សត្ត គ្រីស្តទូតដ៏វិសុទ្ធ បារថូឡូមេ (Bartholomew)
THE HOLY APOSTLE BARTHOLOMEW

ក្នុងថ្ងៃនេះ យើងប្រារព្ធពិធីរំលឹកដល់ការប្ដូរទីតាំងនៃអដ្ឋិធាតុរបស់សត្ត បារថូឡូមេ ទោះបីជាបុណ្យសំខាន់របស់លោកត្រូវបានប្រារព្ធនៅថ្ងៃទី១១ ខែមិថុនាក៏ដោយ។ នៅពេលដែលគ្រីស្តទូតដ៏អស្ចារ្យនេះត្រូវបានគេឆ្កាងនៅក្រុងអាល់បាណូប៉ូល (Albanopolis) [ដឺប៊ិន (Derbend)] នៅអាមេនី (Armenia) គ្រិសាសនិកបានយកសពរបស់លោកមកធ្វើពិធីបញ្ចុះដោយកិត្តិយសក្នុងម្ឈូសដែកមួយ។ នៅពេលដែលមានអព្ភូតហេតុជាច្រើន ជាពិសេសការព្យារបាលអ្នកជំងឺ បានកើតឡើងនៅលើផ្នូរគ្រីស្តទូតនេះ ចំនួនគ្រិសាសនិកដែលមកកាន់ផ្នូរនេះក៏កើនឡើង។ ដូច្នេះ ពួកអ្នកកាន់សាសនាអារក្សនិយមបានយកម្ឈូសដែលមានអដ្ឋិធាតុរបស់សត្ត បារថូឡូមេ ចោលទៅក្នុងសមុទ្រ។ ពួកគេក៏បានចោលម្ឈូសចំនួន៤ផ្សេងទៀតទៅក្នុងសមុទ្រដែរ ដែលមានអដ្ឋិធាតុរបស់មរណសាក្សី៤អង្គគឺ៖ ប៉ាពីអាន (Papian) លូសៀន (Lucian) ហ្គ្រីហ្គ័រី (Gregory) និងអាកាស៊ីអុស (Acacius)។
ទោះយ៉ាងណា ដោយព្រះចេតនារបស់ព្រះជាម្ចាស់ ម្ឈូសទាំងនោះមិនបានលិចទឹកទេ គឺបានអណ្ដែតនៅលើផ្ទៃទឹក ហើយត្រូវបានខ្សែទឹកនាំយកទៅកន្លែងផ្សេងៗគ្នា៖អដ្ឋិធាតុរបស់ អាកាស៊ីអុស បានអណ្ដែតទៅក្រុងអាស្កាឡុង (Askalon)អដ្ឋិធាតុរបស់ ហ្គ្រីហ្គ័រី បានអណ្ដែតទៅកាឡាប្រីយ៉ា (Calabria)អដ្ឋិធាតុរបស់ លូសៀន បានអណ្ដែតទៅក្រុងម៉េស៊ីណា (Messina)អដ្ឋិធាតុរបស់ ប៉ាពីអាន បានអណ្ដែតទៅផ្នែកម្ខាងទៀតនៃស៊ីស៊ីលី (Sicily)អដ្ឋិធាតុរបស់ សត្ត បារថូឡូមេ បានអណ្ដែតទៅកោះលីបារ៉ា (Lipara)ដោយការប្រាប់ដ៏អស្ចារ្យពីស្ថានសួគ៌ សម្ដេចប៊ីស្សបអាហ្គាថុន (Agathon) នៃកោះលីបារ៉ា បានដឹងជាមុនអំពីការមកដល់នៃអដ្ឋិធាតុរបស់គ្រីស្តទូតនេះ។ លោកបាននាំអ្នកបួស និងប្រជាជនទៅឆ្នេរសមុទ្រ ដើម្បីទទួលម្ឈូសនោះដោយអំណរគុណយ៉ាងខ្លាំង។ ភ្លាមនោះ ការប្រោស ព្យារបាលអ្នកជំងឺជាច្រើនក៏បានកើតឡើងនៅដោយអដ្ឋិធាតុរបស់គ្រីស្តទូតដ៏វិសុទ្ធនេះ។ អដ្ឋិធាតុទាំងនោះត្រូវបានដាក់ក្នុង ព្រះវិហារសត្ត បារថូឡូមេ នៅកោះលីបារ៉ា ហើយស្ថិតនៅទីនោះរហូតដល់សម័យថេអូភីល អ្នកប្រឆាំងរូបអាយខន (Theophilus the Iconoclast)។ ប្រហែលឆ្នាំ៨៣៩ នៃគ.ស. ពួកម៉ុស្លីមបានគំរាមកំហែងកោះលីបារ៉ា ហើយអដ្ឋិធាតុរបស់គ្រីស្តទូតនេះត្រូវបានយកទៅទីក្រុងបេណេវ៉ាន់តូ (Benevento)។ដូច្នេះ ព្រះអម្ចាស់បានលេីកដម្កើងសិរីរុងរឿងរបស់គ្រីស្តទូតរបស់ព្រះអង្គដោយព្រះគុណអស្ចារ្យ ទាំងពេលនៅរស់ និងក្រោយពេលស្លាប់។
