ហៀរ៉ូមារធើរ (បូជាចារ្យ មរណសាក្សី) អូតូណូមូស
HIEROMARTYR AUTONOMUS

ក្នុងអំឡុងពេលនៃការបៀតបៀនគ្រីស្ទបរិស័ទរបស់អធិរាជឌីអូក្លេសុីយ៉ាន (Diocletian) លោក អូតូណូមូស បានចាកចេញពីប្រទេសអ៊ីតាលី (Italy) ទៅកាន់តំបន់ប៊ីធីនី (Bithynia) នៅទ្វីបអាស៊ី ក្នុងទីក្រុងមួយឈ្មោះ សូរេអ៊ី (Soreoi)។ នៅទីនោះ លោកបានកែប្រែឱ្យមនុស្សជាច្រើនមកប្រតិបត្តិតាមគ្រិស្តសាសនា ហើយបានសង់ព្រះវិហារ មួយសម្រាប់ពួកគេ ដែលឧទ្ទិសដល់អគ្គទេវទូតដ៏វិសុទ្ធ មីខាអែល (Michael)។ អូតូណូមូស រស់នៅក្នុងផ្ទះរបស់គ្រីស្ទបរិស័ទដ៏មានជំនឿមុតមាំម្នាក់ឈ្មោះ កូនេលីយ៉ូស (Cornelius) ដែលលោកបានបំពេញពិធីតែងតាំងជាដំបូងឱ្យគាត់ធ្វើជាព្រឹទ្ធាចារ្យ (presbyter) ហើយក្រោយមកទៀតបានតែងតាំងឱ្យធ្វើជាប៊ីស្សប (bishop)។
មិនឆ្ងាយពី សូរេអ៊ី នោះទេ មានទីក្រុងមួយឈ្មោះ លីមណេ (Limnae) ដែលមានមនុស្សដែលកាន់សាសនាអារក្សនិយមរស់នៅពេញទីក្រុង។ សត្ត អូតូណូមូស បានធ្វើដំណើរទៅកាន់ទីក្រុងនេះ ហើយឆាប់ៗនោះក៏បានផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រីស្តឱ្យមនុស្សជាច្រើនបានយល់ដឹង។ រឿងនេះបានធ្វើឱ្យពួកអារក្សនិយមក្រោធខឹង ហើយនៅថ្ងៃមួយ ពួកគេបានចូលទៅក្នុងព្រះវិហារ នៃអគ្គទេវទូតដ៏វិសុទ្ធ មីខាអែល នៅ សូរេអ៊ី ក្នុងអំឡុងពេលនៃពិធីថ្វាយបង្គំ ហើយបានសម្លាប់ អូតូណូមូស នៅក្នុង ព្រះវិហារដ៏វិសុទ្ធ និងបានសម្លាប់គ្រីស្ទបរិស័ទជាច្រើននាក់ទៀតនៅក្នុងព្រះវិហារ។
ក្នុងរាជ្យរបស់អធិរាជកុងស្តង់ទីន (Constantine) មានអ្នកដែលមានឋានៈខ្ពង់ខ្ពស់ម្នាក់ក្នុងរាជវាំងឈ្មោះ សេវេរីយ៉ាន (Severian) បានសង់ព្រះវិហារមួយនៅលើផ្នូររបស់សត្ត អូតូណូមូស។ ពីររយឆ្នាំក្រោយពីការសោយទិវង្គតរបស់លោក សត្ត អូតូណូមូស បានបង្ហាញខ្លួនចេញមកចំពោះទាហានម្នាក់ឈ្មោះ យ៉ូហាន (John)។ យ៉ូហាន បានជីកយករាងកាយដ៏វិសុទ្ធ របស់លោកឡើង ហើយបានរកឃើញថារាងកាយនោះនៅតែស្អាតបរិសុទ្ធទាំងស្រុង មិនបានពុករលួយឡើយ (incorrupt) ហើយមនុស្សជាច្រើនដែលមានជម្ងឺបានទទួលការប្រោសពីរាងកាយដ៏វិសុទ្ធរបស់ អូតូណូមូសនេះ។ ដូច្នេះ ព្រះជាម្ចាស់បានលើកតម្កើងកិត្តិយសដល់អ្នកដែលបានលេីកតម្កើងកិត្តិយសដល់ទ្រង់ខណៈពេលដែលគេនៅរស់ក្នុងសាច់ឈាម។
