សត្ត យ៉ូអាគីម និង អាណា (ជីដូនជីតា របស់ព្រះគ្រិស្ត)
SAINTS JOACHIM AND ANNA

សត្ត យ៉ូអាគីម (Joachim) គឺជាកូនចៅនៃវង្សត្រកូលយូដា (Judah) និងជាកូនចៅរបស់ស្តេចដាវីត (David)។ ចំណែកឯ អាណា (Anna) គឺជាកូនស្រីរបស់ម៉ាតាន (Matthan) ដែលជាបូជាចារ្យ ពីវង្សត្រកូលលេវី (Levi) ដូចអគ្គបូជាចារ្យ អារ៉ុន (Aaron) ដែរ។ ម៉ាតាន មានកូនស្រីបីនាក់គឺ៖ ម៉ារី (Mary) សូហ្វី (Sophia) និង អាណា (Anna)។ ម៉ារី(បងស្រីរបស់សត្តីអាណា) បានរៀបអាពាហ៍ពិពាហ៍ រស់នៅក្រុងបេត្លេហេម (Bethlehem) ហើយបានបង្កើតកូនស្រីឈ្មោះ សាឡូម៉េ (Salome)។ សូហ្វី ក៏បានរៀបអាពាហ៍ពិពាហ៍ ហើយក៏រស់នៅក្រុងបេត្លេហេមដែរ និងបានបង្កើតកូនស្រីឈ្មោះ អេលីសាបេត (Elizabeth) ដែលជាម្តាយរបស់សត្ត យ៉ូហាន អ្នកនាំមុខ (John the Forerunner)។ អាណា បានរៀបអាពាហ៍ពិពាហ៍ជាមួយ យ៉ូអាគីម នៅក្រុងណាសារ៉ែត (Nazareth) ហើយនៅវ័យចំណាស់ បានបង្កើតកូនស្រីឈ្មោះ ម៉ារី (Mary) ដែលជាទេអូតូកូស (Theotokos – មាតានៃព្រះជាម្ចាស់) ដ៏វិសុទ្ធបំផុត។
យ៉ូអាគីម និង អាណា បានរស់ជាមួយគ្នាក្នុងពិធីអាពាហ៍ពិពាហ៍អស់រយៈពេល ៥០ ឆ្នាំហើយ ក៏ពួកគេនៅតែមិនមានកូន។ ពួកគេរស់នៅដោយភាពខ្ជាប់ខ្ជួនជាមួយព្រះ និងដោយភាពស្ងប់ស្ងាត់។ ហើយនៃចំណូលទាំងអស់របស់ពួកគេ ពួកគេបានចំណាយមួយភាគបីសម្រាប់ខ្លួនឯង ចែកចាយមួយភាគបីទៅឱ្យជនក្រីក្រ និងផ្តល់មួយភាគបីទៀតដល់ព្រះវិហារ (Temple) ហើយពួកគេក៏មានជីវភាពគ្រប់គ្រាន់ដែរ។
នៅពេលមួយ ក្នុងវ័យចំណាស់របស់ពួកគេ ពួកគេបានមកកាន់ទីក្រុងយេរូសាឡិម (Jerusalem) ដើម្បីនាំយកយញ្ញបូជាទៅកាន់ព្រះជាម្ចាស់ មហាបូជាចារ្យអ៊ីសាខារ (Issachar) បានរិះគន់ យ៉ូអាគីម ដោយនិយាយថា៖ “អ្នកមិនគួរឱ្យគេទទួលយកអំណោយពីដៃអ្នកទេ ពីព្រោះអ្នកគ្មានកូន”។ មនុស្សដទៃទៀត ដែលមានកូន បានរុញច្រាន យ៉ូអាគីម ឱ្យទៅនៅពីក្រោយ ដោយមើលងាយថាពួកគាត់មិនមានតម្លៃ។ រឿងនេះបានធ្វើឱ្យដួងព្រលឹងចំណាស់ទាំងពីរនេះឈឺផ្សារយ៉ាខ្លាំង ហើយពួកគេបានត្រឡប់ទៅផ្ទះវិញដោយការឈឺចាប់យ៉ាងខ្លាំង។
បន្ទាប់មក ពួកគេទាំងពីរបានក្រាបលុតជង្គង់នៅចំពោះមុខព្រះជាម្ចាស់ក្នុងការអធិស្ឋាន ដោយសុំឱ្យទ្រង់បង្កើអភូត្តហេតុដល់ពួកគេ ដូចដែលទ្រង់បានធ្វើចំពោះ អាប្រាហាំ (Abraham) និង សារ៉ា (Sarah) កាលពីពេលមុន ហើយផ្តល់ឱ្យពួកគេនូវកូនមួយ ដើម្បីជាការលួងចិត្តនៅក្នុងវ័យចំណាស់របស់ពួកគេ។ ពេលនោះ ព្រះជាម្ចាស់បានបញ្ជូនទេវទូត របស់ទ្រង់មក ដែលបានប្រកាសដល់ពួកគេអំពីការកើតរបស់ “កូនស្រីដ៏មានពរបំផុត ដែលមនុស្សគ្រប់ជាតិសាសន៍លើផែនដីនឹងទទួលពរតាមរយៈនាង ហើយការសង្គ្រោះពិភពលោកនឹងមកដល់តាមរយៈនាង”។
អាណា ក៏បានមានផ្ទៃពោះភ្លាមៗ ហើយក្នុងរយៈពេល ៩ ខែ ក៏បានបង្កើតស្ត្រីព្រហ្មចារីដ៏វិសុទ្ធ ម៉ារី (Mary)។ សត្ត យ៉ូអាគីម បានរស់នៅអស់រយៈពេល ៨០ ឆ្នាំ ហើយ អាណា បានរស់នៅអស់រយៈពេល ៧៩ ឆ្នាំ ក្រោយមកពួកគេក៏បានសោយទិវង្គតចាកចេញពីលោកិយនេះទៅ។
