សត្តបុគ្គលនៃ ថ្ងៃទី18 ខែកញ្ញា

SAINT EUMENIUS, BISHOP OF GORTYNA ON CRETE


ចាប់ពីវ័យជំទង់មក អេមេនីអុស (Eumenius) បានដើរតាមព្រះគ្រីស្តដោយទាំងចិត្តទាំងដួងព្រលឹង ដោយរំដោះខ្លួនចេញពីបន្ទុកធ្ងន់ពីរគឺ៖ បន្ទុកនៃទ្រព្យសម្បត្តិ និងបន្ទុកនៃសាច់ឈាម។ លោកបានរំដោះខ្លួនពីបន្ទុកទីមួយដោយការចែកចាយទ្រព្យសម្បត្តិទាំងអស់របស់លោកដល់ជនក្រីក្រ និងអ្នកក្រខ្សត់ ហើយបន្ទុកទីពីរដោយការតមអាហារដ៏តឹងរ៉ឹង។ តាមរយៈវិធីនេះ លោកបានព្យាបាលខ្លួនឯងមុន បន្ទាប់មកទើបចាប់ផ្តើមព្យាបាលអ្នកដទៃ។


ដោយមិនមានចំណង់តណ្ហា (Passionless) និងពោរពេញដោយព្រះគុណនៃព្រះវិញ្ញាណដ៏វិសុទ្ធ (Holy Spirit) អេមេនីអុស បានភាយពន្លឺដែលមិនអាចលាក់បាំងបាន។ ដូចដែលព្រះគម្ពីរបានសរសេរថា៖ «ក្រុងដែលស្ថិតនៅលើភ្នំមួយ មិនអាចលាក់បាំងបានទេ» (ម៉ាថាយ ៥:១៤) សន្ត អេមេនីអុស ក៏មិនអាចលាក់ខ្លួនពីពិភពលោកបានដែរ។ ការឃើញសេចក្ដីល្អរបស់លោក ប្រជាជនបានជ្រើសរើសលោកជាប៊ីស្សប (Bishop) នៃទីក្រុង ហ្គោរទីណា (Gortyna) ហើយលោកបានគ្រប់គ្រងហ្វូងចៀមរបស់ព្រះគ្រីស្តដូចជាអ្នកគង្វាលដ៏ល្អម្នាក់។


លោកគឺជាឪពុករបស់ជនក្រីក្រ ជាទ្រព្យសម្បត្តិរបស់អ្នកក្រខ្សត់ ជាអ្នកណែនាំរបស់អ្នកដែលកំពុងមានទុក្ខព្រួយ ជាគ្រូពេទ្យរបស់អ្នកមានជម្ងឺ និងជាអ្នកបង្កើតអព្ភូតហេតុអស្ចារ្យដ៏អស្ចារ្យម្នាក់។ តាមរយៈការអធិស្ឋានរបស់លោក លោកបានបង្កើតអព្ភូតហេុតអស្ចារ្យជាច្រើន៖ លោកបានគ្រប់គ្រងសត្វពស់ មានពិស បានបណេ្ដញវិញ្ញាណអារក្ស និងព្យាបាលអ្នកជម្ងឺជាច្រើន  ហើយលោកបានធ្វើរឿងនេះមិនត្រឹមតែនៅក្នុងទីក្រុងរបស់លោកប៉ុណ្ណោះទេ ថែមទាំងនៅក្នុងទីក្រុងរ៉ូម (Rome) និងក្នុងតំបន់ថេបៃ (Thebaid) ផងដែរ។

ក្នុងអំឡុងគ្រេាះរាំងស្ងួតនៅថេបៃ លោកបានសុំទឹកភ្លៀងពីព្រះជាម្ចាស់ដោយការអធិស្ឋាន។ នៅទីនោះឯង នៅក្នុងតំបន់ថេបៃ ជីវិតលោកិយរបស់លោកក៏ដល់ទីបញ្ចប់ ហើយលោកក៏បានយាងទៅកាន់លំនៅដ្ឋានដ៏និរន្តរបស់ព្រះអម្ចាស់របស់លោក។ លោកបានរស់នៅ និងបម្រើព្រះជាម្ចាស់ក្នុងសតវត្សរ៍ទី ៧។