សត្ត យ៉ូហាននៃរ៉ីឡា
Venerable John of Rila

សត្តដ៏វិសុទ្ធនិងជាអ្នកបួសដ៏អស្ចារ្យនៃព្រះសហគមន៍អរតូដុក្សនេះ បានប្រសូត្រនៅជិតក្រុងសូហ្វៀ (Sofia) ប្រទេសប៊ុលហ្គារី ក្នុងទីក្រុងស្គ្រីណូ (Skrino) ក្នុងរជ្ជកាលស្ដេចបូរីស (Boris)។ លោកបានកើតមកក្នុងគ្រួសារក្រីក្រប៉ុន្តែមានយសសក្តិ។ ក្រោយឪពុកម្ដាយទទួលមរណភាព លោកយ៉ូហានបានបួសជាសង្ឃ ហើយចេញទៅរស់នៅព្រៃភ្នំដាច់ស្រយាល ដែលលោករស់នៅក្នុងគុហាដោយការបួសដ៏តឹងរ៉ឹង។ នៅទីនោះ លោកបានជួបនឹងការល្បួងច្រើនយ៉ាង ទាំងពីអារក្ស មនុស្ស ចោរផ្លន់និងសាច់ញាតិរបស់លោកផ្ទាល់។ ទីបំផុត លោកបានផ្លាស់ទៅភ្នំរ៉ីឡា (Rila) ហើយរស់នៅក្នុងប្រហោងដើមឈើមួយ។ លោកបរភោគតែរុក្ខជាតិនិងសណ្តែក ដែលបានដុះនៅជិតៗនេាះ ស្របទៅតាមការផ្គត់ផ្គង់ប្រទានអោយមក ពី ព្រះជាម្ចាស់។អស់រយៈពេលជាច្រើនឆ្នាំ លោកមិនធ្លាប់ឃើញមុខមនុស្សណាទេ រហូតដល់ (ដោយព្រះហឫទ័យព្រះជាម្ចាស់) លោកត្រូវបានឃើញដោយអ្នកចិញ្ចឹមចៀមម្នាក់ដែលកំពុងរកចៀមដែលបានបាត់។
ពីពេលនោះមក លោកបានក្លាយជាអ្នកដែលមានមនុស្សស្គាល់ ហើយពួកគេបានមករកលោកដើម្បីសុំជំនួយនៅពេលឈឺថ្កាត់ ឬរងទុក្ខ។ សូម្បីតែស្ដេចភីធើ (Peter) នៃប៊ុលហ្គារីក៏បានមកគាល់លោក និងសុំដំបូន្មានផងដែរ។ មានមនុស្សជាច្រើនដែលចូលចិត្តជីវិតជាអ្នកបួសបានមករស់នៅជិតលោក។ មិនយូរប៉ុន្មាន ព្រះវិហារនិងសង្ឃស្ថានមួយត្រូវបានសាងសង់នៅជិតកន្លែងនោះ។លោកបានសោយទិវង្គតយ៉ាងស្ងប់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ៩៤៦ គ.ស. ក្នុងជនា្មយុ ៧០ វស្សា។ ក្រោយពីសោយទិវង្គត លោកបានបង្ហាញខ្លួនដល់សិស្សរបស់លោក។ ដំបូងឡើយ សពរបស់លោកត្រូវបានយកទៅក្រុងសូហ្វៀ បន្ទាប់មកទៅហុងគ្រី (Hungary) បន្ទាប់មកទៅទ្រីណូវ៉ូ (Trnovo) ហើយទីបំផុតត្រូវបាននាំមកសង្ឃស្ថានរ៉ីឡា (Rila Monastery) ដែលសពនេះស្ថិតនៅរហូតមកដល់សព្វថ្ងៃ។ជាច្រើនសតវត្ស សង្ឃស្ថានរ៉ីឡាបានក្លាយជាចង្កៀងនៃពន្លឺ ជាកន្លែងមានអព្ភូតហេតុអស្ចារ្យ និងជាកន្លែងផ្ដល់សេចក្ដីសង្ឃឹមដល់ប្រជាជនគ្រីស្ទាននៃប៊ុលហ្គារី ជាពិសេសក្នុងអំឡុងពេលជាប់ចំណងក្រោមការគ្រប់គ្រងរបស់ពួកតួក(Turk)។
