សត្តបុគ្គលនៃ ថ្ងៃទី28 ខែសីហា

THE VENERABLE MOSES THE BLACK [THE ROBBER]


សត្ត ម៉ូសេ កើតនៅប្រទេសអេត្យូពី។ កាលលោករស់នៅជីវិតលោកិយ លោកធ្លាប់ជាចោរនិងមេក្រុមចោរ ប៉ុន្តែក្រោយមកបានក្លាយជាអ្នកកែប្រែចិត្តពីអំពើបាប និងក្លាយជាអ្នកបួសដ៏អស្ចារ្យមួយរូប។ ម៉ូសេធ្លាប់ជាទាសករ ដែលលោក រត់គេចខ្លួន ហើយបានចូលរួមជាមួយក្រុមចោរ។ ដោយសារកម្លាំងរាងកាយខ្លាំងពូកែ និងសេចក្ដីក្លាហាន ពួកចោរបានជ្រើសរើសលោកជាមេក្រុម។ ថ្ងៃមួយ លោកបានយកឈ្នះលើភាពងងឹតដែលនៅក្នុងការវិចារណញ្ញាណរបស់លោក ហើយលោកបានកើតមានសេចក្ដីស្ដាយយ៉ាងខ្លាំង ហើ យបានកែប្រែទង្វើរបស់គាត់។ លោកបានចាកចេញពីក្រុមចោរហើយចូលសាងផ្នួសនៅក្នុងសង្ឃស្ថានមួយ ហើយបានសច្ចាប័គោរពតាមគ្រូអាចារ្យ និងវិន័យរបស់សង្ឃស្ថាន។ លោកបានទទួលអនុភាពយ៉ាងច្រើនពីសិក្ខារបស់សត្ត ម៉ាការី (Macarius) អារសេនី (Arsenius) និងអ៊ីស៊ីដ័រ (Isidore)។


ក្រោយមក លោកបានដកខ្លួនទៅនៅក្នុងភាពឯកា នៅកន្លែងស្ងាត់ ដែលលោកឧទ្ទិសពេលវេលាទាំងស្រុងដល់ការងារពលកម្ម ការអធិស្ឋាន ការភ្ញាក់រលឹក និងគិតសញ្ជឹងអំពីព្រះជាម្ចាស់។ ដោយត្រូវបានរងទុក្ខពីការល្បួងរបស់អារក្សនៃកាមតណ្ហា សត្ត ម៉ូសេ បានសារភាពទៅកាន់ឪពុក ខាងវិញ្ញាណ អ៊ីស៊ីដ័រ ដែលបានណែនាំឲ្យលោកបំពេញការតមអាហារកាន់តែខ្លាំង ហើយមិនត្រូវបរិភោគឲ្យឆ្អែតនេាះឡើយ។  តែវាក៏នៅតែមិនបានល្អ លោកត្រូវបានណែនាំឲ្យនៅភ្ញាក់រលឹកអធិស្ឋានពេញមួយយប់ ហើយឈរអធិស្ឋាន។ បន្ទាប់មក លោកក៏បានចាប់ផ្ដើមយកទឹកពីប្រភពឆ្ងាយមកជូនសង្ឃចាស់ៗពេលយប់។


បន្ទាប់ពីប្រយុទធដ៏ក្លៀវក្លារអស់៦ឆ្នាំ សត្ត អ៊ីស៊ីដ័រ បានប្រោសលោកឲ្យជាសះស្បើយពីអារម្មណ៍កាម ហើយលោកបានក្លាយជាបូជាចារ្យក្នុងវ័យចំណាស់។ លោកបានបង្កើតសង្ឃស្ថានផ្ទាល់ខ្លួន មានសិស្សានុសិស្ស៧៥អង្គ ហើយបានរស់នៅដល់អាយុ៧៥ឆ្នាំ។

សត្ត ម៉ូសេ បានដឹងជាមុនអំពីការសោយទិវង្គតរបស់គាត់៖ ថ្ងៃមួយ លោកបានប្រាប់សិស្សរបស់លោកឲ្យរត់គេច ពីព្រោះពួកចោរព្រៃនឹងវាយលុកសង្ឃស្ថាន។ កាលសិស្សជំរុញឲ្យលោករត់ជាមួយពួកគេ សត្ត ម៉ូសេ បានមានប្រសាសន៍ថា៖

«ពីមុនខ្ញុំជាអ្នកប្រើអំពើហិង្សា ហើយឥឡូវត្រូវទទួលអំពើហិង្សាដែរ តាមព្រះបន្ទូលថា៖ បើអ្នកណាប្រើដាវ នឹងត្រូវស្លាប់ដោយដាវ។» (ម៉ាថាយ ២៦:៥២)


លោកបាននៅជាមួយសិស្ស៦អង្គទៀត ហើយពួកចោរព្រៃបានសម្លាប់ពួកគេទាំងអស់។ សិស្សម្នាក់ដែលលាក់ខ្លួននៅជិតកន្លែងនោះ បានឃើញមកុដពន្លឺ៧គ្រឿងចុះពីស្ថានសួគ៌មកលើពួកមរណសាក្សីទាំង៧អង្គនោះ។