សត្តបុគ្គលនៃ ថ្ងៃទី16 ខែកញ្ញា

THE HOLY GREAT-MARTYR EUPHEMIA


សន្តី អេហ្វេមីយ៉ា (Euphemia) កើតនៅក្រុងកាលសេដន (Chalcedon)។ ឪពុករបស់នាងឈ្មោះ ភីឡូហ្វ្រូនុស (Philophronus) ជារដ្ធសភាមួយរូប (senator) និងម្តាយឈ្មោះ ថេអូដូរីសៀ (Theodorisia) ជាគ្រីស្ទបរិស័ទដ៏ស្មេាះស្មាក់។ អេហ្វេមីយ៉ា គឺជាកុមារីដ៏ស្រស់ស្អាតទាំងរាងកាយ ទាំងដួងព្រលឹង។ នៅពេលដែលអភិបាលខេត្ត ព្រីស្កុស (Priscus) រៀបចំពិធីជប់លៀង និងបាននាំយកយញ្ញបូជាទៅកាន់អទិទេពអារេស (Ares អទិទេពនៃសង្គ្រាម) នៅក្រុងកាលសេដន គ្រីស្ទបរិស័ទចំនួន ៤៩ នាក់បានគេចពីពិធីបូជាដ៏កខ្វក់នេះ ហើយបានលាក់ខ្លួន។ ទោះបីជាយ៉ាងណា ពួកគេត្រូវបានគេរកឃើញ ហើយនាំមកជួបព្រីស្កុស។ ក្នុងចំណោមពួកគេមាន សន្តី អេហ្វេមីយ៉ា ផងដែរ។

នៅពេលដែល ព្រីស្កុស ដ៏មានអំណួតសួរពួកគេថាហេតុអ្វីបានជាពួកគេប្រឆាំងនឹងព្រះរាជបញ្ជា ពួកគេបានឆ្លើយថា៖ “ទាំងព្រះរាជបញ្ជារបស់ព្រះចៅអធិរាជ និងរបស់អ្នក គួរតែត្រូវបានប្រតិបត្តិតាម ប្រសិនបើពួកគេមិនផ្ទុយនឹងព្រះជាម្ចាស់នៃស្ថានសួគ៌នោះ; ប៉ុន្តែប្រសិនបើពួកគេផ្ទុយនឹងព្រះជាម្ចាស់ ពួកគេគួរតែមិនត្រឹមតែមិនត្រូវបានប្រតិបត្តិតាមប៉ុណ្ណោះទេ ថែមទាំងត្រូវតែថ្កោលទោសផងដែរ”។ អស់រយៈពេល ១៩ ថ្ងៃជាបន្តបន្ទាប់ ព្រីស្កុស បានដាក់ទណ្ឌកម្មផ្សេងៗលើពួកគេ។ នៅថ្ងៃទី ២០ គាត់បានញែក អេហ្វេមីយ៉ា ចេញដោយឡែកពីអ្នកដទៃ ហើយចាប់ផ្តើមសរសើរញ៉ែញ៉ងនាងអំពីសំរស់ដ៏ស្រស់ស្អាតរបស់នាង ដើម្បីទាក់ទាញនាងឱ្យ គោរពព្រះក្លែងក្លាយ។ ដោយសារតែការញ៉ែញ៉ងរបស់គាត់មិនបានសម្រេច គាត់បានបញ្ជាឱ្យធ្វើទារុណកម្មលើស្ត្រីព្រហ្មចារីនោះម្តងទៀត។

ដំបូងពួកគេបានធ្វើទារុណកម្មនាងលើកង់បង្វិល (wheel) ប៉ុន្តែទេវទូត (angel) របស់ព្រះជាម្ចាស់បានបង្ហាញខ្លួនចេញមកចំពោះ អេហ្វេមីយ៉ា ហើយបានបំបាក់កង់នោះ។ បន្ទាប់មកពួកគេបានចោលនាងទៅក្នុងឡដ៏ក្តៅខ្លាំង (fiery furnace) ប៉ុន្តែនាងត្រូវបានព្រះជាម្ចាស់ជួយការពារឱ្យរួចផុត។ បន្ទាប់ពីបានឃើញរឿងនេះ ទាហានពីរនាក់ឈ្មោះ វិកទ័រ (Victor) និង សូស្តេនេស (Sosthenes) បានជឿលើព្រះគ្រីស្ត ដែលពួកគេត្រូវបានគេចោលទៅឱ្យសត្វពាហនៈ (wild beasts) ហើយពួកគេក៏បានបញ្ជប់នូវជីវិតក្នុងលោកិយដោយរុងរឿង។

បន្ទាប់មក អេហ្វេមីយ៉ា ត្រូវបានគេចោលទៅក្នុងរណ្ដៅដ៏ជ្រៅដែលពោរពេញទៅដោយទឹក និងសត្វល្អិតមានជាតិពុលគ្រប់ប្រភេទ; ប៉ុន្តែនាងបានធ្វើសញ្ញាឈើឆ្កាង (sign of the Cross) នៅលើទឹក ហើយនៅតែមិនបានរងគ្រោះថ្នាក់។ ទីបំផុត នាងត្រូវបានគេចោលទៅឱ្យសត្វពាហនៈ ហើយដោយការអធិស្ឋានថ្លែងអំណរគុណចំពោះព្រះជាម្ចាស់ នាងក៏បានបញ្ជប់ដង្ហើមចុងក្រោយ។ ឪពុកម្តាយរបស់នាងបានធ្វើពិធីបុណ្យសពយ៉ាងឱឡារិកដល់រាងកាយរបស់នាង។ អេហ្វេមីយ៉ា បានទទួលការរងទុក ក្នុងឆ្នាំ ៣០៤ នៃគ្រិស្តសករាជ ហើយបានចូលទៅក្នុងអំណរដ៏និរន្ត។ នាងក៏ត្រូវបានរំលឹកនៅក្នុងថ្ងៃទី ១១ ខែកក្កដាផងដែរ។