សត្តបុគ្គលនៃ ថ្ងៃទី22 ខែសីហា

THE HOLY MARTYRS AGATHONICUS, ZOTICUS AND OTHERS WITH THEM


សត្ត អាហ្គាថូនីកុស (Agathonicus) គឺជាពលរដ្ឋនៃក្រុងនីកូមេឌីយ៉ា (Nicomedia) និងជាគ្រិស្ទានដ៏មុតមាំក្នុងជំនឿ។ ដោយមានសេចក្ដីអង់អាចខ្លាំងក្លា លោកបានបំប្លែងពួកមានអំនឿលើអទិទេពក្រិកបុរាណ (Hellenes) ចេញពីការគោរពព្រះក្លែងក្លាយ ហើយបង្រៀនពួកគេអំពីជំនឿពិត។

នៅក្នុងរាជ្យរបស់អធិរាជម៉ាក់ស៊ីមៀន (Maximian) អភិបាលតំបន់បានបង្កើតការបៀតបៀនយ៉ាងឃោរឃៅលើគ្រិស្ទាន។ អ្នកទទួលបន្ទុកបានចាប់សត្ត ហ្សូទីកុស (Zoticus) នៅកន្លែងមួយឈ្មោះកាប៉េ (Carpe)។ គេបានឆ្កាងសិស្សរបស់សត្ត ហ្សូទីកុស ហើយនាំខ្លួនលោកមកក្រុងនីកូមេឌីយ៉ា។ នៅទីនោះ គេក៏បានចាប់សត្ត អាហ្គាថូនីកុស, ព្រីនសេប (Princeps), ថេអូព្រេពីអុស (Theoprepius) (ឬបូហ្គោល្យ៉េបា), អាស៊ីនឌីនុស (Acindynus), សេវេរីអានុស (Severianus), ហ្សេនូ (Zeno) និងអ្នកដទៃទៀតជាច្រើន។ ពួកគេត្រូវបានគេចាប់ចង ហើយនាំយកទៅក្រុងប៊ីហ្សង់ទីន (Byzantium)។

ក្នុងអំឡុងការធ្វើដំណើរ សត្ត ហ្សូទីកុស, ថេអូព្រេពីអុស និងអាស៊ីនឌីនុស បានសុគតដោយសាររបួសធ្ងន់ និងការអស់កម្លាំង។ សត្ត សេវេរីអានុស ត្រូវបានគេសម្លាប់នៅជិតក្រុងកាល់សេដូន (Chalcedon)។ ចំណែកសត្ត អាហ្គាថូនីកុស និងអ្នកដទៃទៀតត្រូវបាននាំយកទៅក្រុងស៊ីលីប្រីយ៉ា (Silybria) នៅតំបន់ធ្រេស(Thrace)។ នៅទីនោះ បន្ទាប់ពីពួកគេត្រូវរងទារុណកម្មនៅមុខអធិរាជ ពួកគេត្រូវបានគេកាត់ក្បាល ហើយបានចូលទៅកាន់ជីវិតអស់កល្បជានិច្ច និងសេចក្ដីអំណរនៃព្រះអម្ចាស់របស់ពួកគេ។