សន្ត មរណសាក្សី កាលីស្រ្តាតូស
THE HOLY MARTYR CALLISTRATUS

កាលីស្រ្តាតូស កើតនៅក្រុងការតាច (Carthage)។ លោកជាគ្រីស្ទបរិស័ទតាំងពីកំណើត ពីព្រោះឪពុក និងជីតារបស់លោកជាគ្រីស្ទបរិស័ទ។ ដូនតារបស់កាលីស្រ្តាតូសម្នាក់ឈ្មោះ ណេអូកូរូស (Neochorus) ធ្លាប់ជាទាហាននៅក្រុងយេរូសាឡិម (Jerusalem) ក្រោមរបប របស់ទេសាភិបាល លោក ប៉ុនទី ពីឡាត (Pontius Pilate) ក្នុងអំឡុងពេលព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះយេស៊ូគ្រីស្តត្រូវគេឆ្កាង។ ដោយបានឃើញ ឣព្ភូតហេតុអស្ចារ្យជាច្រើននៅពេលព្រះគ្រីស្តសោយទិវង្គត ណេអូកូរូស បានជឿលើទ្រង់ ហើយត្រូវបានបង្រៀនអំពីជំនឿ និងធ្វើពិធីជ្រមុជទឹកឲ្យដោយសាវ័កម្នាក់។ នៅពេលត្រឡប់មកផ្ទះនៅក្រុងការតាចវិញ ណេអូកូរូស បាននាំយកជំនឿគ្រីស្របស់គាត់មកជាមួយដូចជាគ្រឿងអលង្ការដ៏មានតម្លៃមួយ។ ហេតុនេះហើយបានជាក្រោយមក កាលីស្រ្តាតូស ត្រូវបានកើត ធ្វើពិធីជ្រមុជទឹក និងចម្រើនធំឡើងជាគ្រីស្ទបរិស័ទ។
នៅពេលលោកចូលរួមក្នុងកងទ័ព មិនមានគ្រីស្ទបរិស័ទផ្សេងទៀតនៅក្នុងកងពល របស់លោកក្រៅពីលោកឡើយ។ មិត្តរួមការងារម្នាក់របស់លោក បានឃើញពីរបៀបដែលសន្ត កាលីស្រ្តាតូស ក្រោកឡើងនៅពេលយប់ និងអធិស្ឋានដល់ព្រះជាម្ចាស់ បានរាយការណ៍លោកថាជាគ្រីស្ទបរិស័ទទៅកាន់មេបញ្ជាការ ពែរសេនទីនីអាន (Persentinian)។ ពែរសេនទីនីអាន ជាអ្នកធ្វើទារុណកម្មគ្រីស្ទបរិស័ទដ៏ឃោរឃៅម្នាក់។ ដើម្បីបញ្ជាក់ថាកាលីស្រ្តាតូស ពិតជាគ្រីស្ទបរិស័ទ មេបញ្ជាការនេះបានបញ្ជាឱ្យលោកថ្វាយយញ្ញបូជាដល់ព្រះក្លែងក្លាយ ដែលកាលីស្រ្តាតូស បានបដិសេធភ្លាមៗ។ លោកត្រូវបានគេវាយដំយ៉ាងឃោរឃៅ ហើយចោលទៅក្នុងសមុទ្រ។ ទោះបីជាយ៉ាងណា អានុភាពរបស់ព្រះជាម្ចាស់បានជួយសង្គ្រោះលោក ហើយលោកបានចេញពីសមុទ្រដោយមានសុខភាពល្អ។
ដោយបានឃើញការអត់ធ្មត់ និងឣព្ភូតហេុតអស្ចារ្យរបស់កាលីស្រ្តាតូស ទាហានចំនួន ៤៩ នាក់ទៀតបានជឿលើព្រះគ្រីស្ទាន។ ពួកគេត្រូវបានគេវាយដំ ហើយចោលទៅក្នុងគុកជាមួយកាលីស្រ្តាតូស។ នៅក្នុងគុក កាលីស្រ្តាតូស បានបង្រៀនមិត្តរួមគុករបស់លោកអំពីជំនឿ និងពង្រឹងពួកគេ។ ពួកគេបានបង្ហាញភាពក្លាហានយ៉ាងខ្លាំងក្នុងការទទួលទារុណកម្ម ហើយព្រះអម្ចាស់បានបង្ហាញអានុភាពដ៏អស្ចារ្យតាមរយៈពួកគេ។
បន្ទាប់មក អ្នកធ្វើទារុណកម្មដ៏អាក្រក់បានបញ្ជូនទាហានទៅកាន់គុកនៅពេលយប់ ហើយពួកគេបានសម្លាប់សន្ត កាលីស្រ្តាតូស និងមិត្តរួម ៤៩ នាក់របស់លោក។ ពួកគេបានទទួលការទារុណកម្មដើម្បីសេចក្ដីពិតក្នុងឆ្នាំ ៣០៤ នៃគ្រិស្តសករាជ។ ព្រះវិហារ (church) មួយត្រូវបានសង់ឡើងនៅលើរាងកាយដ៏វិសុទ្ធ (relics) របស់ពួកគេនាពេលក្រោយមក។
