ៉ានបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ហើយរងទុក្ខយ៉ាងច្រើន រហូតដល់លោកបានផ្លាស់ប្តូរជីវិតពីផែនដីនេះទៅជីវិតស្ថានសួគ៌។
សត្តក្រេស្កែនជាដៃគូជាមួយសត្តប៉ូល ហើយក្រោយមកបានក្លាយជាប៊ីស្សបនៃក្រុងកាឡាទី និងជាអ្នកប្រកាសដំណឹងល្អនៅហ្គោល (Gaul) ដែលជាកន្លែងដែលលោកបានសោយទិវង្គតជាមរណសាក្សីដើម្បីព្រះគ្រិស្តក្នុងរាជ្យអធិរាជត្រាចាន់ (Trajan)។ «លោកដេម៉ាសបានបោះបង់ចោលខ្ញុំព្រោះគាត់ស្រឡាញ់លោកីយ៍នេះ ហើយចេញដំណើរទៅក្រុងថេស្សាឡូនិក។ លោកក្រេស្កែនបានទៅស្រុកកាឡាទីហើយលោកទីតុសទៅស្រុកដាល់ម៉ាទី។» (២ ទីម៉ូថេ ៤:១០)។
សត្តអេពែណេតុសត្រូវបានលោកសត្តប៉ូលនិយាយលើកឡើង ហើយជាប៊ីស្សបនៃក្រុងការថាច៍ (Carthage)។ «សូមជំរាបសួរដល់អេពែណេតុសជាទីស្រឡាញ់របស់ខ្ញុំ ដែលបានថ្វាយខ្លួនចំពោះព្រះគ្រីស្ដមុនគេបង្អស់ នៅស្រុកអាស៊ី។» (រ៉ូម ១៦:៥)។
សត្តអង់ត្រូនីគូស ដែលជាប៊ីស្សបនៃក្រុងប៉ានូនីយ៍ (Pannonia) ក៏ត្រូវបានគោរពរំលឹកដោយឡែកពីគ្នានៅថ្ងៃទី១៧ ឧសភា។ «សូមជម្រាបសួរលោកអង់ត្រូនីគូសនិងនាងយូញ៉ាសជាសាច់ញាតិរបស់ខ្ញុំ ដែលបានជាប់ឃុំឃាំងជាមួយខ្ញុំនោះដែរអ្នកទាំងពីរជាគ្រីស្ដទូតដែលគេគោរពរាប់អានខ្លាំងណាស់ហើយគាត់ក៏បានជឿព្រះគ្រីស្ដមុនខ្ញុំផង» (រ៉ូម ១៦:៧)។
