សត្តមរណសាក្សីអេភ្លុស
THE HOLY MARTYR EUPLUS

អេភ្លុស (Euplus) គឺជាឌីកង (deacon) នៅទីក្រុងកាតានី (Catania) នៃតំបន់ ស៊ីស៊ីលី (Sicily)។ ចៅអធិរាជឌីអូក្លេស្យង់ (Diocletian) បានបញ្ជា ឱ្យមេបញ្ជាការ រ៉ូមាំងឈ្មោះពេនតាហ្គូរុស (Pentagurus) ទៅស៊ីស៊ីលី ដើម្បីបំផ្លាញគ្រិស្តសាសនិក ទាំងអស់នៅទីនោះ។ តែពេនតាហ្គូរុសមិនបានឃើញគ្រិស្តសាសនិកសោះ ព្រោះអ្នកដែលនៅដែននោះបានលាក់ខ្លួន ហើយមិនបង្ហាញខ្លួនឡើយ។ ទោះជាយ៉ាងណា មានអ្នកចោទប្រកាន់អេភ្លុសថាបានយកសៀវភៅមួយទៅឱ្យគ្រិស្តសាសនិកដោយសំងាត់។ សៀវភៅនោះគឺ ព្រះគម្ពីរដំណឹងល្អដ៏វិសុទ្ធ (Holy Gospel)។ ពួកគេបាននាំគាត់មកកាត់ក្តី ព្យួរសៀវភៅនេាះនៅកដៃ ហើយចាប់គាត់ដាក់គុក។បន្ទាប់ពី៧ថ្ងៃនៃការជាប់ឃុំ និងអត់អាហារ អេភ្លុសត្រូវបានគេយកទៅធ្វើទារុណកម្ម។ នៅពេលពួកគេវាយគាត់ដោយដំបងដែក អេភ្លុសបាននិយាយ ដោយការចំអកទៅកាន់ចៅក្រមថា៖
«ឱអ្នកឥតដឹងខ្យល់អីអើយ តើអ្នកមិនឃើញទេថា ដោយព្រះគុណព្រះជាម្ចាស់ ទុក្ខទាំងនេះស្រាលស្មើនឹងសំណាញ់ពីងពាងសម្រាប់ខ្ញុំ? បើអ្នកអាច សូមរកទណ្នកម្មដ៏កាចសាហាវជាងនេះមក ព្រោះទាំងអស់នេះគឺដូចជាប្រដាប់ក្មេងលេង បុណ្ណោះ!»
បន្ទាប់ពីធ្វើទារុណកម្មបន្ត ពួកគេបាននាំសត្តមរណសាក្សី របស់ព្រះគ្រិស្តនេះទៅកន្លែងទីលាន ប្រហារជិវិត។ នៅទីនោះ សត្តអេភ្លុសបានបើកព្រះគម្ពីរដ៏វិសុទ្ធ ហើយអានឱ្យប្រជាជនស្តាប់អស់ពេលយូរ។ មនុស្សជាច្រើនបានទទួលយកជំនឿគ្រិស្តសាសនា។ សត្តអេភ្លុសត្រូវបានគេកាត់ក្បាលក្នុងឆ្នាំ៣០៤ នៃគ.ស. ហើយបានឡើងទៅគង់នៅក្នុង នគរ ស្ថានសួគ៌។ សពដ៏បរិសុទ្ធរបស់គាត់ ដែលពេញដោយអព្ភូតហេតុអស្ចារ្យ ស្ថិត នៅក្នុង ភូមិមួយជិតក្រុងណាប៉ូលី (Naples) ហៅថាភូមិ វីគូ ដែល បាតូនី (Vico della Batonia)។
