សត្តបុគ្គលនៃ ថ្ងៃទី10 ខែសីហា

THE HOLY MARTYRS ARCHDEACON LAWRENCE; SIXTUS, POPE OF ROME; AND OTHERS WITH THEM


នៅពេលដែលប៉ាបស្តេហ្វាន (Stephen) ត្រូវបានគេសម្លាប់ (ថ្ងៃទី២ ខែសីហា) សត្តស៊ីស្ទុស (Sixtus) ដែលកើតនៅអាតែន (Athens) ត្រូវបានតែងតាំងជាប៉ាបថ្មី។ ស៊ីស្ទុសធ្លាប់ជាទស្សនវិទូ មុននឹងក្លាយជាគ្រិស្តសាសនិក។ នេះជាសម័យដែលបីស្សបរ៉ូមត្រូវបានគេសម្លាប់ម្នាក់ហើយម្នាក់ទៀត៖ ការក្លាយជាបីស្សបរ៉ូមមានន័យថាត្រៀមខ្លួនសម្រាប់ការបូជាជីវិតជាមរណៈសាក្សី។​ចៅអធិរាជឌេស្យុស (Decius) បានប្តេជ្ញានឹងកម្ទេចគ្រិស្តសាសនា។


ប៉ាបស៊ីស្ទុសត្រូវបានគេយកមកជំនុំជម្រះយ៉ាងឆាប់រហ័ស ជាមួយនឹងឌីកងពីររូបរបស់គាត់ គឺហ្វេលីស៊ីស្មុស (Felicissmus) និងអាហ្គាពីទុស (Agapitus)។ នៅពេលដែលអ្នកទាំងបីរូបនេះត្រូវបានគេនាំទៅគុក អគ្គឌីកងលោរ៉ង់ (Lawrence) បាននិយាយទៅកាន់ប៉ាបថា៖
«លោកពុក លោកយាងទៅណាដោយគ្មានកូន? តើបីស្សប លោកយាងទៅណាដោយគ្មានអគ្គឌីកង?»
ប៉ាបបានលួងលោមគាត់ ហើយបានប្រកាសទុកមុនថា លោរ៉ង់នឹងត្រូវរងទុក្ខធ្ងន់ជាងនេះទៅទៀតដើម្បីព្រះគ្រិស្ត ហើយគាត់នឹងត្រូវដើរតាមផ្លូវនេះឆាប់ៗ។

ហើយពិតមែនតាមពាក្យព្យាការណ៍ទុកនេះ បន្ទាប់ពីស៊ីស្ទុសនិងអាចារ្យទាំងពីរត្រូវបានកាត់ក្បាល លោរ៉ង់ត្រូវបានគេចាប់ខ្លួន។ លោរ៉ង់បានរៀបចំកិច្ចការផ្ទាល់ខ្លួន និងកិច្ចការព្រះសហគមន៍ឱ្យគេស្គាល់ជាមុន។ ដោយជាអ្នកគ្រប់គ្រងឃ្លាំង (oikonomos) របស់ព្រះវិហារ គាត់បានយកទ្រព្យសម្បត្តិដ៏មានតម្លៃទាំងអស់នៃព្រះវិហារទៅដាក់នៅផ្ទះរបស់សីរីអាកុស (Cyriacus) ដែលជាមនុស្សពេាះម៉ាយ។ (ក្នុងពេលនោះដែរ គាត់បានព្យាបាលអាការៈឈឺក្បាលយ៉ាងខ្លាំងរបស់សីរីអាកុសដោយការប៉ះដៃ ហើយនិងបានព្យាបាលមនុស្សខ្វាក់ម្នាក់ឈ្មោះក្រេសេនស្យុន (Crescention) ឱ្យភ្លឺភ្នែកវិញ។)


បន្ទាប់ពីត្រូវបានគេចាប់ដាក់គុក លោរ៉ង់បានព្យាបាលលោកលូស៊ីលុស (Lucillus) ដែលជាអ្នកទោសជាប់គុកជាយូរឆ្នាំ ឱ្យភ្លឺភ្នែកវិញ ហើយបានធ្វើពិធីជ្រមុជទឹកឱ្យគាត់។ ឃើញហេតុការណ៍នេះ ហ៊ីប៉ូលីតុស (Hippolytus) អ្នកយាមគុក ក៏បានទទួលពិធីជ្រមុជទឹកដែរ។ គាត់ក៏បានសុគតដើម្បីព្រះគ្រិស្តនាពេលក្រោយ (ថ្ងៃទី១៣ ខែសីហា)។


ដោយសារលោរ៉ង់មិនព្រមបដិសេធព្រះគ្រិស្ត ហើយថែមទាំងណែនាំចៅអធិរាជឌេស្យុសឱ្យលះបង់ព្រះរបស់ក្លែងក្លាយ មុខរបស់គាត់ត្រូវបានគេវាយដោយដុំថ្ម ហើយរាងកាយត្រូវបានវាយដោយខ្សែខ្យាដំរី (scorpion – ខ្សែនេះមានធ្មេញមុត និងចុងដូចកន្ទុយខ្យាដំរី)។ រ៉ូម៉ានុស (Romanus) ជាទាហានម្នាក់ដែលឈរមើលការធ្វើទារុណកម្ម បានទទួលជំនឿ គ្រិស្ទាន ហើយត្រូវបានគេកាត់ក្បាលភ្លាមៗ។

ចុងក្រោយ ពួកគេបានដាក់លោរ៉ង់លើដែកគោល (gridiron) ដោយអាក្រាតកាយ ហើយដុតភ្លើងពីក្រោម។ ក្នុងភ្លើងដែលឆេះរោលរាល សត្តលោរ៉ង់បានថ្លែងអំណរគុណដល់ព្រះជាម្ចាស់ ហើយចំអកដាក់ចៅអធិរាជចំពោះសាសនាអារក្សនិយមរបស់គាត់។ បន្ទាប់ពីលោរ៉ង់បានបញ្ចោញព្រលឹងបរិសុទ្ធនិងក្លាហានរបស់គាត់ទៅឯព្រះជាម្ចាស់ ហ៊ីប៉ូលីតុសបានយកសពរបស់គាត់ទៅផ្ទះសីរីអាកុសនៅពេលយប់ ហើយបន្ទាប់មកយកទៅដាក់ក្នុងគុហាដែលគាត់ត្រូវបានបញ្ចុះដោយកិត្តិយស។ សត្តលោរ៉ង់ និងអ្នកដទៃទៀតបានសុគតក្នុងឆ្នាំ២៥៨ នៃគ.ស។