សន្ត ខារីតុន សាក្សីនៃជំនឿ
(THE VENERABLE CHARITON THE CONFESSOR)

សន្ត ខារីតុន (Chariton) គឺជាប្រជាជនដ៏ឆ្នើម និងមានជំនឿមាំមួននៃទីក្រុងអ៊ីកូនីញ៉ុម (Iconium)។ ពេញដោយសេចក្តីស្ងើចសរសើរទៅលើ ស្មារតីនៃជនរួមជាតិម្នាក់របស់គាត់គឺ សន្ត ថេកឡា (Thecla) ខារីតុន បានប្រកាសឈ្មោះព្រះគ្រីស្តយ៉ាងបើកចំហ។ នៅពេលដែលការបៀតបៀនគ្រីស្ទបរិស័ទដ៏ខ្លាំង បានចាប់ផ្តើមក្នុងរាជ្យរបស់អធិរាជអូរេលីអាន (Aurelian) ខារីតុន ត្រូវបាននាំមកកាត់ក្តីភ្លាមៗចំពោះមុខអេបាក (eparch ចៅហ្វាយខេត្ត)។
ចៅក្រមបានបញ្ជាឱ្យលោកគោរពព្រះក្លែងក្លាយ ប៉ុន្តែខារីតុន បានឆ្លើយថា៖ «ព្រះក្លែងក្លាយទាំងអស់របស់អ្នកគឺជាពួកឣារក្ស (demons) ហើយត្រូវបានគេដេញចេញពីស្ថានសួគ៌ទៅកាន់នរកដ៏ជ្រៅបំផុត»។ ខារីតុន បានប្រកាសជំនឿរបស់លោកយ៉ាងច្បាស់លាស់ក្នុងព្រះជាម្ចាស់មួយព្រះអង្គដ៏មានព្រះជន្ម ជាអ្នកបង្កើតអ្វីៗទាំងអស់ និងព្រះអម្ចាស់យេស៊ូ ជាព្រះអង្គសង្គ្រោះមនុស្សជាតិ។
អេបាកបានបញ្ជាឱ្យគេធ្វើទារុណកម្មលោក និងវាយដំលោក រហូតដល់រាងកាយរបស់លោកទាំងមូលដូចជាដំបៅដ៏ធំមួយ។ នៅពេលដែលអំពើអាក្រក់របស់អូរេលីអានត្រូវបានដាក់ទណ្ឌកម្ម ហើយគាត់បានស្លាប់ដោយមរណភាពដ៏អាក្រក់ ខារីតុន ត្រូវបានដោះលែងពីទារុណកម្ម និងគុក។ លោកបានធ្វើដំណើរទៅក្រុងយេរូសាឡិម (Jerusalem)។ នៅលើផ្លូវ លោកត្រូវបានពួកចោរចាប់ខ្លួន ប៉ុន្តែបានគេចផុតពីពួកគេដោយឣាទិភាពរបស់ព្រះជាម្ចាស់។
ខារីតុន ដែលមិនចង់ត្រឡប់ទៅក្រុងអ៊ីកូនីញ៉ុមទៀត បានដកខ្លួនទៅកាន់ទីរហោឋានផារ៉ាន (Pharan) ដែលនៅទីនោះលោកបានបង្កើតសង្ឃស្ថាន (monastery) មួយ និងប្រមូលពួកសង្ឃ (monks)។ លោកបានបង្កើតច្បាប់សម្រាប់សង្ឃស្ថាន ហើយបន្ទាប់មក ដើម្បីគេចពីការលើកតម្កើងរបស់មនុស្ស លោកបានដកខ្លួនទៅកាន់ទីរហោឋានមួយទៀតនៅក្បែរយេរីខូ (Jericho)។ នៅទីនោះ លោកបានបង្កើតសង្ឃស្ថានមួយទៀតដែលគេហៅថា សង្ឃស្ថានខារីតុន (Monastery of Chariton)។
ទីបំផុត លោកបានបង្កើតសង្ឃស្ថានទីបីឈ្មោះ សូកា (Souka) ដែលពួកក្រិកហៅថា ឡាវរ៉ាចាស់ (Old Lavra)។ ខារីតុន បានសោយទិវង្គតក្នុងវ័យចំណាស់ខ្លាំង ហើយបានទៅគង់នៅក្នុងសិរីរុងរឿងរបស់ព្រះអម្ចាស់របស់លោកនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ៣៥០ នៃគ្រិស្តសករាជ។ រាងកាយដ៏វិសុទ្ធ (relics) របស់លោកស្ថិតនៅក្នុងសង្ឃស្ថានដំបូងរបស់លោក។ ការរៀបចំពិធីបំបួសជាសង្ឃ (monastic tonsure) ត្រូវបានគេចាត់ទុកថា វាត្រូវបាន បង្កើតឡើងដោយសន្ត ខារីតុន។
