សត្តបុគ្គលនៃ ថ្ងៃទី17 ខែសីហា

THE HOLY MARTYR MYRON THE PRESBYTER


មីរ៉ុន (Myron) គឺជាបូជាចារ្យនៅក្រុងអាខាយ៉ា (Achaia)។ ទោះបីជាកើតមកពីគ្រួសារអ្នកមាននិងមានមុខមាត់ក៏ដោយ គាត់គឺជាមនុស្សចិត្តល្អ ស្លូតបូត ហើយស្រឡាញ់ទាំងព្រះជាម្ចាស់ និងមនុស្សទាំងឡាយ។ ក្នុងរាជ្យអធិរាជឌីស៊ីយ៉ូស (Decius) នៅថ្ងៃបុណ្យកំណើតព្រះគ្រីស្ទ (Nativity of Christ) ពួកអារក្សនិយមបានវាយចូលព្រះវិហារ ហើយអូសយកមីរ៉ុនចេញពីពិធីថ្វាយបង្គំ បន្ទាប់មកពួកគេបានធ្វើទារុណកម្មគាត់ដោយដុតភ្លើង។ ក្នុងពេលទទួលទារុណកម្មនេះ ទេវទូតមួយអង្គបានបង្ហាញខ្លួនមកជួយអោយកម្លាំងចិត្តគាត់។

ពួកអារក្សនិយមបានចាប់កាត់ស្បែកគាត់ជាបន្ទះៗ ពីក្បាលរហូតដល់ជើង។ មរណសាក្សីមីរ៉ុនបានចាប់បន្ទះស្បែករបស់ខ្លួនមួយ ហើយវាយអ្នកដែលកំពុងធ្វើទារុណកម្មគាត់។ ដោយដូចជាត្រូវអារក្សចូល ចៅក្រមអង់ទីប៉ាត័រ (Antipater) បានដកដាវ ហើយកាត់កអោយខ្លួនឯងស្លាប់។ ចុងក្រោយ ពួកអារក្សនិយមបាននាំមីរ៉ុនទៅក្រុងស៊ីហ្ស៊ីគូស (Cyzicus) ហើយប្រហារជីវិតគាត់នៅទីនោះដោយដាវ ក្នុងឆ្នាំ២៥០ នៃគ.ស.។