សត្តបុគ្គលនៃ ថ្ងៃទី24 ខែកញ្ញា

THE HOLY FEMALE PROTOMARTYR THECLA, EQUAL TO THE APOSTLES


សត្តី ថេកឡា (Thecla) កើតនៅក្រុងអ៊ីកូនីយ៉ូម (Iconium) ក្នុងគ្រួសារដ៏ឆ្នើម ប៉ុន្តែកាន់សាសនអារក្សនិយម។ កាលជាស្រ្តីព្រហ្មចារីអាយុ ១៨ ឆ្នាំ នាងត្រូវបានគេរៀបចំរៀបអាពាហ៍ពិពាហ៍ជាមួយយុវជនម្នាក់ នៅពេលដែលគ្រីស្ទទូតប៉ូល (Paul) មកដល់អ៊ីកូនីយ៉ូមជាមួយនឹងបាណាបាស (Barnabas) ដើម្បីផ្សព្វផ្សាយដំណឹងល្អ។ បន្ទាប់ពីស្តាប់ការអធិប្បាយរបស់ប៉ូលអស់រយៈពេលបីថ្ងៃបីយប់ ថេកឡា បានមកកាន់គ្រីស្តសាសនា ហើយសច្ចារ្យថានឹងរស់នៅក្នុងភាពព្រហ្មចារី។


ម្តាយរបស់នាង ដែលឃើញថាឥឡូវនាងមិនយកចិត្តទុកដាក់លើគូដណ្តឹង ហើយលែងគិតពីការរៀបអាពាហ៍ពិពាហ៍ទៀតហើយ បានព្យាយាមហាមប្រាមនាង បន្ទាប់មកក៏វាយនាង និងធ្វើទារុណកម្មនាងដោយការបង្អត់អាហារ។ ទីបំផុត ម្តាយដ៏អាក្រក់នេះបានប្រគល់ ថេកឡា ឱ្យចៅក្រម ហើយទាមទារឱ្យគេដុត ថេកឡា។ ចៅក្រមបានចោលនាងទៅក្នុងអណ្តាតភ្លើង ប៉ុន្តែព្រះជាម្ចាស់បានជួយរក្សានាងឱ្យមិនរងគ្រោះ។


បន្ទាប់មក ថេកឡា បានតាមគ្រីស្ទទូតប៉ូល ហើយធ្វើដំណើរទៅក្រុងអង់ទីយ៉ុក (Antioch) ជាមួយគាត់។ ដោយទាក់ទាញដោយភាពស្រស់ស្អាតខាងក្រៅរបស់ ថេកឡា ពេាះម៉ាយចំណាស់ម្នាក់នៅក្រុងនោះចង់បាននាងមកធ្វើជាប្រពន្ធដោយបង្ខំ ប៉ុន្តែ ថេកឡា បានគេចផុតពីការចាប់ចំរិតរបស់គេ។ ពេាះម៉ាយចំណាស់ដែលកាន់សាសនាអារក្សនិយមបានប្ដឹងពីនាងទៅកាន់អេបាក (eparch) ថាជាគ្រីស្ទបរិស័ទដែលមើលងាយការរៀបអាពាហ៍ពិពាហ៍។ អេបាកបានកាត់ទោសនាងឱ្យទទួលមរណភាព ហើយបានចោលនាងទៅឱ្យសត្វសាហាវ (wild beasts) ប៉ុន្តែសត្វសាហាវមិនបានប៉ះពាល់រាងកាយរបស់ស្រ្តីព្រហ្មចារីដ៏វិសុទ្ធនេះឡើយ។


ដោយភ្ញាក់ផ្អើលចំពោះរឿងនេះ អេបាកបានសួរនាងថា៖ «អ្នកជានរណា? ហើយអានុភាពបែបណាមួយនៅក្នុងអ្នក ដែលធ្វើឱ្យគ្មានអ្វីអាចធ្វើឱ្យអ្នករងគ្រោះបាន?»។ ថេកឡា បានឆ្លើយថា៖ «ខ្ញុំជាអ្នកបម្រើព្រះជាម្ចាស់ដ៏មានព្រះជន្មរស»។ អេបាកក៏បានដេាះលែងនាង ហើយនាងក៏ចាកចេញទៅផ្សព្វផ្សាយដំណឹងល្អ។ នាងបានជោគជ័យក្នុងការបំលាស់ប្តូរមនុស្សជាច្រើនឱ្យមកកាន់ជំនឿពិតប្រាកដ ក្នុងចំណោមនោះមាន ទ្រីហ្វេណា (Tryphena) ដែលជាមេម៉ាយដ៏ឆ្នើម និងគួរឱ្យគោរពម្នាក់។


បន្ទាប់មក បន្ទាប់ពីទទួលការអនុញ្ញាតពីគ្រីស្ទទូតប៉ូល ថេកឡា បានដកខ្លួនទៅកន្លែងស្ងាត់មួយនៅក្បែរសេលូស៊ី (Seleucia)។ នៅទីនោះ នាងបានរស់នៅជីវិតជាអ្នកបួស (asceticism) អស់រយៈពេលយូរ ហើយដោយការព្យាបាលអ្នកជម្ងឺដោយអានុភាពបង្កើតអព្ភូតហេតុអស្ចារ្យ (wonderworking power) នាងបានបំលាស់ប្តូរមនុស្សជាច្រើនឱ្យមកកាន់គ្រីស្តសាសនា។


ពេទ្យ និងពួកហោរា (soothsayers) នៅសេលូស៊ី ច្រណែននឹងនាង ហើយបានបញ្ជូនយុវជនមួយក្រុមឲ្យមកបំពាននាង ដោយសង្ឃឹមថាការបាត់បង់ភាពព្រហ្មចារីរបស់នាងក៏នឹងមានន័យថាបាត់បង់អានុភាពអស្ចារ្យរបស់នាងផងដែរ។ ថេកឡា បានរត់គេចពីយុវជនដ៏មានអំណួតទាំងនេះ ប៉ុន្តែនៅពេលដែលពួកគេជិតចាប់នាងបាន នាងបានសូមអធិស្ថានសុំពីព្រះជាម្ចាស់ឱ្យជួយ។ ថ្មដ៏ធំមួយបានបើកចំហ ហើយលាក់ស្រ្តីព្រហ្មចារី និងជាកូនក្រមុំដ៏វិសុទ្ធរបស់ព្រះគ្រីស្តនេះ។ ថ្មនេះគឺជាជម្រក និងជាផ្នូររបស់នាង។

សន្ត យ៉ូហាន គ្រីសូស្តូម (John Chrysostom) បាននិយាយអំពីវីរនារី និងសត្តីគ្រីស្ទានដ៏អស្ចារ្យនេះថា៖ «វាហាក់ដូចជាខ្ញុំឃើញស្រ្តីព្រហ្មចារីដ៏មានពរនេះ ដែលនៅក្នុងដៃមួយនាងថ្វាយភាពព្រហ្មចារីដល់ព្រះគ្រីស្ត ហើយនៅក្នុងដៃមួយទៀត នាងថ្វាយការទទួលមរណភាពជាមរណសាក្សី»។