សត្តបុគ្គលនៃ ថ្ងៃទី20 ខែកញ្ញា

THE HOLY GREAT-MARTYR EUSTATHIUS (PLACIDAS)


អេហ្វស្តាទីយ៉ូស (Eustathius) គឺជាមេបញ្ជាការរ៉ូមដ៏ធំម្នាក់ក្នុងរាជ្យរបស់អធិរាជទីតុស (Titus) និងត្រាយ៉ាន់ (Trajan)។ ទោះបីជាគាត់ជាអ្នកកាន់សាសនាអារក្សនិយមក៏ដោយ ផ្លាគីដាស (Placidas) (ដែលជាឈ្មោះ ពីកំណើតរបស់គាត់) គឺជាមនុស្សដ៏ត្រឹមត្រូវ និងមានមេត្តាករុណា ដូចជា កូរនីលីយ៉ុស (Cornelius) ដែលជានាយ​ទាហាន​រ៉ូម៉ាំង (Centurion) ដែលត្រូវបានគ្រីស្តទូតពេត្រុស (Peter)ធ្វើពិធីជ្រមុជទឹកអោយ (កិច្ចការ ១០)។


នៅថ្ងៃមួយ ក្នុងអំឡុងពេលបរបាញ់ គាត់បានដេញតាម សត្វក្ដាន់មួយ។ ដោយការប្រទានមករបស់ព្រះជាម្ចាស់ ឈើឆ្កាងមួយបានបង្ហាញខ្លួនចេញនៅចន្លោះស្នែងរបស់ សត្វក្ដាន់ ហើយសម្លេងរបស់ព្រះអម្ចាស់បានមកដល់ផ្លាគីដាស ដោយបង្គាប់ឱ្យគាត់ទៅរកបូជាចារ្យគ្រីស្ទាន និងធ្វើពិធីជ្រមុជទឹក។ ផ្លាគីដាស បានធ្វើពិធីជ្រមុជទឹកជាមួយនឹងភរិយា និងកូនប្រុសពីរនាក់របស់គាត់។ នៅពេលធ្វើពិធីជ្រមុជទឹក គាត់បានទទួលឈ្មោះថា អេហ្វស្តាទីយ៉ូស (Eustathius); ភរិយារបស់គាត់ ទេអូពីស្តេ (Theopiste) (“ស្មោះត្រង់នឹងព្រះជាម្ចាស់”); ហើយកូនប្រុសរបស់គាត់ អាហ្គាពីទុស (Agapitus) និង ទេអូពីស្តុស (Theopistus)។


បន្ទាប់ពីធ្វើពិធីជ្រមុជទឹកហើយ គាត់បានត្រឡប់ទៅកន្លែងដែលគាត់បានទទួលនិមិត្តនៃការបង្ហាញរបស់សត្វក្ដាន់វិញ ហើយក្រាបលុតជង្គង់ ថ្លែងអំណរគុណដល់ព្រះជាម្ចាស់ដែលបាននាំគាត់មកដល់សេចក្ដីពិត។ ភ្លាមនោះ សម្លេងរបស់ព្រះអម្ចាស់បានបើកបង្ហាញមកគាត់ម្តងទៀត ហើយបានព្យាករណ៍ថាគាត់នឹងទទួលទារុណដើម្បីព្រះនាមរបស់ទ្រង់  ហើយបានពង្រឹងកម្លាំងដល់គាត់។


បន្ទាប់មក អេហ្វស្តាទីយ៉ូស បានចាកចេញពីទីក្រុងរ៉ូម (Rome) ជាមួយក្រុមគ្រួសាររបស់គាត់ដោយសម្ងាត់ ដោយមានបំណងលាក់ខ្លួនក្នុងចំណោមមនុស្សសាមញ្ញ និងបម្រើព្រះជាម្ចាស់ក្នុងការបន្ទាបខ្លួន និងមិនមានអ្នកស្គាល់។ នៅពេលមកដល់ប្រទេសអេហ្ស៊ីប (Egypt) គាត់ត្រូវបានវាយប្រហារភ្លាមៗដោយការល្បង។ ពួកចោរព្រៃ (barbarian) ដ៏អាក្រក់បានចាប់យកភរិយារបស់គាត់ ហើយកូនប្រុសទាំងពីរនាក់របស់គាត់ត្រូវបានសត្វសាហាវ (wild beasts) ចាប់យកទៅ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកចោរព្រៃនោះបានបាត់បង់ជីវិតភ្លាមៗ ហើយកូនៗត្រូវបានគេជួយសង្គ្រោះពីសត្វសាហាវដោយពួកអ្នកគង្វាលចៀម។


