សត្តបុគ្គលនៃ ថ្ងៃទី10 ខែកញ្ញា

THE HOLY MARTYRS MENODORA, METRODORA AND NYMPHODORA


ពួកនាងគឺជាបងប្អូនស្រីដែលកើតពីឪពុកម្តាយតែមួយ និងបានធំធាត់ឡើងនៅកន្លែងមួយក្នុងខេត្តប៊ីធីនី (Bithynia) នៅតំបន់អាស៊ី។ ដោយបានចញ្ចឹមបីបាច់អោយលូតលាស់ក្នុងវិញ្ញាណជានគ្រីស្ទបរិស័ទ ពួកនាងបានដកខ្លួនចេញពីទីក្រុងទៅកាន់ទីវាលរហោស្ថាន ដោយមានបំណងលើកទឹកចិត្តរបស់ពួកនាងឱ្យទៅរកព្រះជាម្ចាស់ និងរំដោះខ្លួនពីអ្វីៗទាំងអស់នៅក្នុងលោកិយដ៏ភូតកុហកនេះ ហើយរស់នៅក្នុងជីវិតនេះដោយភាពបរិសុទ្ធ និងភាពព្រហ្មចារី ដូចជាកូនក្រមុំដ៏ពិតប្រាកដរបស់ព្រះគ្រីស្ត។ ពួកនាងបានបូជាខ្លួនយ៉ាងខ្លាំងដល់ការធ្វើពលកម្ម ការតមអាហារ និងការអធិស្ឋាន រហូតដល់ព្រះជាម្ចាស់បានតុបតែងពួកនាងដោយអំណាចនៃការបង្កើត អព្ភូតហេតុអស្ចារ្យ។


នៅពេលដែលមនុស្សចាប់ផ្តើមនាំយកអ្នកជំងឺមកឱ្យពួកនាងព្យាបាល ពួកនាងក៏ក្លាយជាអ្នកល្បីល្បាញដែលពួកនាងមិនបានប្រាថ្នា។ មន្ត្រីរាជការម្នាក់ឈ្មោះ ផ្រុនតុន (Fronton) បានឮដំណឹងអំពីពួកនាង ហើយបាននាំពួកនាងមកកាត់ក្តី។ នៅពេលឃើញពួកនាងម ន្ត្រី រាជការនេាះបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងភាពស្រស់ស្អាតរបស់ពួកនាង។ ទោះបីជាពួកនាងជាអ្នកតមអាហារយ៉ាងតឹងរ៉ឹង ហើយរាងកាយពួកនាងគឺស្គមស្គាំងក៏ដោយ ក៏មុខរបស់ពួកនាងនៅតែភ្លឺថ្លាដោយសត្តីិភាពខាងក្នុងចិត្ត និងព្រះគុណរបស់ព្រះជាម្ចាស់។ ដំបូងឡើយ មន្ត្រីបានលួងលោមពួកនាង និងសន្យាថានឹងបញ្ជូនពួកនាងទៅឱ្យព្រះចៅអធិរាជ ដែលនឹងធ្វើអោយពួកនាងបានជាប្រពន្ធដល់អ្នកដែលមានត្រកូលខ្ពង់ខ្ពស់របស់ទ្រង់។ ប៉ុន្តែនៅពេលដែលគាត់បានដឹងថា ការលួងលោម និងការសន្យាទាំងអស់របស់គាត់គឺគ្មានឥទ្ធិពលចំពោះកូនក្រមុំរបស់ព្រះគ្រីស្ទតាំងនេះឡើយ គាត់ក៏បានបញ្ជាឱ្យធ្វើទារុណកម្មលើ មេណូដូរ៉ា ជាមុនសិន ហើយបងប្អូនស្រីរបស់នាងត្រូវបានគេចាប់ដាក់គុក។


បន្ទាប់ពីទារុណកម្មដ៏ឃោឃៅ មន្ត្រីបានស្រែកឡើងទៅកាន់ មេណូដូរ៉ា ដែលមានរបួស និងហូរឈាមថា៖ “ចូរថ្វាយយញ្ញបូជាដល់ពួកអទិទេពទៅ!”។ ចំពោះឃ្លានេះ សត្តី មរណសាក្សីនេះ បានឆ្លើយតបថា៖ “តើអ្នកមិនឃើញទេថា ខ្ញុំកំពុងថ្វាយខ្លួនខ្ញុំទាំងមូលជាយញ្ញបូជាដល់ព្រះជាម្ចាស់របស់ខ្ញុំ?”។ នៅពេលដែល សត្តី មេណូដូរ៉ា ត្រូវបានគេសម្លាប់ដោយទារុណកម្ម មន្ត្រីនេះក៏បាននាំបងប្អូនស្រីពីរនាក់ដែលនៅសល់ចេញមក ហើយឱ្យពួកនាងឈរនៅក្បែររាងកាយដែលបានស្លាប់របស់ មេណូដូរ៉ា។ ដោយបង្ហាញទៅកាន់គេនូវរាងកាយរបស់បងស្រីរបស់ពួកនាង គាត់បានផ្តល់ដំបូន្មានឱ្យពួកនាងប្រកាសបោះបង់ព្រះគ្រីស្ទ។ ដោយសារពួកនាងនៅតែមានភាពមុាំមួន គាត់ក៏បានសម្លាប់ពួកនាងដោយទារុណកម្មដ៏សាហាវ។

ភ្លាមនោះឯង ផ្គររន្ទះបានបាញ់ពីលើមេឃមក ហើយបានសម្លាប់ ផ្រុនតុន ដែលគ្មានដួងព្រលឹង និងអ្នកបម្រើរបស់គាត់។ ពួកគ្រីស្ទបរិស័ទបានធ្វើពិធីបុណ្យសពដ៏ថ្កុំថ្កើងដល់រាងកាយរបស់សត្តី មរណសាក្សីរបស់ព្រះជាម្ចាស់ទាំងនេះ។ ពួកនាងបានទទួលទណ្នកម្មនៅចន្លោះឆ្នាំ ៣០៥ និង ៣១១ ក្នុងរាជ្យរបស់អធិរាជម៉ាកស៊ីមៀន ហ្គាឡេរីអុស (Maximian Galerius) ហើយបានទទួនបានការសំរាកក្នុងព្រះរាជ្យរបស់ព្រះគ្រីស្ត។