ថ្ងៃបុណ្យកំណើតរបស់ ស្ត្រីដ៏វិសុទ្ធបំផុត ទេអូតូកូស (THEOTOKOS – មាតានៃព្រះជាម្ចាស់)
THE NATIVITY OF THE MOST-HOLY THEOTOKOS

ស្ត្រីព្រហ្មចារីដ៏វិសុទ្ធ ម៉ារី (Mary) បានកើតចេញពីឪពុកម្តាយដែលមានវ័យចំណាស់ ឈ្មោះ យ៉ូអាគីម (Joachim) និង អាណា (Anna)។ ឪពុករបស់នាងគឺជាកូនចៅនៃវង្សត្រកូលដាវីត (David) ហើយម្តាយរបស់នាងគឺជាកូនចៅនៃវង្សត្រកូលអារ៉ុន (Aaron)។ ហេតុនេះ នាងមានឋានៈជារាជវង្សខាងឪពុក និងជាបូជាចារ្យខាងម្តាយ។ នៅក្នុងការនេះ នាងបានចង្អុលបង្ហាញពីព្រះអង្គដែលនឹងកើតពីនាង ដែលគឺជាស្តេច និងជាមហាបូជាចារ្យដ៏ខ្ពង់ខ្ពស់បំផុត។ ឪពុកម្តាយរបស់នាងមានវ័យចំណាស់ណាស់ហើយគ្មានកូនឡើយ។ ដោយសារតែហេតុនេះ ពួកគេរងការអាម៉ាស់នៅចំពោះមុខមនុស្ស និងមានការដាក់ខ្លួននៅចំពោះមុខព្រះជាម្ចាស់។ ក្នុងការដាក់ខ្លួនរបស់ពួកគេ ពួកគេបានសូមបួងសួងសុំពីព្រះជាម្ចាស់ដោយទឹកភ្នែក ដើម្បីផ្តល់ឱ្យពួកគេនូវភាពរីករាយក្នុងវ័យចំណាស់ដោយការផ្តល់ឱ្យពួកគេនូវកូនមួយ ដូចដែលទ្រង់បានផ្តល់ឱ្យអាប្រាហាំ (Abraham) និងភរិយារបស់គាត់ នាងសារ៉ា (Sarah) ការរីករាយក្នុងវ័យចំណាស់ដោយការផ្តល់ឱ្យពួកគេនូវ កូនប្រុសឈ្មោះ អ៊ីសាក (Isaac)។
ព្រះជាម្ចាស់ដ៏មានអំណាចបំផុត និងទតឃើញគ្រប់យ៉ាង បានប្រទានរង្វាន់ដល់ពួកគេដោយការរីករាយដែលលើសពីការរំពឹងទុក ទ្រង់មិនត្រឹមតែផ្តល់ឱ្យពួកគេនូវកូនស្រីម្នាក់ប៉ុណ្ណោះទេ ថែមទាំងជាមាតានៃព្រះជាម្ចាស់ (Theotokos) ទៀតផង។ ទ្រង់មិនត្រឹមតែបភ្លឺឱ្យពួកគេដោយអំណរបណ្តោះអាសន្នប៉ុណ្ណោះទេ ថែមទាំងជាមួយនឹងអំណរនិរន្តរូបទៀតផង។ ព្រះជាម្ចាស់បានផ្តល់ឱ្យពួកគេនូវកូនស្រីតែមួយគត់ ហើយក្រោយមកនាងនឹងផ្តល់ឱ្យពួកគេនូវចៅប្រុសតែមួយគត់ ប៉ុន្តែជាកូនស្រី និងជាចៅប្រុសដ៏មិនធម្មតា! គឺម៉ារី ដ៏ពេញដោយព្រះគុណ (Full of grace) ជាស្ត្រីដ៏មានពរក្នុងចំណោមស្ត្រីទាំងពួង (Blessed among women) ជាព្រះវិហារ (Temple) នៃព្រះវិញ្ញាណដ៏វិសុទ្ធ ជាអាសនៈ (Altar) នៃព្រះជាម្ចាស់ដ៏មានព្រះជន្ម ជា តុ (Table) នៃនំបុ័ងស្ថានសួគ៌ ជាហិប (Ark) ដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ជាដើមឈើ (Tree) នៃផ្លែឈើដ៏ផ្អែមល្ហែមបំផុត ជាកិត្តិយសនៃមនុស្សជាតិ ជាការថ្លែងសរសើររបស់ស្ត្រីទាំងពួង ជាអាងទឹក (Fount) នៃព្រហ្មចារីភាព និងភាពបរិសុទ្ធ — នេះគឺជាកូនស្រីដែលព្រះជាម្ចាស់បានប្រទានឱ្យយ៉ូអាគីម និង អាណា។
នាងបានកើតនៅក្នុងទីក្រុងណាសារ៉ែត (Nazareth) ហើយនៅអាយុ ៣ ឆ្នាំ នាងត្រូវបាននាំទៅកាន់ព្រះវិហារ (Temple) នៅក្នុងទីក្រុងយេរូសាឡិម (Jerusalem)។ ក្នុងវ័យជំទង់របស់នាង នាងបានត្រឡប់មកណាសារ៉ែតវិញ ហើយមិនយូរប៉ុន្មានក្រោយមក នាងបានស្តាប់ឮ ការប្រកាសដំណឹងល្អ (Annunciation) ពីអគ្គទេវទូតដ៏វិសុទ្ធ កាព្រីអែល (Gabriel) អំពីការកើតរបស់ព្រះរាជបុត្រានៃព្រះជាម្ចាស់ ជាព្រះអង្គសង្គ្រោះពិភពលោក ចេញពីរាងកាយព្រហ្មចារីដ៏បរិសុទ្ធបំផុតរបស់នាង។
