ព្យាការីដ៏វិសុទ្ធ លោក ហ្សាការី (Zacharias)
THE HOLY PROPHET ZACHARIAS

លោកគឺជាបិតារបស់សត្ត យ៉ូហាន អ្នកនាំមុខ (St. John the Forerunner)។ ហ្សាការីគឺជាកូនរបស់បារ៉ាគីយ៉ាស់ (Barachias) មកពីពូជពង្សអាប៊ីយ៉ា (Abia) ក្នុងចំណោមកូនចៅរបស់អារ៉ុន (Aaron)។ ហ្សាការីជាបូជាចារ្យខ្ពស់ដែលកាន់តាមវេនសំខាន់លំដាប់ទីប្រាំបីនៅក្នុងព្រះវិហារនៅក្រុងយេរូសាឡឹម (Jerusalem)។ ប្រពន្ធរបស់លោកឈ្មោះអេលីសាបេត (Elizabeth) ជាកូនស្រីរបស់សូហ្វីយ៉ា (Sophia) និងជាបងប្អូនរបស់សត្តី អាន់ណា (St. Anna) ដែលជាមាតារបស់ម៉ារី មាតានៃព្រះជាម្ចាស់ (Theotokos)។
ក្នុងរាជ្យរបស់ព្រះបាទហេរ៉ូដអ្នកសម្លាប់កុមារ (King Herod the child-slayer) ហ្សាការីបានបំពេញការងារបម្រើនៅព្រះវិហារយេរូសាឡឹមតាមវេនរបស់លោក។ ទេវទូតមួយអង្គនៃព្រះជាម្ចាស់បានបង្ហាញខ្លួនចំពោះលោកនៅក្នុងទីសក្ការៈដ៏វិសុទ្ធ ហើយហ្សាការីក៏ភ័យខ្លាចយ៉ាងខ្លាំង។ ទេវទូតនោះមានបន្ទូលទៅកាន់លោកថា៖ “កុំខ្លាចអី ហ្សាការីអើយ” (លូកា ១:១៣) ហើយបានប្រកាសថាអេលីសាបេតនឹងសំរាលកូនប្រុស ដែលជាចម្លើយតបចំពោះការអធិស្ឋានរបស់ពួកគាត់។ ប៉ុន្តែទាំងហ្សាការី និងអេលីសាបេត មានវ័យចាស់ជរាហើយ។ នៅពេលហ្សាការីសង្ស័យនឹងពាក្យប្រាប់របស់អ្នកនាំសារពីស្ថានសួគ៌ ទេវទូតនោះមានបន្ទូលថា៖ “ខ្ញុំគឺជាកាព្រីអ៊ែល (Gabriel) អ្នកដែលឈរនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់” (លូកា ១:១៩)។ ហ្សាការីក៏បានតក់ស្លុតចាប់ពីពេលនោះ ហើយមិនអាចនិយាយបានឡើយ រហូតដល់កូនប្រុសរបស់លោកកើត ហើយលោកបានសរសេរលើបន្ទះក្តារថា៖ “ឈ្មោះរបស់គាត់គឺ យ៉ូហាន” (លូកា ១:៦៣)។ ពេលនោះសម្លេងរបស់លោកក៏ត្រឡប់មកវិញ ហើយលោកក៏បន្ទូលសរសើរតម្កើងព្រះជាម្ចាស់។
មួយរយៈក្រោយមក ក្រោយពីព្រះអម្ចាស់យេស៊ូប្រសូត្រ ហើយព្រះបាទហេរ៉ូដបានចាប់ផ្តើមសម្លាប់កុមារទាំងអស់នៅបេត្លេហេម (Bethlehem) ទ្រង់បានបញ្ជាឱ្យមនុស្សទៅដើរស្វែងរក និងសម្លាប់កូនរបស់ហ្សាការី ពីព្រោះព្រះបាទហេរ៉ូដបានឮអំពីហេតុការណ៍ទាំងអស់ដែលបានកើតឡើងចំពោះហ្សាការី និងរបៀបដែលយ៉ូហានបានកើតមក។ នៅពេលឃើញទាហានមកដល់ អេលីសាបេតបានយកយ៉ូហាន ដែលមានអាយុមួយឆ្នាំកន្លះនៅពេលនោះ មកកាន់នៅនឹងដៃ រត់ចេញពីផ្ទះជាមួយគាត់ ហើយរត់ទៅកាន់ទីកន្លែងដែលមានភ្នំថ្ម និងស្ងប់ស្ងាត់។ នៅពេលឃើញទាហានតាមគាត់មក នាងបានស្រែកហៅទៅកាន់ភ្នំថា៖ “ឱ ភ្នំរបស់ព្រះជាម្ចាស់ សូមទទួលម្តាយនិងកូននេះផង!” ហើយថ្មក៏បើក ហើយលាក់ម្តាយ និងកូននោះទៅ។ បន្ទាប់មក ព្រះបាទហេរ៉ូដខឹងសម្បាយ៉ាងខ្លាំងដែលកុមារាយ៉ូហានមិនត្រូវបានសម្លាប់ ទ្រង់ក៏បញ្ជាឱ្យគេសម្លាប់ហ្សាការីនៅពីមុខអាសនៈព្រះវិហារ។ ឈាមរបស់ហ្សាការីបានហូរលើឥតការ៉ូហើយបានកករឹងដូចជាថ្ម ដែលបានស្ថិតនៅជាភស្តុតាងនៃការប្រព្រឹត្តិអាក្រក់របស់ព្រះបាទហេរ៉ូដ។ នៅកន្លែងដែលអេលីសាបេតលាក់ខ្លួនជាមួយយ៉ូហាន គុហាមួយបានបើក ទឹកហូរចេញពីវា ហើយដើមត្នោតមានផ្លែបានដុះឡើង ទាំងអស់នេះគឺដោយអានុភាពនៃព្រះជាម្ចាស់។ សែសិបថ្ងៃក្រោយពីហ្សាការីស្លាប់ អេលីសាបេតដ៏មានពរក៏បានទទួលមរណភាព។ កុមារាយ៉ូហានបាននៅតែក្នុងទីរហោឋាន ត្រូវបានចិញ្ចឹមដោយទេវទូត និងត្រូវបានគាំពារដោយការប្រទានរបស់ព្រះជាម្ចាស់ រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួននៅទន្លេហៅដាន (Jordan)។