អេហ្វស្តាទីយ៉ូស បានតាំងទីលំនៅ នៅក្នុងភូមិវ៉ាឌីស៊ីស (Vadisis) នៃប្រទេសអេហ្ស៊ីប ហើយបានរស់នៅទីនោះអស់រយៈពេល ១៥ ឆ្នាំជាកម្មករសុីឈ្នួល។ បន្ទាប់មក ពួកចោរព្រៃបានវាយប្រហារចក្រភពរ៉ូម ហើយអធិរាជត្រាយ៉ាន់ (Trajan) បានក្រៀមក្រំដែលគាត់មិនមានមេបញ្ជាការដ៏ក្លាហាន ផ្លាគីដាស ដែលតែងតែទទួលជ័យជម្នះនៅពេលគាត់ធ្វើសង្គ្រាម។ អធិរាជបានបញ្ជូនមេបញ្ជាការពីរនាក់របស់ទ្រង់ដើម្បីស្វែងរកមេបញ្ជាការដ៏អស្ចារ្យនេះនៅទូទាំងចក្រភព។ ដោយការផ្ដល់ឲ្យរបស់ព្រះជាម្ចាស់ មេបញ្ជាការទាំងនេះ (ដែលធ្លាប់ជាមិត្តរបស់ អេហ្វស្តាទីយ៉ូស) បានមកដល់ភូមិវ៉ាឌីស៊ីស ហើយរកឃើញ អេហ្វស្តាទីយ៉ូស ហើយនាំគាត់ត្រឡប់មកជួបអធិរាជវិញ។ អេហ្វស្តាទីយ៉ូស បានប្រមូលផ្តុំកងទ័ព ហើយវាយផ្ដួលពួកចោរព្រៃ។ តាមផ្លូវត្រឡប់មកទីក្រុងរ៉ូម អេហ្វស្តាទីយ៉ូស បានជួបភរិយា និងកូនប្រុសទាំងពីរនាក់របស់គាត់វិញ។

ក្នុងពេលនោះ អធិរាជត្រាយ៉ាន់ បានសោយទិវង្គត ហើយអធិរាជអាឌ្រីយ៉ាន (Hadrian) ឡើងគ្រងរាជ្យ។ នៅពេលដែលអាឌ្រីយ៉ាន បានហៅមេបញ្ជាការ អេហ្វស្តាទីយ៉ូស មកដើម្បីថ្វាយយញ្ញបូជាដល់ព្រះក្លែងក្លាយ អេហ្វស្តាទីយ៉ូស បានបដិសេធ ដោយប្រកាសខ្លួនថាជាគ្រីស្ទបរិស័ទ។ អធិរាជបានដាក់ទណ្ឌកម្មលើគាត់ និងភរិយា និងកូនប្រុសរបស់គាត់។ ពួកគេត្រូវបានគេចោលទៅឱ្យសត្វពាហនៈ ប៉ុន្តែវាមិនបានធ្វើឱ្យពួកគេរងគ្រោះថ្នាក់ឡើយ។ បន្ទាប់មកពួកគេត្រូវបានគេចោលទៅក្នុឡភ្លើងគោដែក ដែលក្តៅខ្លាំង(red-hot metal ox)។ នៅថ្ងៃទីបី រាងកាយដែលគ្មានជីវិតរបស់ពួកគេត្រូវបានគេដកយកចេញ ប៉ុន្តែពួកគេមិនត្រូវបានភ្លើងប៉ះពាល់ឡើយ។

ដូច្នេះ មេបញ្ជាការដ៏រុងរឿងនេះ បានថ្វាយដល់អធិរាជ (Caesar) នូវអ្វីដែលជារបស់អធិរាជ ហើយថ្វាយដល់ព្រះជាម្ចាស់នូវអ្វីដែលជារបស់ព្រះជាម្ចាស់ (លូកា ២០:២៥) ហើយបានយាងទៅកាន់លំនៅដ្ឋាននៅក្នុងព្រះរាជដ៏និរន្ត របស់ព្រះគ្រីស្ត ព្រះជាម្ចាស់នៃយើង។