សត្ត ហៀរ៉ូមារធើរ (បូជាចារ្យដែលជាមរណសាក្សី) បាប៊ីឡាស ដ៏វិសុទ្ធ
THE HOLY HIEROMARTYR (PRIESTLY-MARTYR) BABYLAS

មនុស្សដ៏អស្ចារ្យ និងអច្ឆរិយៈម្នាក់នេះ «ប្រសិនបើគេអាចហៅគាត់ថាជាមនុស្សបាន» — តាមពាក្យរបស់ សត្ត ចន គ្រីសូស្តូម (St. John Chrysostom) ដែលបាននិយាយអំពីគាត់ —គាត់គឺជាប៊ីស្សប (Bishop) នៃ អង់ទីយ៉ុក (Antioch) ក្នុងរាជ្យរបស់អធិរាជដ៏អាក្រក់ នូមេរីអាន (Numerian)។ នូមេរីអាន នេះបានចុះសន្ធិសញ្ញាសន្តិភាពជាមួយស្តេចោរព្រៃម្នាក់ ដែលមានភាពថ្លៃថ្នូរ និងស្រឡាញ់សន្តិភាពជាងគាត់។ ជាសញ្ញានៃការចង់ចងសន្តិភាពដ៏ពិតប្រាកដ ស្តេចចោរព្រៃនោះបានយកបុត្រីក្មេងរបស់ទ្រង់មកឱ្យ នូមេរីអាន ចិញ្ចឹម និងអប់រំនៅក្នុងរាជវាំង។
ថ្ងៃមួយ នូមេរីអាន បានចាក់កូនក្មេងមិនមានទោសនេះដល់មរណភាពដោយដៃរបស់គាត់ផ្ទាល់ ហើយបានយកក្មេងនោះទៅបូជាដល់ពួកព្រះក្លែងក្លាយ។ នៅពេលដែលការឃោរឃៅ និងឈាមឥតទោសនេះនៅក្តៅគគុកនៅឡើយ បញ្ជាក់ពីបទឧក្រិដ្ឋនេះ មេដឹកនាំឧក្រិដ្ឋដែលស្លៀកពាក់មកុដអធិរាជនេះបានមកកាន់ព្រះវិហារគ្រីស្ទានមួយ ដើម្បីមើលថាមានអ្វីកើតឡើង។ សត្ត បាប៊ីឡាស កំពុងតែសូត្រអធិស្ឋានជាមួយបរិស័ទ ហើយបានឮថាអធិរាជបានមកដល់ជាមួយនឹងអ្នករួមដំណើរ និងចង់ចូលក្នុងព្រះវិហារ។ បាប៊ីឡាស បានផ្អាកការថ្វាយបង្គំ ហើយចេញមកខាងមុខព្រះវិហារ និងប្រាប់អធិរាជថា ដោយសារគាត់ជាអ្នកកាន់សាសនាព្រះក្លែងក្លាយ គាត់មិនអាចចូលកាន់ព្រះវិហារដ៏វិសុទ្ធ ដែលជាកន្លែងដែលព្រះជាម្ចាស់តែមួយគត់ និងពិតប្រាកដត្រូវបានគោរពសក្ការៈបានឡើយ។
ក្នុងការអធិប្បាយមួយអំពី បាប៊ីឡាស សត្ត ចន ក្រីស៊សូម បាននិយាយថា៖ «តើនរណាទៀតនៅលើលោកិយនេះដែលគាត់គួរភ័យខ្លាចទៅ — បើជនដែលមានអំណាចដូចអធិរាជនេះ ក៏ត្រូវបានគាត់បណ្ដេញ?… ដោយសកម្មភាពនេះ គាត់បានបង្រៀនពួកអធិរាជមិនឱ្យប្រើអំណាចលើសពីការបម្រើដែលព្រះជាម្ចាស់បានប្រទានឱ្យពួកគេ ហើយគាត់ក៏បានបង្ហាញពួកបុព្វជិត (clergy) អំពីរបៀបប្រើប្រាស់អំណាចរបស់ពួកគេផងដែរ»។ អធិរាជដែលខ្មាស់អៀនបានត្រឡប់ទៅវិញ ប៉ុន្តែគាត់បានពិចារណាគម្រោងការសងសឹក។
នៅថ្ងៃបន្ទាប់ គាត់បានហៅ បាប៊ីឡាស មក ហើយបន្ទោសប្រកាន់លោក ដោយព្រមានលោកឱ្យគោរពបូជាដល់ពួកព្រះក្លែងក្លាយ ដែលប្រាកដណាស់ សត្តជននេះបានបដិសេធដោយមុតមាំ។ អធិរាជបន្ទាប់មកបានចង បាប៊ីឡាស ហើយបញ្ចូនលោកទៅក្នុងគុក។ អធិរាជក៏បានធ្វើទារុណកម្មដល់កុមារបីនាក់ផងដែរ៖ អ៊ឺបាន (Urban) អាយុ ១២ឆ្នាំ, ព្រីលីឌៀន (Prilidian) អាយុ ៩ឆ្នាំ, និង អុីប៉ូលីនុស (Hippolinus) អាយុ ៧ឆ្នាំ។ បាប៊ីឡាស គឺជាឪពុកខាងវិញ្ញាណ និងជាគ្រូរបស់ពួកគេ ហើយពួកគេ ដោយសារសេចក្តីស្រឡាញ់ចំពោះលោក មិនបានរត់គេចខ្លួនឡើយ។ ពួកគេជាបុត្រ របស់ គ្រីស្តូឌុឡា (Christodula) ដែលជាស្ត្រីគ្រីស្ទានដ៏គួរឲ្យគោរពដែលនាងផ្ទាល់ក៏បានរងទុក្ខដើម្បីព្រះគ្រីស្តដែរ។ អធិរាជបានបញ្ជាឱ្យគេវាយកុមារនិមួយៗចំនួនដងតាមអាយុរបស់គេ ហើយបន្ទាប់មកបញ្ចូលទៅក្នុងគុក។ ទីបំផុត គាត់បានឱ្យកាត់ក្បាលកុមារទាំងបីរូបដោយដាវ។ បាប៊ីឡាស ដែលជាប់ច្រវាក់ បានចូលរួមនៅក្នុងពិធីកាត់ក្បាលកុមារទាំងនោះ ហើយបានលើកទឹកចិត្តពួកគេ។ បន្ទាប់ពីនោះ លោកក៏បានដាក់ក្បាលដ៏គួរឱ្យគោរពរបស់លោកក្រោមដាវដែរ។ លោកត្រូវបានគ្រីស្ទានធ្វើពិធីបញ្ចុះសពក្នុងច្រវាក់របស់លោក នៅក្នុងផ្នូរតែមួយជាមួយនឹងកុមារដ៏អស្ចារ្យទាំងបីរូបនោះ តាមបំណងចុងក្រោយរបស់លោកមុនការក្លាយជាមរណសាក្សី។
ព្រលឹងដ៏វិសុទ្ធរបស់ពួកគេបានហោះទៅកាន់លំនៅឋានសួគ៌ ខណៈដែលសពដ៏វិសុទ្ធ (relics) ដែលមានអំណាចធ្វើបដិហារនៅតែមានជាប្រយោជន៍ដល់ពួកបរិស័ទដ៏ស្មោះត្រង់ ជាសាក្សីដ៏ជាប្រចាំនៃភាពក្លាហានរបស់ពួកគេក្នុងពួកជំនឿ។ ពួកគេបានរងទុក្ខនិងទទួលមរណភាពប្រហែលឆ្នាំ ២៥០។
