សត្តបុគ្គលនៃ ថ្ងៃទី26 ខែសីហា

THE HOLY MARTYR ADRIAN AND HIS WIFE NATALIA


សត្ត អាឌ្រីយ៉ាន់ និងណាតាលីយ៉ា គឺជាប្ដីប្រពន្ធដែលកើតពីគ្រួសារអ្នកមានទ្រព្យ និងមានឋានៈខ្ពង់ខ្ពស់នៅក្រុងនីកូមីឌីយ៉ា (Nicomedia)។ សត្ត អាឌ្រីយ៉ាន់ គឺជាអ្នកកាន់សាសនាអារក្សនិយម ហើយជាមេបញ្ជាការនៃកងទ័ពព្រះរាជវាំង (Praetorium)។ ចំណែកឯណាតាលីយ៉ាវិញ ជាអ្នកគ្រីស្ទានដោយសំងាត់។ ពួកគេទាំងពីរមានវ័យក្មេង និងរស់នៅជាមួយគ្នាក្នុងអាពាហ៍ពិពាហ៍បានត្រឹមតែ១៣ខែប៉ុណ្ណោះ មុនពេលក្លាយជាមរណសាក្សី។នៅពេលដែលស្ដេចម៉ាក់ស៊ីមៀន (Maximian) ដ៏ឃោរឃៅ យាងមកក្រុងនីកូមីឌីយ៉ា គេបានបញ្ជាឲ្យចាប់ខ្លួនគ្រីស្ទានទាំងអស់ ហើយធ្វើទារុណកម្មយ៉ាងឃោរឃៅ។ គ្រីស្ទានចំនួន២៣នាក់បានលាក់ខ្លួននៅក្នុងគុហាមួយនៅជិតក្រុង។ មានអ្នកទៅប្ដឹងពីពួកគេ ហើយពួកគេត្រូវបានគេចាប់វាយដោយរំពាត់វាយសត្វគោ វាយដោយឈើ ហើយចាប់ដាក់គុក។ ក្រោយមក ពួកគេត្រូវបាននាំមកឲ្យចុះឈ្មោះនៅរាជវាំង។សត្ត អាឌ្រីយ៉ាន់ បានឃើញអ្នកទាំងនោះស្ងប់ស្ងៀម អត់ធន់ទ្រាំទារុណកម្មដោយភាពអត់ធ្មត់។ លោកបានសួរពួកគេថា៖
«សូមប្រាប់ខ្ញុំអំពីអ្វីដែលព្រះរបស់អ្នករាល់គ្នានឹងប្រទានឲ្យអ្នក ដោយសារតែការអត់ទ្រាំនឹងទារុណកម្មយ៉ាងខ្លាំងនេះ?»
ពួកគេបានរៀបរាប់អំពីសេចក្ដីអំណរដ៏បរិសុទ្ធរបស់អ្នកសុចរិតនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់។ ភ្លាមនោះ សត្ត អាឌ្រីយ៉ាន់ បានងាកទៅរកអ្នកកត់ត្រាហើយមានប្រសាសន៍ថា៖
«សូមចុះឈ្មោះខ្ញុំជាមួយពួកគេខ្ញុំក៏ជាអ្នកគ្រីស្ទានដែរ។»
នៅពេលដែលចៅអធិរាជជ្រាបពីរឿងនេះ គាត់បានសួរសត្ត អាឌ្រីយ៉ាន់ ថា៖«តើអ្នកឆ្កួតហើយឬ?»សត្ត អាឌ្រីយ៉ាន់ បានឆ្លើយថា៖
«ខ្ញុំមិនឆ្កួតទេផ្ទុយទៅវិញ ខ្ញុំបានភ្ញាក់រលឹកហើយ។»

នៅពេលដែលណាតាលីយ៉ាឮដំណឹងនេះ នាងមានអំណរយ៉ាងខ្លាំង។ នៅពេលដែលសត្ត អាឌ្រីយ៉ាន់ ត្រូវគេចងជាប់ជាមួយគ្រីស្ទានផ្សេងទៀតនៅក្នុងគុក នាងបានមកថែរក្សាពួកគេទាំងអស់គ្នា។ នៅពេលដែលស្វាមីរបស់នាងត្រូវបានគេវាយនិងធ្វើទារុណកម្មយ៉ាងឃោរឃៅ ណាតាលីយ៉ាបានលើកទឹកចិត្តឲ្យលោកអត់ធ្មត់រហូតដល់ចុងបញ្ចប់។បន្ទាប់ពីការទទួលទារុណកម្មយូរអង្វែង ចៅអធិរាជបានបញ្ជាឲ្យគេដាក់ដៃនិងជើងអ្នកទោសទាំងនោះលើដែកអង្កាញ់ ហើយវាយខ្លាំងៗដោយញញួរ។ ពួកគេបានធ្វើដូច្នេះ ហើយសត្ត អាឌ្រីយ៉ាន់ បានបរិច្ចាគជីវិតជាមួយនឹងគ្រីស្ទាន​ ២៣នាក់ទៀត ក្រោមទារុណកម្ម ដ៏សាហាវបំផុតនេះ។ណាតាលីយ៉ាបានយកអដ្ឋិធាតុរបស់ពួកគេទៅកាន់ទីក្រុងអាហ្គីរូប៉ូលីស (Argyropolis) (ជិតកុងស្តង់ទីនូប៉ូល) ហើយបានបញ្ចុះដោយកិត្តិយស។ បន្ទាប់ពីប៉ុន្មានថ្ងៃក្រោយមក សត្ត អាឌ្រីយ៉ាន់ បានបង្ហាញខ្លួនដល់នាងក្នុងពន្លឺដ៏រុងរឿងពីស្ថានសួគ៌ ហើយបានហៅនាងឲ្យមកជាមួយព្រះជាម្ចាស់។ ហើយនាងក៏បានប្រគល់វិញ្ញាណរបស់នាង់ទៅកាន់ព្រះជាម្ចាស់ដោយសន្តិភាព។