សត្ត យុវជន ទាំង៧អង្គ ដ៏វិសុទ្ធនៃក្រុងអេភេសូ
THE SEVEN HOLY YOUTHS OF EPHESUS

ក្នុងរាជ្យអធិរាជដេស៊ីអ៊ូស (Decius) មានការបៀតបៀនយ៉ាងឃោរឃៅលើគ្រិស្ទាន។ អធិរាជផ្ទាល់បានយាងមកក្រុងអេភេសូ ហើយបានរៀបចំពិធីបុណ្យដ៏អធិកអធម្ម និងដ៏រំខានដើម្បីគោរពបដិមាព្រះក្លែងក្លាយដ៏ឥតជីវិត ព្រមទាំងការសម្លាប់គ្រិស្ទានយ៉ាងឃោរឃៅ។ យុវជនប្រាំពីរនាក់ ដែលជាទាហាន បានបដិសេធមិនចូលរួមក្នុងពិធីបូជាដ៏មិនបរិសុទ្ធនេះ។ ពួកគេបានអធិស្ឋានដោយក្លៀវក្លាទៅកាន់ព្រះដ៏មានព្រះជន្មរស់តែមួយ ដើម្បីសង្គ្រោះប្រជាជនគ្រិស្ទាន។ ពួកគេជាកូនរបស់ព្រឹទ្ធាចារ្យដ៏មានឥទ្ធិពលបំផុតនៅក្រុងអេភេសូ ហើយឈ្មោះរបស់ពួកគេគឺ៖
1. ម៉ាក់ស៊ីមីលីអាន (Maximilian)
2. យ៉ាមប្លីគុស (Jamblicus)
3. ម៉ាទីន (Martin/Martinian)
4. យ៉ូហាន (John)
5. ឌីយ៉ូនីស៊ូស (Dionysius)
6. អិចសាគូស្តូឌីអានុស (Exacustodianus)
7. អង់តូនីន (Antonin/Antoninus)
ពេលពួកគេត្រូវបានគេថ្កោលទោសនៅចំពោះមុខអធិរាជ ពួកគេបានភៀសខ្លួនទៅភ្នំមួយនៅខាងក្រៅក្រុងអេភេសូ ហៅថា ភ្នំសេលីអុន (Celion) ហើយបានលាក់ខ្លួននៅក្នុងគុហាមួយ។ ពេលអធិរាជជ្រាបពីរឿងនេះ គាត់បានបញ្ជាឲ្យគេបិទជញ្ជាំងគុហានោះឲ្យជិត។ប៉ុន្តែព្រះជាម្ចាស់ដោយតាមព្រះហឫទ័យដ៏សបុរសរបស់ទ្រង់ បានធ្វើអព្ភូតហេតុ ដោយ ធ្វើឲ្យយុវជនទាំងនេះដេកលក់យ៉ាងស្កប់ស្កល់ អស់រយៈពេលយូរអង្វែង។
អ្នកបម្រើក្នុងរាជវាំងឈ្មោះ ថេអូដូរ (Theodore) និង រូហ្វីនុស (Rufinus) (ដែលជាគ្រិស្ទានដោយសម្ងាត់) បានសាងប្រអប់ស្ពាន់តូចមួយដាក់ក្នុងជញ្ជាំង ដែលមានផ្ទាំងដែកសរសេរឈ្មោះយុវជនទាំងនេះ និងកត់ត្រាការស្លាប់ដ៏ក្លាហានរបស់ពួកគេក្នុងរាជ្យអធិរាជដេស៊ីអ៊ូស។
ពេលវេលាកន្លងផុតទៅជាង ពីររយឆ្នាំ។ ក្នុងរាជ្យអធិរាជថេអូដូស៊ីអុស អធិរាជវ័យក្មេង (Theodosius the Younger, ៤០៨-៤៥០ គ.ស.) មានការជជែកដេញដោលយ៉ាងខ្លាំងអំពីការរស់ឡើងវិញនៃអ្នកស្លាប់ ហើយមានអ្នកខ្លះសង្ស័យអំពីរឿងនេះ។ ទ្រង់ព្រួយព្រះទ័យយ៉ាងខ្លាំង ហើយបានអធិស្ឋានទៅព្រះជាម្ចាស់ សុំឲ្យព្រះអង្គបង្ហាញសេចក្តីពិតដល់មនុស្សលោក។
នៅពេលនោះដែរ ពួកអ្នកចិញ្ចឹមចៀមរបស់លោក អាដូលីអុស (Adolius) ដែលជាម្ចាស់ភ្នំសេលីអុន កំពុងសាងសង់របងសម្រាប់ចៀមដោយប្រើថ្មពីគុហានោះ។ ពេលពួកគេដកថ្មចេញម្តងមួយៗ យុវជនទាំងនោះក៏ភ្ញាក់ពីដេក ហើយនៅក្មេង និងមានសុខភាពល្អដូចពេលដែលពួកគេដេកលក់។ ដំណឹងនៃអព្ភូតហេតុអស្ចារ្យនេះបានរីករាលដាលយ៉ាងឆាប់រហ័ស ហើយអធិរាជថេអូដូស៊ីអុស ក៏បានយាងមកជាមួយបរិវារាជវាំង ហើយសន្ទនាជាមួយកុមារទាំងនោះដោយហឬទ័យរីករាយ។
បន្ទាប់ពីមួយសប្តាហ៍ ពួកគេបានដេកលុងលក់ម្តងទៀត ដើម្បីរង់ចាំ ការរស់ឡើងវិញនៃអ្នកស្លាប់ទូទៅ។ អធិរាជថេអូដូស៊ីអុស ចង់ដាក់សព ពួកគេក្នុងម្ឈូសមាស ប៉ុន្តែពួកគេបានបង្ហាញខ្លួននៅក្នុងសុបិនរបស់អធិរាជ ហើយប្រាប់ឲ្យទុកពួកគេនៅក្នុងដីដូចកាលពួកគាត់បានគេងលក់។
