សត្តបុគ្គលនៃ ថ្ងៃទី13 ខែសីហា

THE HOLY MARTYR HIPPOLYTUS


ហ៊ីប៉ូលីតុស (Hippolytus) គឺជាមេបញ្ជាការយោធា និងជាអ្នកគ្រប់គ្រងគុកនៅក្រុងរ៉ូម (Rome)។ គាត់កើត និងធំឡើងក្នុងសាសនាអារក្សនិយម។ នៅពេលដែលសត្តលោរ៉ង់ស៍ (Lawrence) ដែលជាអគ្គឌីកងត្រូវបានគេចាប់ដាក់គុក ហ៊ីប៉ូលីតុសត្រូវបានអធិរាជបញ្ជាអោយឃ្លាំមើលអ្នកទោសនេះយ៉ាងហ្មត់ចត់។ ហ៊ីប៉ូលីតុសបានឃើញដោយភ្នែករបស់ខ្លួនឯងពី​ របៀបដែលសត្តលោរ៉ង់ស៍ បានព្យាបាលអោយមនុស្សខ្វាក់ម្នាក់ឈ្មោះ លុចស៊ីលុស (Lucillus) ឲ្យមើលឃើញវិញ ហើយក៏ព្យាបាលអ្នកជាច្រើនទៀតដែលមានជម្ងឺ ហើយបានធ្វើអោយ ហ៊ីប៉ូលីតុស ជឿលើព្រះគ្រីស្ទ។ នៅពេលដែលសត្តលោរ៉ង់ស៍ បានធ្វើពិធីជ្រមុជទឹកអោយគាត់ ហ៊ីប៉ូលីតុសបានឃើញនិមិត្តពីស្ថានសួគ៌មួយ ហើយបាននិយាយអំពីវាថា៖ «ខ្ញុំបានឃើញព្រលឹងបរិសុទ្ធជាច្រើនកំពុងរីករាយយ៉ាងខ្លាំង នៅស្ថានសួគ៌។» បន្ទាប់មក គាត់បាននាំសត្តលោរ៉ង់ស៍ទៅផ្ទះរបស់ខ្លួន ហើយសត្តលោរ៉ង់ស៍បានធ្វើពិធីជ្រមុជទឹកអោយសមាជិកគ្រួសារទាំងអស់ (សរុប១៩នាក់ រួមទាំងមេផ្ទះចាស់ម្នាក់ឈ្មោះកុងខរឌីយ៉ា (Concordia))។


នៅពេលដែលសត្តលោរ៉ង់ស៍ត្រូវបានគេសម្លាប់ដោយសារជំនឿលើព្រះគ្រីស្ទ ហ៊ីប៉ូលីតុសបានទៅយកសពរបស់មរណសាក្សីនៅពេលយប់ ខ្ចប់ក្នុងក្រណាត់ព័ណស ហើយបានបញ្ចុះដោយថ្លៃថ្នូរ។ ទោះជាយ៉ាងណា ការនេះត្រូវបានដឹងដល់អធិរាជឌីស៊ីយ៉ូស (Decius)។ នៅថ្ងៃទី៣បន្ទាប់ពីការស្លាប់របស់សត្តលោរ៉ង់ស៍ ហ៊ីប៉ូលីតុសត្រូវបានគេចាប់ខ្លួន ហើយនាំមកជួបអធិរាជ។ ដោយសារគាត់បដិសេធមិនព្រមបដិសេធជំនឿពិត គាត់ត្រូវបានគេវាយមាត់ដោយដុំថ្ម។ បន្ទាប់មក អធិរាជបានបញ្ជាអោយដោះសំលៀកបំពាក់ហ៊ីប៉ូលីតុស ហើយវាយគាត់ដោយរំពាត់។ ក្រោមស្ថានភាពអាម៉ាស់នេះ គាត់បាននិយាយថា៖ «អ្នកមិនបានដោះសំលៀកបំពាក់ខ្ញុំទេ — អ្នកបានចាប់ផ្ដើមស្លៀកពាក់ខ្ញុំទៅវិញទេ!» បន្ទាប់មក ពួកគេបានចងទាញដៃជើងគាត់នៅលើដី ហើយវាយគាត់យ៉ាងឃោរឃៅ។ ហ៊ីប៉ូលីតុសមិនបាននិយាយអ្វីក្រៅពី៖ «ខ្ញុំជាគ្រីស្ទាន។»

អធិរាជ ក្រោយពីដឹងថាសមាជិកគ្រួសាររបស់ហ៊ីប៉ូលីតុសទាំងអស់ជាគ្រីស្ទាន បានបញ្ជាអោយគេចាប់ខ្លួនពួកគេទាំងអស់។ មេផ្ទះចាស់កុងខរឌីយ៉ាបាននិយាយថា៖ «យើងសុខចិត្តស្លាប់ដោយកិត្តិយសជាមួយម្ចាស់របស់យើងក្នុងជំនឿគ្រីស្ទាន ជាជាងរស់នៅដោយអាម៉ាស់ជាមួយមនុស្ស ដែលមានឆន្ទះមិនស្អាតស្អំ។» កុងខរឌីយ៉ាត្រូវបានសម្លាប់មុនគេ ហើយបន្ទាប់មក សមាជិក១៨នាក់ទៀតក៏ត្រូវបានគេសម្លាប់ទាំងអស់នៅចំពោះមុខហ៊ីប៉ូលីតុស។ ចុងក្រោយ ពួកគេបានចងហ៊ីប៉ូលីតុសទៅនឹងសេះព្រៃ ហើយអូសគាត់យ៉ាងឃោរឃៅ រហូតដល់មរណសាក្សីនេះបានបញ្ចេញព្រលឹងទៅដល់ព្រះជាម្ចាស់។