សត្តមរណសាក្សី លូពុស (Lupus)
THE HOLY MARTYR LUPUS

សត្តលូពុស (Lupus) គឺជាអ្នកបំរើរបស់សត្តអគ្គមរណសាក្សី ដេមេទ្រី (Demetrius) ដែលជាមេបញ្ជាការយោធានៃក្រុងថេស្សាឡូនីក (Thessalonica)។ អំឡុងពេល អធិរាជម៉ាក់ស៊ីមៀន (Maximian) បានបញ្ជាឱ្យកាត់ក្បាលសត្តដេមេទ្រី សត្តលូពុសបានយកជាយសំពត់របស់គាត់ ព្រមទាំងចិញ្ចៀន មកជូតយកឈាមរបស់សត្តមរណសាក្សីនោះ។ សត្តលូពុសបានប្រើចិញ្ចៀន និងសំពត់នេះធ្វើអព្ភូតហេតុអស្ចារ្យជាច្រើននៅក្រុងថេស្សាឡូនីក ដោយព្យាបាលមនុស្សជាច្រើនពីជំងឺនិងទុក្ខវេទនាផ្សេងៗ។
អធិរាជម៉ាក់ស៊ីមៀន (ដែលគង់នៅក្រុងថេស្សាឡូនីកនៅឡើយ) កាលបានដឹងហេតុការណ៍នេះ ក៏បានបញ្ជាឱ្យចាប់សត្តលូពុសទៅធ្វើទារុណកម្ម និងសម្លាប់។ ប៉ុន្តែ ទាហានដែលលើកអាវុធប្រឆាំងនឹងសត្តលូពុស ក៏បែរជាវាយគ្នាទៅវិញទៅមក ហើយរបួសធ្ងន់។ ដោយសារសត្តលូពុសមិនទាន់ទទួលពិធីបុណ្យជ្រមុជនៅឡើយ លោកបានអធិស្ឋានសូមឱ្យព្រះជាម្ចាស់ប្រទានឱ្យលោកបានទទួលពិធីនេះមុនសុគត។ ភ្លាមនោះ ភ្លៀងបានធ្លាក់មកលើសត្តមរណសាក្សីនេះ ហើយលោកក៏បានទទួលពិធីបុណ្យជ្រមុជទឹកដោយអំណាចពីឋានលើ។
បន្ទាប់ពីរងទុក្ខវេទនាយ៉ាងខ្លាំង សត្តលូពុសត្រូវបានគេកាត់ក្បាល ហើយបានឡើងទៅគង់នៅក្នុងព្រះរាជ្យស្ថានសួគ៌។
