សត្តបុគ្គលនៃ ថ្ងៃទី6 ខែកញ្ញា

THE COMMEMORATION OF THE MIRACLES OF THE HOLY ARCHANGEL MICHAEL


នៅក្បែរទីក្រុងហៀរ៉ាប៉ូលីស (Hierapolis) ក្នុងស្រុកហ្វ្រីហ្ស៊ី (Phrygia) មានកន្លែងមួយឈ្មោះថា ខូណេ (Chonae – “ការធ្លាក់ចុះ”) ហើយនៅកន្លែងនោះមានប្រភពទឹកអស្ចារ្យមួយ។ នៅពេលដែលសាវ័ក យ៉ូហាន ទេវវិទូរ (John the Theologian) រួមដំណើរដោយភីលីព (Philip) ក្នុងការប្រកាសដំណឹងរីករាយនៅក្រុងហៀរ៉ាប៉ូលីស លោកបានទតមើលកន្លែងនោះ ហើយបានព្យាករថា នឹងមានប្រភពទឹកអស្ចារ្យបើកឡើងនៅទីនោះ ដែលមនុស្សជាច្រើននឹងទទួលបានការប្រោសប្រទាន ហើយអគ្គទេវទូតដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់ មីកាអែល នឹងមកទស្សនាកន្លែងនោះ។ យ៉ាងឆាប់ក្រោយមក ពាក្យព្យាករណ៍នេះក៏បានកើតឡើងពិត៖ ប្រភពទឹកមួយបានផ្ទុះឡើង ហើយក្លាយជាកន្លែងល្បីល្បាញដោយសារអានុភាពធ្វើរបដិហាររបស់វា។


មានសាសនិកអារក្សនិយមម្នាក់នៅក្រុងលាអូឌីសេ (Laodicea) មានកូនស្រីដែលគគ្មានសម្លេង ដែលធ្វើឱ្យគាត់ព្រួយបារម្ភយ៉ាងខ្លាំង។ អគ្គទេវទូត មីកាអែល បានបង្ហាញខ្លួនចំពោះគាត់ក្នុងសុបិន្ត ហើយបានប្រាប់គាត់ឱ្យនាំកូនស្រីទៅកាន់ប្រភពទឹកនោះ ដែលនាងនឹងត្រូវបានព្យាបាល។ បិតានោះបានប្រតិបត្តិតាមភ្លាម នាំកូនស្រីរបស់គាត់ទៅកាន់ប្រភពទឹក ហើយឃើញមានមនុស្សជាច្រើននៅទីនោះកំពុងសុំការសង្គ្រោះពីជម្ងឺផ្សេងៗ។ មនុស្សទាំងនេះសុទ្ធតែជាគ្រីស្ទាន។ បុរសនោះបានសួរថាតើគាត់គួរសុំការព្យាបាលយ៉ាងដូចម្តេច ហើយពួកគ្រីស្ទានបានប្រាប់គាត់ថា៖ “លោកត្រូវតែអធិស្ឋានទៅកាន់អគ្គទេវទូត មីកាអែល ដោយនៅក្នុងនាមព្រះវបិតា និងរាជបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។” បុរសនោះបានអធិស្ឋានតាមរបៀបនេះ ហើយផ្តល់ទឹកនេះឱ្យកូនស្រីរបស់គាត់ផឹក ហើយក្មេងស្រីនោះក៏ចាប់ផ្តើមនិយាយបាន។ សាសនិកអារក្សនិយមនោះ និងកូនស្រីរបស់គាត់ និងគ្រួសារទាំងមូលរបស់គាត់បានទទួលពិធីជ្រមុចទឹក (Baptized)។ គាត់ក៏បានសង់ព្រះវិហារមួយនៅលើប្រភពទឹកនោះ ឧទ្ទិសជូនអគ្គទេវទូត មីកាអែល។


ក្រោយមក យុវជនម្នាក់ឈ្មោះអាគីព (Archippus) បានមកតាំងទីលំនៅនៅទីនោះ និងរស់នៅក្នុងជីវិតដ៏អត់ធ្មត់ ការតមអាហារ និងការអធិស្ឋាន។ ពួកសាសនិកអារក្សនិយមបានធ្វើអំពើអាក្រក់ជាច្រើនចំពោះអាគីព ពីព្រោះពួកគេមិនចូលចិត្តការពិតដែលថាកន្លែងដ៏វិសុទ្ធរបស់គ្រីស្ទាននេះបញ្ចេញអានុភាពខាងឯព្រលឹងវិញ្ញាណ និងទាក់ទាញមនុស្សជាច្រើនមកកាន់វា។ ពួកអារក្សនិយម ដោយចិត្តអាក្រក់របស់ពួកគេ បានជីកបង្វែរទិសទន្លេដែលនៅជិតបំផុត ដើម្បីជន់លិចព្រះវិហារ និងប្រភពទឹកនោះ។ តាមរយៈការអធិស្ឋានរបស់អាគីព អគ្គទេវទូតដ៏វិសុទ្ធ មីកាអែល បានបើករន្ធបែកមួយនៅក្នុងថ្មក្បែរព្រះវិហារ ហើយទឹកទន្លេក៏ហូរធ្លាក់ចុះទៅក្នុងរន្ធនោះ។ នេះជារបៀបដែលកន្លែងនោះត្រូវបានសង្គ្រោះ ហើយនេះជាមូលហេតុដែលកន្លែងនោះត្រូវបានគេហៅថា ខូណេ (Chonae) ឬ “ការធ្លាក់ចុះ” ដោយសារតែទឹកទន្លេដែលធ្លាក់ចុះទៅក្នុងរន្ធបែកដែលបើកចំហនេាះ។ សត្ត អាគីព បានប្រឹងប្រែងក្នុងការបំពេញពលកម្មជាអ្នកបួសនៅទីនោះរហូតដល់អាយុ ៧០ ឆ្នាំ ហើយបានសោយទិវង្គតយ៉ាងស្ងប់ស្ងាត់ក្នុងព្រះអម្ចាស់។