សត្ត មរណសាក្សី ម៉ាម៉ាស (MAMAS) ដ៏វិសុទ្ធ
THE HOLY MARTYR MAMAS

គាត់បានកើតនៅក្នុងខេត្តប៉ាផ្លាហ្គោនី (Paphlagonia) ជាមួយឪពុកម្ដាយដែលជាគ្រីស្ទានល្បីល្បាញ ដែលមានឈ្មោះ ថេអូដូតុស (Theodotus) និង រូហ្វីណា (Rufina)។ ឪពុកម្ដាយរបស់គាត់ត្រូវបានគេចាប់ដាក់គុកដោយសារតែឈ្មោះព្រះគ្រីស្ទ។ ឪពុករបស់គាត់បានទទួលមរណភាពមុនគេនៅក្នុងគុក ហើយបន្ទាប់ពី រូហ្វីណា បានប្រសូតកូនបាន ម៉ាម៉ាស នាងក៏បានទទួលមរណភាពផងដែរ។ ដូច្នេះ កុមារដែលទើបនឹងកើតនេះត្រូវបានគេចោលឱ្យនៅតែម្នាក់ឯងក្នុងចំណោមសាកសពឪពុកម្ដាយរបស់គាត់។ ទោះជាយ៉ាងណា ព្រះជាម្ចាស់ដែលជាព្រះផ្គត់ផ្គង់ បានបញ្ជូនទេវទូត មកកាន់ស្ត្រីមេម៉ាយម្នាក់ដែលមានឋានៈខ្ពង់ខ្ពស់ម្នាក់ ឈ្មោះ អាមមីយ៉ា (Ammia)។ អាមមីយ៉ា បានឃើញទេវទូតរបស់ព្រះនៅក្នុងសុបិន្ត៖ គាត់បានប្រាប់នាងឱ្យទៅកាន់គុក និងយកកូនក្មេងនោះមកចិញ្ចឹម។ ចៅហ្វាយខេត្ត (eparch) ក្នុងតំបន់បានអនុញ្ញាតឱ្យ អាមមីយ៉ា ធ្វើពិធីបញ្ចុះសាកសព និងយកកូនក្មេងនោះទៅចិញ្ចឹមនៅផ្ទះរបស់នាង។
ពេល ម៉ាម៉ាស អាយុបាន ៥ ឆ្នាំ គាត់បានចាប់ផ្ដើមនិយាយ ហើយពាក្យដំបូងគាត់និយាយគឺ “ម៉ាម៉ា!” ដែលគាត់បានទទួលឈ្មោះថា “ម៉ាម៉ាស” ពីពាក្យនោះ។ នៅក្នុងសាលារៀន ម៉ាម៉ាស បានបង្ហាញពីភាពឆ្លាតវៃដ៏ពិសេស ហើយដោយសារត្រូវបានចិញ្ចឹមរូបល្អតាមគំរូរព្រលឹងនៃគ្រីស្តសាសនា គាត់មិនបានលាក់បាំងជំនឿរបស់គាត់ឡើយ ប៉ុន្តែបានបង្ហាញជំនឿនោះទៅកាន់កុមារដទៃទៀត ហើយបានសើចចំអកដាក់បដិមាព្រះក្លែងក្លាយទាំងឡាយ។
ក្នុងរាជ្យរបស់អូរេលីអាន (Aurelian) មានការបៀតបៀនដ៏ខ្លាំងមួយចំពោះពួកគ្រីស្ទាន។ ពួកអារក្សនិយម មិនបានអាណិតលើកលែងសូម្បីតែកុមារគ្រីស្ទានឡើយ។ ម៉ាម៉ាស អាយុ ១៥ ឆ្នាំ នៅពេលដែលគេនាំយកគាត់មកថ្វាយចៅអធិរាជ។ ចៅអធិរាជបានមានបន្ទូលទៅកាន់គាត់ថា គាត់ត្រូវការតែបដិសេធព្រះគ្រីស្ទតាមមាត់ប៉ុណ្ណោះ។ ម៉ាម៉ាស បានឆ្លើយតបថា៖ “ទាំងក្នុងចិត្តខ្ញុំ ទាំងដោយមាត់ខ្ញុំ ខ្ញុំនឹងមិនបដិសេធព្រះជាម្ចាស់ និងព្រះមហាក្សត្ររបស់ខ្ញុំ ព្រះយេស៊ូគ្រីស្ទឡើយ”។ ចៅអធិរាជបានបញ្ជារឱ្យគេវាយគាត់ ដុតគាត់ដោយអុស និងទីបំផុតគេបានចាប់គាត់បោះចោលទៅក្នុងសមុទ្រ។ ប៉ុន្តែទេវទូត របស់ព្រះជាម្ចាស់បានសង្គ្រោះគាត់ និងនាំគាត់ទៅកាន់ភ្នំខ្ពស់មួយនៅក្បែរទីក្រុងកេសារីយ៉ា (Caesarea)។ នៅទីនោះ គាត់បានរស់នៅដាច់ស្រយាល និងពេញដោយការអធិស្ឋាន។ សូម្បីតែសត្វពាហនៈក្នុងព្រៃក៏ត្រូវបានគាត់ធ្វើឱ្យស្លូតបូតដោយសារភាពបរិសុទ្ធរបស់គាត់។
ទីបំផុត គាត់ត្រូវបានរកឃើញដោយពួកដែលបង្កទុក្ខទោសដល់គាត់ ហើយត្រូវបានគេយកទៅធ្វើទារុណកម្មម្ដងទៀត។ បន្ទាប់ពីគាត់បានឆ្លងផុតពីទារុណកម្មទាំងដោយភ្លើង និងដោយសត្វពាហនៈ សន្ត ម៉ាម៉ាស ត្រូវបានគេចាក់ដោយលំពែងក្បាលបី (trident) ដោយពួកបូជាចារ្យ (priest) អារក្សនិយមម្នាក់។ ដូច្នេះ គាត់បានប្រទានព្រលឹងដ៏វិសុទ្ធរបស់គាត់ថ្វាយដល់ព្រះជាម្ចាស់ ដែលគាត់បានរក្សាភក្ដីភាពគ្រប់ពេលវេលាក្នុងអំឡុងពេលទទួលទារុណកម្មទាំងអស់របស់គាត់។ ការព្យាបាលចំពោះអ្នកជម្ងឺជាច្រើនបានកើតឡើង ពីរាងកាយដ៏វិសុទ្ធរបស់គាត់។
